ខេត្តស្ទឹងត្រែង ៖ ជនជាតិខ្មែរអ៊ិស្លាមចំនួន៩នាក់ រួមជាមួយទូកនេសាទចំនួន៣គ្រឿង បានត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុងស្ទឹងត្រែង ឃាត់ខ្លួន រួចនាំមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងប្រគល់ឱ្យរដ្ឋបាលជលផលដោះស្រាយតាមនីតិវិធីបន្ត ពីបទធ្វើសកម្មភាពនេសាទត្រីប្រើប្រាស់មងក្រឡាហាមឃាត់នៅក្នុងរដូវបិទនេសាទ ។ ការចាប់ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២២ មិថុនា នៅចំណុចកន្ទុយកោះហាងខូសួន ស្ថិតក្នុងភូមិហាងខូសួន សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ថ្លែងថា លោកនាយឧត្តមសេនីយ៍ សៅ សុខា តែងដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងឱ្យបង្ក្រាបបទល្មើសនេសាទ និងមានការណែនាំពីលោក កុល សំអុល អភិបាលខេត្ត ទូកនេសាទចំនួនបីគ្រឿងដែលបានប្រើប្រាស់មងក្រឡាធំចាប់ត្រីនៅរដូវបិទនេសាទ កម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុង ចុះទៅឃាត់រួមជាមួយមនុស្សចំនួន៩នាក់ ព្រមទាំងមងជាង១.០០០ម៉ែត្រ រួចនាំមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ និងប្រគល់ឱ្យរដ្ឋបាលជលផលអប់រំណែនាំបន្ត ។
លោក ស៊ីវ សាម៉េត នាយការិយាល័យព្រហ្មទណ្ឌ និងស្រាវជ្រាវបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ឱ្យដឹងថា នៅក្នុងការចុះបង្ក្រាបនេះ ក្រៅពីទូកទាំង៣គ្រឿងសម្ភារផ្សេងទៀតរួមមាន មងក្រឡាធំជាង១.០០០ម៉ែត្រ ដែលសម្រាប់ប្រើប្រាស់ក្នុងទឹកជម្រៅ១៥ម៉ែត្រមួយខ្សែ និងជម្រៅ៩ម៉ែត្រពីរខ្សែ អាគុយចំនួនបី និងម៉ាស៊ីនទូកបីគ្រឿង ។ ចំណែកអ្នកនេសាទទាំង៩នាក់មាន ១-ឈ្មោះ ហ៊ីម អ៊ែល ភេទប្រុស ២-ឈ្មោះ លី ចើត ភេទស្រី ៣-ឈ្មោះ យ៉ា អាភីន័យ ភេទស្រី ៤-ឈ្មោះ ស៊េន លី ភេទប្រុស ៥-ឈ្មោះ រ៉ នី ភេទប្រុស ៦-ឈ្មោះ រ៉ស់ ម៉ាស់ ភេទស្រី ៧-ឈ្មោះ ម៉ាន ហេម ភេទប្រុស ៨-ឈ្មោះ សារ៉ន សាន់ ភេទប្រុស និង៩-ឈ្មោះ ហ៊ីម ម៉ាស់ ភេទស្រី ។
អ្នកនេសាទទាំង៩នាក់នេះ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិស្ពានថ្ម សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ។ លោកនាយការិយាល័យបន្តថា អ្នកនេសាទទាំង៩នាក់រួមនឹងសម្ភារទាំងអស់ ត្រូវបានប្រគល់ឱ្យទៅរដ្ឋបាលជលផល ។ លោក ឌៀប បូរ៉ា នាយរងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បញ្ជាក់ថា នៅពេលកងរាជអាវុធហត្ថប្រគល់មកជលផល លោកនឹងមើលកំណត់ហេតុរបស់កងរាជអាវុធហត្ថ រួចមើលឧបករណ៍ បើពិនិត្យទៅឃើញមងទាំងនោះប្រើខុសនឹងច្បាប់ ត្រូវផាកពិន័យ និងរឹបអូសតាមច្បាប់រដ្ឋបាលជលផល ហើយបើអ្នកនេសាទទាំងនោះដាក់នេសាទនៅអន្លង់អភិរក្ស គឺត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ