ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុ​ទ្ធ​នា​ការ​ទប់​ស្កាត់​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​នៅ​តាម​សហ​គ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋ ក្បឿង និង​ក​សិ​-​ឧស្សាហកម្ម ​​

11 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ម្ចាស់​សហគ្រាស​បងប្អូន​កម្មករនិយោជិត អាណាព្យាបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រមាណ២៦០​នាក់ បាន​ចូលរួម​យុ​ទ្ធ​នា​ការ​ការពារ​កុមារ​ពី​ការ​កេង​ប្រ​វ័​ញ្ចលើ​កម្លាំង​ពលកម្ម​នៅ​តាម​បណ្តា​សហគ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋ​-​ក្បឿង និង​កសិឧស្សាហកម្ម និង​ផ្សព្វ​ផ្សាយ​បន្ថែម​ពី​ផល​ប៉ះពាល់​នៃ​គ្រឿងញៀន ការ​ឆ្លង​មេរោគ​អេ​ដស៍…

ខេត្តមណ្ឌលគិរី ៖ ម្ចាស់​សហគ្រាស​បងប្អូន​កម្មករនិយោជិត អាណាព្យាបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រមាណ២៦០​នាក់ បាន​ចូលរួម​យុ​ទ្ធ​នា​ការ​ការពារ​កុមារ​ពី​ការ​កេង​ប្រ​វ័​ញ្ចលើ​កម្លាំង​ពលកម្ម​នៅ​តាម​បណ្តា​សហគ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋ​-​ក្បឿង និង​កសិឧស្សាហកម្ម និង​ផ្សព្វ​ផ្សាយ​បន្ថែម​ពី​ផល​ប៉ះពាល់​នៃ​គ្រឿងញៀន ការ​ឆ្លង​មេរោគ​អេ​ដស៍ ដែល​បាន​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ នៅ​ស្រុក​កោះ​ញែក ​និង​ស្រុក​ពេ​ជ្រា​ដា ។

លោក ណ​យ ច័ន្ទ​តារា ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា កម្មវិធី​យុទ្ធនាការ​ដែល​បាន​រៀបចំ​​ឡើ​ង​​នៅ​ពេល​នេះ មន្ទីរ​បាន​សហការ​ជាមួយ​នាយកដ្ឋាន​ការងារ និង​អាជ្ញាធរ​តាម​មូលដ្ឋាន ក្រោម​​គំនិត​ផ្ដួច​ផ្ដើមឡើង​ដោយ​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ហើយ​បាន​រៀបចំ​ប្រកាស​បើក​​យុទ្ធ​ការ​នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២៥ យុទ្ធនាការ​ត្រូវ​ធ្វើឡើង​ទូ​ទាំងគ្រប់​២៥​រាជធានី ខេត្ត នៅ​តាម​សហគ្រាស គ្រឹះស្ថាន ផលិត​ឥដ្ឋ ក្បឿង និង​ក​សិ​-​ឧស្សាហកម្ម ។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា យុ​ទ្ធនា​ការ​នេះ ​មិនមែន​រៀបចំ​ឡើង​តែ​អង្គភាព​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឬ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តែ​ប៉ុណ្ណោះ​ទេ គឺ​មានការ​ចូលរួម​សហការ​ពី អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ដើ​ម្បី​ឲ្យ​យុទ្ធនាការ​នេះ​ប្រព្រឹត្ត​ទៅ​បាន​ជោគជ័យ ក្នុង​ន័យ​លុប​បំបាត់​ពលកម្ម​កុមារ​ឲ្យ​អស់ ពី​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ក្នុង​យុ​ទ្ធ​នា​ការ​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៥ នេះ​គេ​សង្កេត​ឃើញ​ថា មន្ត្រី​ជំនាញ​បាន​ចុះ​ផ្សព្វផ្សាយ និង​ចង​បដា​ស្តី​ពី​ការ​បង្ការ និង​ទប់ស្កាត់​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​នៅ​តាម​សហគ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋ ក្បឿង និង​ក​សិ​-​ឧស្សាហកម្ម​ដល់ទី​តាំង ដើម្បី​លើកកម្ពស់​ការ​ចូលរួម ការ​យល់​ដឹង និង​សហការ​អនុវត្ត​ច្បាប់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​ពលកម្ម​កុមារ ជា​ពិសេស​នៅ​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ ក្បឿង និង​ក​សិ​-​ឧស្សាហកម្ម​។

​ជាមួយ​គ្នា​នេះ មន្ត្រី​ជំនាញ​របស់​ក្រសួង​ការងារ ក៏​បាន​បន្ត​ជំរុញ និង​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​នៃ​សិប្បកម្ម​ផលិត​ឥដ្ឋ ក្បឿង និង​ក​សិ​-​ឧស្សាហកម្ម ចូលរួម​ទប់ស្កាត់ និង​លុប​បំបាត់​រាល់​ទម្រង់​ទាសភាព ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ និង​ការងារ​ប្រកបដោយ​គ្រោះ
ថ្នាក់​។

ទន្ទឹម​នឹង​នេះ មន្ត្រី​ជំនាញក៏​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​រួម​គ្នា​ប្តេជ្ញា​បញ្ចប់​រាល់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ និង​រាយការណ៍​រហ័ស​តាម​រយៈ Hotline ១២៩៧ ឬ ១២៨៦ ក្នុង​ករណី​ការ​ប្រើ​ប្រាស់​រាល់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ