ខេត្តកែប ៖ ទ្វារដែកនេះ ធ្លាប់បានគេបិទច្រើនដងហើយ ធ្វើឱ្យអ្នកកាសែត និងមន្ត្រីរដ្ឋបាលព្រៃឈើជាប់ក្នុងបរិវេណនោះ ច្រើនដងមកហើយដែរ ក្នុងពេលចូលយកព័ត៌មាន ដែលក្រុមហ៊ុនមួយធ្វើរបងព័ទ្ធយកភ្នំ និងកាយដីដឹកលក់យ៉ាងអនាធិបតេយ្យ ។
ទ្វារដែកមួយនេះ ត្រូវបានគេធ្វើយ៉ាងរឹងមាំបំផុត សម្រាប់ការពារដីចម្ការ នៅក្នុងបរិវេណភ្នំដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ។ ប៉ុន្តែអ្វីដែលអ្នកផងកំពុងចាប់អារម្មណ៍ពីទ្វារដែកមួយនេះ មិនត្រឹមតែធ្វើការពារដីរបស់ខ្លួនទេ ថែមទាំងបានក្លាយទៅជាទីតាំងអាថ៌កំបាំងមួយរារាំងអ្នកកាសែត និងមន្ត្រីផ្សេងៗដែលចូលទៅពិនិត្យរណ្ដៅដីតូចធំនៅភ្នំចំនួន២ក្នុងនោះផងដែរ ។
នៅក្នុងរបងដែលរៀបជញ្ជាំងបេតុងនិងទ្វារដែកនោះមានផ្ទៃដីសហគមន៍ព្រៃឈើ និងដីចម្ការរបស់អ្នកមាន និងអ្នកមានគ្រឿងចក្រ កំពុងកាយដីភ្នំលក់យ៉ាងរញ្ជួយ ។ ដោយសាតែមានគ្រឿងចក្រកាយដីភ្នំយ៉ាងគគ្រឹកគគ្រេងបែបនេះហើយ ទើបមានភាពអាថ៌កំបាំងគួរឱ្យសង្ស័យអ្នកយកព័ត៌មានចំនួន៣នាក់ចូលទៅមើលគេកាយដីភ្នំ ត្រូវបានគេចាក់សោជាប់ឱ្យនៅឯកោក្នុងបរិវេណភ្នំនោះ រកផ្លូវចេញមិនឃើញកាលពីថ្ងៃទី២៨ វិច្ឆិកាកន្លងថ្មីៗនេះ ។
អ្នកកាសែតដែលចូលទៅថតយករូបភាពគេកាយដីនោះ ត្រូវគេស្គាល់គឺលោក សឹង រ៉ាត់ អ្នកយកព័ត៌មានឱ្យទូរទស្សន៍អនឡាញ លោក សិលា សារិន អ្នកយកព័ត៌មានឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ១១ និងលោក សឹម សុន អ្នកយកព័ត៌មានឱ្យកាសែតខ្មែរប្រជាប្រិយ និងកាសែតយុវជនកម្ពុជា ។
អ្នកកាសែតទាំង៣នាក់នេះ បន្ទាប់ពីរកផ្លូវចេញមិនរួច ប្រៀបដូចកំពុងស្ថិតក្នុងតំបន់មរណៈទៅហើយ ក៏ប្រកែកគ្នាជាមួយអ្នកយាមទ្វារយ៉ាងតឹងសរសៃ.ក ព្រោះតែគេចាក់សោជាប់អត់ឱ្យចេញ ។ ទំនងមិនអាចទប់ទល់តទៅទៀតបាន រយៈពេលមួយម៉ោងក្រោយជជែកគ្នា ទើបត្រូវបានគេបើកសោទ្វារសម្ងាត់នេះ ឱ្យចេញមកខាងក្រៅវិញបាន ។
ចំណែកឯអ្នកកាសែតម្នាក់ទៀត ដែលមានរថយន្តប៉ាសេរ៉ូជិះ បានប្រាប់កោះសន្តិភាពថា រូបលោកក៏ធ្លាប់បានជាប់នៅក្នុងទ្វារដែកមរណៈនោះដែរ ពេលបើកចូលតាមរថយន្តដឹកដីទៅពិនិត្យមើលគ្រឿងក្នុង តែចេញមិនរួចត្រូវគេចាក់សោបិទ រហូតអ្នកកាសែតរូបនោះទាស់សម្តីគ្នាទៅវិញទៅមកជាមួយលោក វ៉េត ដែលជាម្ចាស់គ្រឿងចក្រ ។ ដោយទូរស័ព្ទទាក់ទងឆ្វេចឆ្វាចរកអន្តរាគមន៍ពីរដ្ឋអំណាចស្រុក ទើបគេបើកទ្វារឱ្យចេញ ។
លោក មាស សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកែប បាននិយាយប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពឱ្យដឹងថា មិនត្រឹមតែគេចាក់សោជាប់អ្នកកាសែតទេ សូម្បីតែមន្ត្រីរដ្ឋបាលព្រៃឈើ ដែលចុះទៅធ្វើការនៅទីនោះ ក៏ត្រូវបានគេចាក់សោឱ្យជាប់ក្នុងនោះដែរ ។ លោក មាស សុធី និយាយថា យើងមិនជំទាស់ទេ ការធ្វើរបងការពារដីចម្ការ តែសុំឱ្យអ្នកធ្វើកុំបិទផ្លូវសាធារណៈ ព្រោះបិទបែបនេះ ដូចជាមានអាថ៌កំបាំងគួរឱ្យកត់សម្គាល់ ។
អ្នកកាពារដីសហគមន៍ព្រៃឈើបាននិយាយថា ដីភ្នំជាដីសហគមន៍ ត្រូវបានគេកាយដឹកលក់តាមរថយន្តក្នុងមួយថ្ងៃរាប់សិបឡាន ។ អ្នកការពារសហគមន៍និយាយថា ពួកអ្នកការពារព្រៃសហគមន៍សព្វថ្ងៃនេះ លែងចង់ជឿថ្នាក់លើហើយ ព្រោះគេកាយដីភ្នំដឹករាល់ថ្ងៃអត់មានអ្នកអន្តរាគមន៍សោះ បើហ៊ានចូលទៅក្នុងបរិវេណនោះ ច្បាស់ជាគេចាក់សោទ្វារដែកចេញមិនរួចនោះឡើយ ។
មិនដឹងថា ទៅសួរលោកម្ចាស់ស្រុកណាទេ បើគេមានអំណាចកាយដីភ្នំ បិទយកភ្នំជាកម្មសិទ្ធិបិទផ្លូវសាធារណៈយកអស់បែបនេះទៅហើយ ។ ឱ ! លោកម្ចាស់ស្រុកអើយ…ស្រួលមិនស្រួលអត់ដឹងទេ មើលទៅ ?

ចែករំលែកព័តមាននេះ