ខេត្តក្រចេះ ៖ នគរបាលស្រុកឆ្លូង បានចាប់ខ្លួនជនវ័យចំណាស់ជាឪពុកចុងម្នាក់ពីបទរំលោភសេពសន្ថវៈកូនស្រីក្នុងវ័យអនីតិជន ក្រោយពីបុរសជាឪពុកចុងអគតិ រូបនេះ បានធ្វើសកម្មភាពចាប់រំលោភកូនស្រី អាយុុ១៣ឆ្នាំ ជាច្រើនលើក និងបានសម្រេច២លើក ។ ជនសង្ស័យជាឪពុកចុងរូបនេះ ឈ្មោះ ឃុន សារិន អាយុ៦២ឆ្នាំ មានទីនៅក្នុងឃុំកំពង់ដំរី ស្រុកឆ្លូង ។
មន្ត្រីនគរបាលឱ្យដឹងថា ជនឈ្មោះ ឃុន សារិន បានត្រូវនគរបាលចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២១ មិថុនា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ក្មេងស្រីរងគ្រោះក្រោយពីជននេះបានចាប់រំលោភនាងជាលើកចុងក្រោយនៅយប់ថ្ងៃទី១៩ មិថុនា ។ លោកវរសេនីយ៍ត្រី ហុង សុខលី អធិការនគរបាលស្រុកឆ្លូងឱ្យដឹងថា ក្មេងស្រីរងគ្រោះបានទទួលរងការគំរាមកំហែងសម្លាប់ ពីសំណាក់ជនសង្ស័យជាឪពុកចុងនៅពេលដែលជននេះធ្វើសកម្មភាពចាប់រំលោភនាងម្តងៗ។
តាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា បុរសជាឪពុកចុងរូបនេះ បានចាប់រំលោភនាងចំនួន៨ដងនៅលើផ្ទះ តែ៦ដងមិនបានសម្រេចទេ ព្រោះខ្លាចម្តាយនាងមកទាន់ ។ នាងបានទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ៗពីសំណាក់ឪពុកចុងរូបនេះ ដោយគំរាមសម្លាប់នាងប្រសិនយករឿងនេះទៅប្រាប់ម្តាយ ។នារីរងគ្រោះមានបងប្អូន២នាក់ ក្នុងនោះប្រុសម្នាក់ ហើយជនសង្ស័យជាឪពុកចុងបានមកយកម្តាយនាងបានកូនប្រុសបីនាក់ផ្សេងទៀត ។
លោកអធិការបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឃុន សារិន ត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋានស្រុកដើម្បីសាកសួរតាមនីតិិវិធី ហើយជននេះក៏បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះជាកូនស្រីដើមប្រាកដមែន ។ ជននេះត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកឆ្លូង កសាងសំណុំរឿងចាត់បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកាលពីរសៀលថ្ងៃទី២១ មិថុនា ដើម្បីចាត់វិធានការបន្ត ៕
ចែករំលែកព័តមាននេះ