រាជធានីភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធិអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបច្ចុប្បន្នជាសមាជិករដ្ឋសភា បានលើកឡើងថា អ្វីដែលមេបញ្ជាការកងទ័ពភូមិភាគ២ថៃ លោក ប៊ុនស៊ីន ផាតក្លាងសំញ៉ែងជាមួយកម្ពុជាដើម្បីចង់ធ្វើជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រថៃ ។

ឯកឧត្តមខៀវ កាញារីទ្ធ បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២៨ សីហា ឆ្នាំ២០២៥ថា ៖ កាលពីថ្ងៃមុន ខ្ញុំបាននិយាយរួចហើយ គឺថៃយកសង្គ្រាមព្រំដែន ដើម្បីស្តារឥទ្ធិពលកងទ័ពខ្លួនដែលធ្លាក់ចុះតែនៅមានចំណុចមួយទៀត ដែលមនុស្សជាច្រើនមិនទាន់មើលឃើញ ។ នោះ គឺអនាគតនយោបាយរបស់លោក ក្លាងមេយោធាភូមិភាគ២ថៃ ដែលដុតរឿងរហូត ។
លោកដល់ពេលដែលត្រូវបញ្ចប់អាជីពរបស់ខ្លួន ( ចូលនិវត្តន៍ ) តែលោក ក្លាងមានសង្ឃឹមតិចណាស់ដែលបានតំណែងជារដ្ឋមន្ត្រីមួយកន្លែងនៅក្នុងរដ្ឋាភិបាល ហេតុនេះទិសដៅធំបំផុតរបស់លោកឃ្លាំង គឺឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ។

ឯកឧត្តមថា នៅលើកន្លែងនេះ លោកក្លាងមានសង្ឃឹមច្រើន បើគាត់ប្រឹងសំញេញធ្មេញជាមួយកម្ពុជា ព្រោះសមាជិកក្រុមប្រឹក្សាព្រះមហាក្សត្របច្ចុប្បន្ន សុទ្ធតែចាស់ហើយ រើសដោយព្រះមហាក្សត្រមុន មិនទាន់មានអ្នកណាមួយរើសដោយមហាក្សត្របច្ចុប្បន្ននេះទេ ។ ព្រះមហាក្សត្របច្ចុប្បន្ន ជាយោធាអាជីព ហើយ កាលមិនទាន់ឡើងរាជ្យ ព្រះអង្គត្រូវគេរិះគន់ច្រើន ហេតុនេះ ព្រះអង្គត្រូវបង្ហាញរូបភាពថ្មី ។
ពេលនេះ អ្នកនៅជុំវិញព្រះអង្គ សុទ្ធតែត្រូវបំពាក់សក្តិចូលជាយោធាទាំងអស់ដែលជាជំហានមួយមិនមែនគ្រាន់តែបង្ហាញថា ព្រះមហាក្សត្រជាមេលើកងទ័ពទេ តែមហាក្សត្រថៃ និងកងទ័ពថៃ គឺតែមួយ ។ នេះជាច្រកសង្ឃឹមរបស់លោកក្លាង ហើយដែលខ្ញុំតែងទូន្មានទៅបងប្អូនខ្មែរយើង កុំបង្ហោះរូបភាព ឬនិយាយអ្វីប៉ះពាល់ដល់មហាក្សត្រថៃ ព្រោះគេក៏មិនប៉ះពាល់មកលើយើងដែរ និងដើម្បីកុំធ្លាក់ចូលអន្ទាក់ជំរុញអោយស្ថាបន័កំពូលថៃឈានដល់កម្រិតដាច់ខាត ( radicalization ) ជាមួយកម្ពុជា ដូចសម្តេចតេជោតែងលើកឡើងថា «កុំបិទផ្លូវឈាម» ៕
ចែករំលែកព័តមាននេះ