រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងក្តីសង្ឃឹមថាការចរចាពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិកជុំទី២នឹងទទួលបានលទ្ធផលល្អ។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតីបានកោតសរសើរដល់ក្រុមការងារចំពោះកិច្ចទទួលបន្ទុកសម្របសម្រួលការចរចាពន្ធបដិការ ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រុមការងារពាក់ព័ន្ធដែលបានខិតខំបំពេញការងារនេះ បានយ៉ាងល្អ។
សម្តេចបញ្ជាក់ថា ៖”«កិច្ចចរចាជុំទី១ គ្រាន់តែជាការជួបគ្នាដើម្បីបង្ហាញជំហរ និងបញ្ជាក់បន្ថែមពីបញ្ហា មួយចំនួនប៉ុណ្ណោះ ពីព្រោះការចរចាពាណិជ្ជកម្មមានភាពស្មុគស្មាញដែលត្រូវការពេលវេលា ដោយគ្រប់ប្រទេសទាំងអស់សុទ្ធតែមានស្ថានភាពដូចៗគ្នា។ សម្តេចសង្ឃឹមថា កិច្ចចរចាជុំទី២ នឹងទទួលបានលទ្ធផលជាវិជ្ជមាន» ។
សម្តេចបានកោតសរសើរគ្រប់ក្រសួង ស្ថាប័ន ដែលបានបំពេញការងារយ៉ាងសកម្ម ពិសេសការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានវឌ្ឍនភាព ដោយបានដោះស្រាយបញ្ហាប្រឈមនានាបានយ៉ាងល្អ ក្នុងស្ថានភាពដែលពិភពលោកជួបប្រទះបញ្ហាស្មុគស្មាញ ជាច្រើន ដែលបណ្តាលមកពីសង្គ្រាមប្រដាប់អាវុធ សង្គ្រាមពាណិជ្ជកម្ម ពិសេសការដាក់ពន្ធបដិការពីសំណាក់ សហរដ្ឋអាម៉េរិក ដែលជាវិញ្ញាសាតឹងតែងដែលត្រូវរួមគ្នាដោះស្រាយ។

សូមជម្រាបថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាង កម្ពុជា និងអាមេរិកមិនទាន់ទទួលបានផ្លែផ្កាខណៈភាគីឯកភាពជួបចរចាលើកទី២នៅសប្តាហ៍ទី១ខែមិថុនាជាថ្មី។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បានលើកឡើងថាកាលពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និង វិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ចូលរួមកិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាង កម្ពុជា និងសហរដ្ឋអាម៉េរិក ជាមួយភាគីសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
ប្រភពបានលើកឡើងថាក្នុងកិច្ចប្រជុំចរចាជុំទី១ នេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មកក្នុងបរិយាកាស យោគយល់គ្នា លើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅលើ អត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។
ប្រភពបានបញ្ជាក់ថា «ភាគីទាំងពីរ បានឯកភាពគ្នារៀបចំកិច្ចប្រជុំចរចាជុំទី២ នៅសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន»។ សូមជម្រាបថាកាលពីនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានសម្រេចកំណត់ពន្ធគយលើប្រទេសនានាជាសាកល ដោយបានដាក់លើទំនិញនាំចូលពីកម្ពុជាប្រមាណ៤៩% ដែលជាកម្រិតខ្ពស់មួយ ដើម្បីជាការសងសឹក ខណៈកម្ពុជាយកពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិកវិញ ក្នុងកម្រិត៩៧%។ បើតាមលោកត្រាំ ការដំឡើងពន្ធនេះ បានចូលជាធរមាននៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ប៉ុន្តែត្រូវបានពន្យារពេល ៩០ថ្ងៃ ដោយអនុវត្តពន្ធ ១០%ដដែល។

អ្នកជំនាញមើលឃើញថា ការដំឡើងពន្ធនេះ គឺដោយសារឱនភាពជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដោយកម្ពុជា បាននាំចេញទៅសហរដ្ឋអាមេរិកក្នុងតម្លៃជាង៩ពាន់លានដុល្លារ នៅពេលដែលយកមកចែកនឹង១០.៥ ពាន់លានដុល្លារ ស្មើនឹង៩៧% ហើយយក៩៧%ចែកនឹង២ គឺស្មើនឹង៤៩%។ ថ្មីៗនេះ អាមេរិកក៏បានដំឡើងពន្ធផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា ៣៥២១%។
យ៉ាងណាក្តីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានប្រកាសថា នឹងប្រឹងប្រែងចរចាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធការប្រកាសដំឡើងពន្ធ ៤៩ភាគរយលើទំនិញកម្ពុជា នាំទៅសហរដ្ឋអាមេរិក។
ពាក់ព័ន្ធបញ្ហាពន្ធនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា សហរដ្ឋអាម៉េរិកបាននិងកំពុងខាតបង់ច្រើនលើការចំណាយនាំចូលទំនិញពីបណ្តាប្រទេសលើពិភពលោក ដែលឆ្លុះបញ្ចាំងតាមរយៈឱនភាពជញ្ជីងពាណិជ្ជកម្ម (Trade Deficits) ដូច្នេះហើយ បានជារដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសដាក់ចេញនូវអត្រាពន្ធនាំចូលឆ្លើយតប (Reciprocal Tarifts)លើបណ្តាប្រទេសដែលសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្ម។
ជាក់ស្ដែង កម្ពុជា ឡាវ និងវៀតណាម ត្រូវទទួលរងនូវអត្រាពន្ធនាំចូលក្នុងកម្រិត ៤៩%, ៤៨%, និង៤៦% រៀងគ្នា ដោយសារសហរដ្ឋ អាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មក្នុងកម្រិត ៩៧% ជាមួយកម្ពុជា ៩៥% ជាមួយឡាវ និង ៩០% ជាមួយ វៀតណាម។
ដូច្នេះ ការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះ មិនមែនជាការឆ្លើយតបទៅនឹងអត្រាពន្ធនាំចូលដែល ប្រទេសទាំងនោះបានដាក់លើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនោះទេ ហើយការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះ ទៀតសោត មានត៥០% នៃអត្រាដែលសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសទាំងនោះតែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ