ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានបញ្ជូនក្រុមជនសង្ស័យខ្មែរនិងយួនចំនួន៨នាក់ ដែលលួចជីកកំណប់ក្រោមរូបសំណាកតោថ្ម ស្ពានថ្មចាស់ ខាងមុខសាលាខេត្ត ទៅកាន់សាលាដំបូង កាលពីព្រឹកថ្ងៃទី២៣ មិថុនា ២០១៣ ដើម្បីប្រគល់ឲ្យតំណាងអយ្យការធ្វើការសន្និដ្ឋាន និងចោទប្រកាន់ ។ ក្រុមលួចជីកកំណប់ទាំង៨នាក់ ក្នុងចំណោម១០នាក់ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនជាបន្តបន្ទាប់នោះមាន ១-ឈ្មោះ លឹម ហុកណៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ និងជាម្ចាស់រថយន្ត ២-ឈ្មោះ មាស សុភាព ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ ៣-ឈ្មោះ កៅ ស៊ុនណាម ភេទប្រុស អាយុ៣៣ឆ្នាំ ៤-ឈ្មោះ វឿង វ៉ុកហយ ភេទប្រុស អាយុ៥៧ឆ្នាំ ៥-ឈ្មោះង្វៀង ចិនហុង ភេទប្រុស អាយុ២២ឆ្នាំ ៦-ឈ្មោះ ង្វៀង វ៉ាន់ឡេង ភេទប្រុស អាយុ២៤ឆ្នាំ ៧-ឈ្មោះទ្រឹង វ៉ាន់ធី ភេទប្រុស អាយុ៣៧ឆ្នាំ និង៨-ឈ្មោះ ង្វៀង ធីដាន ភេទស្រី អាយុ៤០ ឆ្នាំ ។
ទាំង៦នាក់ក្រោយនេះជាជនជាតិវៀតណាម ឯជនជាតិវៀតណាម២នាក់ទៀត បានរត់រួច ។ ក្រុមនេះជិះរថយន្តម៉ាកអុីស៊ុយហ្សុ៊យ សេ៊រី២០១២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2V-2238 និងត្រូវកម្លាំងព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្ត ដេញស្ទាក់ចាប់ខ្លួនបានជាបន្តបន្ទាប់គ្រាដែលកំពុងធ្វើសកម្មភាពនៅវេលារំលងអធ្រាត្រ ។ សូមបញ្ជាក់ថា ក្រុមនេះត្រូវគេដឹងថា បាននាំគ្នាលួចជីកកំណប់ក្រោមរូបសំណាកតោថ្ម ក្បាលស្ពានថ្មចាស់ស្ទឹងសង្កែត្រើយខាងលិច នៅវេលាម៉ោងប្រហែល២រំលងអធ្រាត្រឈានចូលថ្ងៃទី២២ មិថុនា ២០១៣ ប៉ុន្តែ១ម៉ោងក្រោយមកក៏បែកការណ៍ ទើបសមត្ថកិច្ចរបស់ស្នងការដ្ឋានខេត្តចេញអន្តរាគមន៍ដេញចាប់រហូតទល់ភ្លឺ។ នៅកន្លែងជីកកំណប់ គេឃើញមានស្នាមជីកលុងចូលទៅក្រោមរូបសំណាកតោថ្ម ដែលមនុស្សអាចចូលក្រោមនោះបាន ។
ក្រោយពីចាប់ខ្លួន បុរសវៀតណាម ឈ្មោះ វឿង វ៉ុកហយ ជាមេខ្លោងនិយាយថា ខ្លួននិងឈ្មោះ ថា ដែលរត់រួចជាអតីតនាយទាហានវៀតណាម ធ្លាប់នាំកងទ័ពស្រួចចូលវាយកងទ័ពខ្មែរក្រហម ក្នុងអំឡុងឆ្នាំ១៩៨០ ក្នុងខេត្តបាត់ដំបង ។ គ្រានោះខ្លួននិងឈ្មោះថា បានប្រទះឃើញមាស១កេស ទម្ងន់ប្រហែល១០គីឡូក្រាម ដោយមិនដឹងយកទៅណា ពួកខ្លួនក៏ជីកដីកប់ក្រោមរូបសំណាកតោថ្មស្ពានថ្មចាស់ត្រើយខាងលិច ខាងមុខសាលាខេត្តបាត់ដំបង ។ ជនឈ្មោះ វឿង វ៉ុកហយប្រាប់ទៀតថា ក្រោយពីកងទ័ពវៀតណាម ដកចេញពីប្រទេសកម្ពុជានៅចុងទសវត្សរ៍ឆ្នាំ៨០(១៩៨៩) ខ្លួនមិនដែលបានមកមើលទីតាំងកប់កំណប់នេះទេ តែប៉ុន្មានខែកន្លងទៅនេះ ខ្លួនបានព្យាយាមរកវិធីចូលប្រទេសកម្ពុជា ដើម្បីជីកយកកំណប់នោះ ។
បុរសវៀតណាមរូបនេះបញ្ជាក់ថា នៅមុនពេលជីកកំណប់៤ថ្ងៃ ពួកខ្លួន៨នាក់ និងខ្មែរ២នាក់ បានធ្វើដំណើរមកកាន់ខេត្តបាត់ដំបង ដើម្បីរកឱកាសជីកកំណប់នេះ លុះនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២២ មិថុនា ពួកខ្លួនក៏ចាប់ផ្ដើមជីកកំណប់នោះ តែរកមិនទាន់ឃើញ ក៏បែកការណ៍ដល់សមត្ថកិច្ចដេញចាប់តែម្ដង ។
មន្ត្រីសមត្ថកិច្ចនិយាយថា ក្រុមសង្គមងងឹតខាងលើនេះបានព្យាយាមលួចជីកកំណប់នៅទីតាំងខាងលើជាច្រើនខែមកហើយ តែបែកការណ៍មុន រហូតយប់ខ្លះលោកស្នងការបានបញ្ជាឲ្យសមត្ថកិច្ចដេកយាមទៀតផង ។
លុះនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២២ មិថុនា ក្រុមនេះលួចធ្វើសកម្មភាពក៏ត្រូវកម្លាំងបង្រ្កាបរបស់ស្នងការដ្ឋានខេត្តដេញចាប់បានជាបន្តបន្ទាប់ រីឯរថយន្តត្រូវកម្លាំងសមត្ថកិច្ចស្រុកមោងឫស្សីស្ទាក់ចាប់បានទាំងព្រឹក គ្រាដែលពួកគេព្យាយាមបើករត់ឆ្ពោះទៅរាជធានីភ្នំពេញ ។ លោក មៀន ឡាយ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនិយាយថា លោកស្នងការខេត្តបានបញ្ជាឲ្យកសាងសំណុំរឿងបញ្ជូនជនទាំង៨នាក់នេះទៅសាលាដំបូងហើយ។
ប៉ុន្តែក្រោយពីឃាត់ខ្លួន គេរកមិនឃើញកំណប់ដែលក្រុមនេះជីកបាននោះទេ រីឯសម្ភារសម្រាប់ជីកកំណប់មានដូចជា ចប ញញួរ ប៉ែល និងសម្ភារមួយចំនួនទៀតជាវត្ថុតាង ។ គេមិនទាន់ដឹងថា តើនៅក្រោមរូបសំណាកតោថ្មនោះមានកំណប់មែនឬក៏អត់នោះទេ ។ ទោះជាយ៉ាងណា គិតត្រឹមម៉ោង២រសៀលថ្ងៃទី២៣ មិថុនា តុលាការនៅមិនទាន់បញ្ចប់ការសួរនាំក្រុមជនសង្គមងងឹតទាំង៨នាក់នោះនៅឡើយទេ ហើយក៏មិនទាន់ដឹងថា តើតុលាការនឹងសម្រេចឃុំខ្លួនក្រុមនេះឬក៏អត់នោះដែរ ៕
ចែករំលែកព័តមាននេះ