រាជធានីភ្នំពេញ ៖ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា សង្កាត់វាលស្បូវ បានក្លាយជាជើងឯកនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្តើមពានរង្វាន់លីអូបៀរ (Leo-Cup) បន្ទាប់ពីបំបាក់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែងក្នុងលទ្ធផល៣សិតទល់២សិត នៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតជម្រុះមណ្ឌលរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ទី២២ មិថុនា ឆ្នាំ២០១៣ នៅទីលាន Beeline Arena ជ្រោយចង្វា ។ ចំណែកចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមសាកលវិទ្យាល័យជាតិគ្រប់គ្រង បន្ទាប់ពីបំបាក់ក្រុមវិទ្យាល័យឫស្សីកែវក្នុងលទ្ធផល៣សិតទល់នឹង០ ។
នៅល្ងាចថ្ងៃដដែល ការប្រកួតបាល់ទះជាលក្ខណៈមិត្តភាពកម្តៅសាច់ដុំ ក៏បានរៀបចំធ្វើផងដែរ ។ ក្រុមបញ្ជាការដ្ឋានអង្គរក្សដែលជាជើងឯករងពាន Leo រដូវកាលចាស់បានលត់ក្រុមជើងឯកក្រសួងមហាផ្ទៃក្នុងលទ្ធផល៣សិតទល់១សិត ។ ការប្រកួតរវាងក្រុមទាំង២នេះបានធ្វើឱ្យអ្នកទស្សនាអន់ចិត្តយ៉ាងខ្លាំងចំពោះការលេងធ្លាក់ដៃរបស់ក្រុមក្រសួងមហាផ្ទៃដែលកាលពីមុនជាជើងឯក តែពេលនេះបែរជាលេងចាញ់ក្រុមជើងឯករងរបស់ខ្លួនទៅវិញ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ Leo-Cup ឆ្នាំ២០១៣ នេះបានចាប់ផ្តើមតាំងពីថ្ងៃទី១៧ មិថុនាមកម៉្លេះ ដោយមានក្លិបចូលរួមចំនួន៨ចែកចេញជាពីពូលគឺ ពូលA មានក្រុមវិទ្យាល័យជាស៊ីមសាមគ្គី, វិទ្យាល័យឫស្សីកែវ, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងអង្គការដើម្បីភាពញញឹមនៃកុមារ PSE។ ពូលB មានក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់វាលស្បូវ, វិទ្យាល័យផ្សារដើមថ្កូវ, ក្លិបយុវជនវិទ្យាល័យអនុវត្តន៍ និងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ។
ចំពោះប្រាក់រង្វាន់ដែលទទួលបានគឺ ចំណាត់ថ្នាក់លេខ១ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់វាលស្បូវទទួលបានប្រាក់៤៥០ដុល្លារ, លេខ២ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែងទទួលបាន២៥០ដុល្លារ, លេខ៣ ក្រុមសាកលវិទ្យាល័យជាតិគ្រប់គ្រងទទួលបានប្រាក់២០០ដុល្លារ និងលេខ៤ក្រុមវិទ្យាល័យឫស្សីកែវទទួលបានប្រាក់១០០ដុល្លារ ៕
ចែករំលែកព័តមាននេះ