រាជធានីភ្នំពេញ ៖ ឡន លឿប មកពីក្លិបកងពលតូចលេខ៧០ ជួប វង្ស ណយ មកពីក្លិបកងពលតូចលេខ៣១បញ្ជាការដ្ឋានកងទ័ពជើងទឹក នៅលើសង្វៀនទូរទស្សន៍រាជធានីភ្នំពេញប៉ុស្តិ៍លេខ៣ កាលពីរសៀលថ្ងៃទីសៅរ៍ទី២២ មិថុនា ក្នុងឋានៈជាគូឯកនោះគឺបានតែ១ទឹកប៉ុណ្ណោះ ដោយត្រូវវង្ស ណយ ទាត់ឱ្យខូចជើងឆ្វេងប្រកួតលែងកើត ។ ឯជំនួបរវាងពុទ្ធ ហ៊ុច មកពីក្លិបពុទ្ធសេរីវង្សព្រែកតាទែន និងហ៊ីម សារ៉ាន់ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិវិញបង្កការជក់ចិត្តយ៉ាងខ្លាំងដល់ទស្សនិកជន ដោយសារគូនេះវាយប្រហារគ្នារបៀបស៊ីសាច់ហុតឈាមយ៉ាងសាហាវ៥ទឹកពេញ ហើយលទ្ធផលចុងក្រោយពុទ្ធ ហ៊ុច ជាអ្នកឈ្នះពិន្ទុ ។
ឡន លឿប ហាក់ចាញ់ច្រាប វង្ស ណយ តាំងតែពីចាប់ផ្តើមឈានជើងឡើងសង្វៀនដំបូងម្លេ៉ះ បើទោះជាគេមានប្រៀបខាងកម្ពស់បន្តិចក្តី ។ ចាប់ផ្តើមភ្លាម វង្ស ណយ មិនទាន់ប្រើស្នៀតកែងវាយប្រហារភ្លាមទេ ដោយគេបានទាត់ជើងក្រោមគូប្រកួតជាញឹកញាប់ធ្វើឱ្យជើងខាងឆ្វេងរបស់ឡន លឿប មានបញ្ហាប្រកួតលែងកើតតែម្តង ។ ចំណែកជំនួបរវាងពុទ្ធ ហ៊ុច និងហ៊ីម សារ៉ាន់ វិញមិនបានធ្វើឱ្យទស្សនិកជនខកចិត្តឡើយ ដោយសារពួកគេវាយគ្នាមិនដកដៃក្នុងបំណងផ្តួលគ្នាទៅវិញទៅមក ។ គ្រាន់តែចាប់ផ្តើមទឹកទី១ភ្លាម ពុទ្ធ ហ៊ុច បានប្រើស្នៀតជើងរន្ទះទាត់ទៅលើគូប្រកួតយ៉ាងសាហាវបំផុត ខណៈស្នៀតកណ្តាប់ដៃគេម៉ាត់ចេញមួយៗប៉ុណ្ណោះ ។
រីឯហ៊ីម សារ៉ាន់ វិញក៏បានប្រើស្នៀតជើងទាត់សងវិញយ៉ាងរហ័សមិនឱ្យពុទ្ធ ហ៊ុច បានចិត្តឡើយពោលគឺបើពុទ្ធ ហ៊ុច ទាត់គេ១ជើងគេទាត់សងវិញភា្លមៗមិនទុកយូរទេ ទើបធ្វើឱ្យស្ថានការណ៍ប្រកួតឡើងកម្តៅស្ទើរគ្រប់ទឹក ។ កីឡាករទាំង២វាយគ្នាទៅវិញទៅមកហាក់មិនបន្ធូរដៃបន្តិចសោះឡើយ បើទោះជាការប្រកួតឈានដល់ទឹកចុងក្រោយក៏ដោយ ។ ទោះបីយ៉ាងណាតាមការកត់សម្គាល់ ហ៊ីម សារ៉ាន់ មានប្រៀបជាង តែនៅចុងទឹកទី៥បន្តិចប៉ុណ្ណោះ ខណៈ៤ទឹកកន្លងមកគេត្រូវពុទ្ធ ហ៊ុច វាយចំគោលដៅបានច្រើនជាងទើបគេត្រូវចាញ់ពិន្ទុទាំងប្រផិតប្រផើយបំផុត ប៉ុន្តែការបរាជ័យនេះមិនបានធ្វើឱ្យអ្នកគាំទ្ររូបគេមានការអាក់អន់ចិត្តឡើយ ។
តក់ សោភ័ណ្ឌ មកពីក្លិបអេភូថងកីឡា បានធ្វើឱ្យអ្នកប្រដាល់ចាស់វស្សា សល់ ពិសិដ្ឋ មកពីក្លិបអាស៊ីកីឡា ចាញ់ការប្រកួតដោយពិន្ទុទាំងមិនអស់ចិត្តឡើយ ខណៈលី ជិនហឺរ មកពីក្លិបសិង្ហកីឡា ឈ្នះពិន្ទុរាជសីហ៍ ចាន់ឌី មកពីក្លិបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន និងគូចុងក្រោយ ជន សាវុធ មកពីក្លិបពោធិ៍ជ័យកីឡាក៏បានយកឈ្នះម៉ន ភារម្យ មកពីក្លិបវិស្វកម្មបច្ចេកទេសទ័ពជើងគោកព្រែកឯង ដោយពិន្ទុដែរ ៕
ចែករំលែកព័តមាននេះ