ទីក្រុងព្យុងយ៉ាង៖ ប្រភពខ្លះអះអាងថាប្រមុខដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន កំពុងមានអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង (ខឹងដាច់ក្បាលដាច់កន្ទុយ) ហើយត្រៀមចាប់អ្នកទទួលខុសត្រូវយកទៅដាក់គុកឲ្យអស់បន្ទាប់ពីផែនការដាក់ឱ្យដំណើរការនាវាពិឃាតដ៏ទំនើបចុងក្រោយរបស់លោកត្រូវរលាយខ្សុលដូចអំបិលត្រូវទឹក ក្រមួនត្រូវថ្ងៃក្រោមស្នាដៃរបស់ពួកគេ។
ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងខិតខំបិទបាំងរឿងនេះសម្បើមណាស់។ កូរ៉េខាងជើងសូមបដិសេធថាគ្មានករណីបរាជ័យនៅក្នុងរឿងនេះ ឬក៏រងការខូចខាតអ្វីឡើយ។ ប៉ុន្តែមជ្ឈដ្ឋានខាងក្រៅមិនទាន់ជឿជាក់តាមការអះអាងរបស់របបក្រុងព្យុងយ៉ាងទេ។ ប្រភពខ្លះថាលោកគីមផ្ទុះកំហឹងដល់ថ្នាក់ចាត់ទុកការធ្វើឱ្យខូចការណ៍លើកនេះជាទង្វើឧក្រិដ្ឋ។
គណៈកម្មការយោធាអះអាងថាអ្នកពាក់ព័ន្ធនៅក្នុងរឿងនេះត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់ចំពោះទង្វើរបស់ខ្លួនដែលមានលក្ខណៈជាឧក្រិដ្ឋកម្មមិនអាចអនុគ្រោះជាដាច់ខាត។ រូបភាពពីផ្កាយរណបបង្ហាញថានាវាចម្បាំង១គ្រឿងនោះចតទុកចោលនៅមាត់កំពង់ និងគ្របដណ្ដប់កំណាត់ ឬកៅស៊ូពណ៌ខៀវស្រងាត់។ នាវានេះ១ផ្នែកលិចបាត់ទៅក្នុងទឹកសមុទ្រ។
កូរ៉េខាងជើងអះអាងថាខ្លួនត្រូវការពេលប្រហែលដប់ថ្ងៃទៀតដើម្បីជួសជុលការខូចខាត។ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍យល់ថាពេលវេលាប៉ុណ្ណឹងប្រហែលជាមិនគ្រប់គ្រាន់ទេ។ មើលទៅនាវានោះខូចខាតធ្ងន់ធ្ងរជាងការអះអាងរបស់កូរ៉េខាងជើង។ ទូរទស្សន៍កូរ៉េខាងជើងផ្សាយថានាវាពិឃាតទម្ងន់៥ពាន់តោននោះមិនខូចខាតប៉ុន្មានទេ។ ទូរទស្សន៍នេះសូមបដិសេធការផ្សព្វផ្សាយថាបាតនាវាធ្លុះធ្លាយដោយស្នាមប្រហោងជាច្រើនកន្លែង។
ទូរទស្សន៍កូរ៉េខាងជើងផ្សាយថាបាតនាវានោះគ្រាន់តែដាច់រលាត់បន្តិចបន្តួចប៉ុណ្ណោះ។ ចំណែកករណីទឹកលិចចូលនាវាគឺលិចចូលតាមកន្សៃនាវាតែប៉ុណ្ណោះ។ នៅអំឡុងពេលដប់ថ្ងៃនោះ កូរ៉េខាងជើងនឹងបូមទឹកសមុទ្រចេញពីនាវា, តម្រង់តួនាវាឱ្យបានស្មើដូចដើមវិញ និងជួសជុលស្នាមឆ្កូត ឬកំពិតបន្តិចបន្តួច។ កូរ៉េខាងជើងអះអាងថានាវាពិឃាតនោះខូចខាតដោយសារដាច់ដងស្ទូចនៅផ្នែកខាងកន្សៃនាវានៅពេលសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃពុធនៅកំពង់ផែឆុងជីន (Chongjin)៕
ចែករំលែកព័តមាននេះ