ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃទី១ប្រឡងសញ្ញាបត្របាក់ឌុប បេក្ខជនអវត្តមានជាង១ពាន់នាក់ បញ្ហាសុខភាព៤០នាក់ និងចាប់បានយកទូរស័ព្ទ១ករណី

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​) ថ្ងៃ​ទី​១ មាន​បេក្ខជន​អវត្តមាន​ជាង​១​ពាន់​នាក់ និង​មាន​បេក្ខជន​មាន​បញ្ហា​សុខភាព​៤០​នាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​) ថ្ងៃ​ទី​១ មាន​បេក្ខជន​អវត្តមាន​ជាង​១​ពាន់​នាក់ និង​មាន​បេក្ខជន​មាន​បញ្ហា​សុខភាព​៤០​នាក់ ក្នុង​នោះ​២​នាក់​បាន​បោះបង់​ការ​ប្រឡង និង​ចាប់​បាន​បេក្ខជន​យក​ទូរស័ព្ទ​ចូល​១​ករណី ។

ការ​បូក​សរុប​បឋម ស្ដី​ពី​ដំណើរការ​សំ​ណេ​រ​នា​ព្រឹក​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ របស់​ក្រសួង​អប់រំ បាន​លើក​ឡើង​ថា ក្នុង​ដំណើរការ​សំ​ណេ​រ នា​ព្រឹក​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ២៨ សីហា ២០២៥ មាន​ពីរ​មុខ​វិជ្ជា គឺ​ប្រវត្តិវិទ្យា និង​ជីវវិទ្យា (​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​) ផែនដី និង​បរិស្ថានវិទ្យា និង​ប្រវត្តិវិទ្យា (​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​) បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១​នេះ មាន​បេក្ខជន​អវត្តមាន​ចំនួន​១៧៨៨​នាក់ (​ស្រី​៧០៦​នាក់​) ស្មើនឹង​១,២២​ភាគរយ បេក្ខជនស្វ័យរិន​ចំនួន​១ ៤៦៣​នាក់ (​ស្រី​៥៥៧​នាក់​) បេក្ខជន​ចំណេះ​ទូទៅ​ចំនួន​៣២៥​នាក់ (​ស្រី​១៤៩​នាក់​)​។ បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព​៤០​នាក់ ក្នុង​នោះ​បេក្ខជន​ដែល​ប្រឡង​បន្ត​មាន​ចំនួន​៣៨​នាក់ បោះបង់​ការ​ប្រឡង​ចំនួន​២​នាក់ បេក្ខជន​ប្រឡង​ដាច់​ដោយឡែក​១២​នាក់ បេក្ខជន​មាន​ជំងឺគ្រុនឈាម​មាន​ចំនួន​៩​នាក់ និង​គ្រោះថ្នាក់​ចរាចរណ៍​៤​នាក់ ដោយឡែក​គណៈមេប្រយោគ​មាន​បញ្ហា​សុខភាព​២១​នាក់ ។

បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព​ទាំងអស់ បាន​បន្ត​ការ​ប្រឡង​ក្រោម​ការ​យកចិត្តទុកដាក់​មើលថែ​ពី​ក្រុម​គ្រូពេទ្យ បន្ទាប់​ពី​មាន​អាកា​រៈ​ធូរស្រាល ។

ក្រសួង​អប់រំ យុវជន និង​កីឡា ជំរុញ​លើក​ចិត្ត​ឱ្យ​បេក្ខជន​ប្រឡង​ទាំងអស់​ត្រូវ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ សម្រាក និង​បរិភោគ​អាហារ​ឱ្យ​បាន​គ្រប់គ្រាន់​ប្រកបដោយ​អនាម័យ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រឡង ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​ប្រឡង​ថ្ងៃ​ទី​១ នៅ​ខេត្តសៀមរាប មាន​ករណី​ដក​ទូរស័ព្ទ​ពី​បេក្ខជន​ចំនួន​១​ករណី ។ ចំពោះ​ដំណើរ​នៅ​តាម​មណ្ឌល​ប្រឡង​នីមួយ​ៗ​មានដំណើរ​ការ​ល្អ មាន​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ អនុវត្ត​តាម​សេចក្ដីណែនាំ​ប្រតិបត្តិ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​មានការ​ចិត្ត​យក​ទុកដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​គណៈមេប្រយោគ​ទូ​ទាំង​ប្រទេស គណៈ​អប្បមាទ​ទូ​ទាំង​ប្រទេស ជំនួយការ​អប្បមាទ ប្រធាន អនុប្រធាន​មណ្ឌល គណៈ​ក​ម្មា​ការ​កណ្ដាល គណៈ​ក​ម្មា​ការ​ត្រួតពិនិត្យ​អគារ គណៈកម្មការ​អនុរក្ស ដោយ​មានការ​ចូលរួម​សហ​ការណ៍​ដោយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ២៨ សីហា ២០២៥ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ចំនួន ១៤៦ ៧២០​នាក់ (​ស្រី ៨១៤៤២ នាក់​) ក្នុង​នោះ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន​៤០៦៧៨ នាក់ (​ស្រី ២៤៥១៩ នាក់​) បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​១០៦ ០៤២ នាក់ (​ស្រី ៥៦ ៩២៣ នាក់​)​។

បេក្ខជន​ត្រូវ​បាន​រៀបចំ​ចំនួន​២៥​នាក់ ក្នុង​មួយ​បន្ទប់ ទៅ​តាម​មណ្ឌល​សំ​ណេ​រ​នីមួយ​ៗ​តាម​រាជធានី ខេត្ត លើកលែងតែ​បន្ទប់​ចុង​ក្រោយ និង​បន្ទប់​ដែល​មាន​បេក្ខជន​មក​ពី​វិទ្យាល័យ​អប់រំ ពិសេស ។ មណ្ឌល​សំ​ណេ​រ​មាន​ចំនួន​សរុប​២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៧២ មណ្ឌល ត្រូវជា​១ ៦៥៥​បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ១៦៩ មណ្ឌល ត្រូវជា​៤២៦៩ បន្ទប់ ។

ដោយសារ​បញ្ហា​ព្រំដែន សម្រាប់​បេក្ខជន​មក​ពី​ខេត្តឧត្ដរមានជ័យ ត្រូវ​បាន​រៀបចំ​ការ​ប្រឡង​នៅ​ស្រុក​ពួក ខេត្តសៀមរាប ដែល​មាន​ចំនួន​៣​មណ្ឌល សរុប​៧២​បន្ទប់ ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​១៣​បន្ទប់ វិទ្យាសាស្ត្រ​សង្គម​ចំនួន​៥៩​បន្ទប់ ។ សម្រាប់​ការ​ប្រឡង​ឆ្នាំ​នេះ មានការ​ចូលរួម​ដោយ​គណៈមេប្រយោគ និង​គណៈកម្មការ​នានា ចូលរួម​ក្នុង​ដំណើរការ​ប្រឡង​សរុប​ចំនួន​៣១២០៣ នាក់ ។

ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​នឹង​ប្រកាស​លទ្ធផល​ប្រឡង​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៥ សម្រាប់​រាជធានី​ខេត្ត ទូ​ទាំង​ប្រទេស ព្រមទាំង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ក្រសួង​អប់រំ យុវជន និង​កីឡា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ