ទីក្រុងបាងកក៖ ថ្មីៗនេះអាជ្ញាធរថៃប្រមូលបានអ្នកលេងល្បែងជាង២រយនាក់បន្ទាប់ពីពួកគេដឹកនាំកម្លាំងចុះប្រតិបត្តិការឆ្មក់ចូលទីតាំងលេងល្បែងខ្នាតធំនៅសង្កាត់ដនមឿង, ទីក្រុងបាងកក។ នៅទីនេះក្នុងមួយខែៗប្រជាជនថៃដែលញៀននឹងល្បែងបានយកលុយលើសពី៥០០លានបាត (ឬស្មើនឹងជាង១៥លានដុល្លារ) ទៅបំផ្លាញចោលដោយឥតស្ដាយស្រណោះ។

លោកភូមិថាម វិឆាយ៉ាឆៃ (Phumtham Wechayachai) ជារដ្ឋមន្ត្រីមហាផ្ទៃ និងជានាយករដ្ឋមន្ត្រីស្ដីទីថៃបានប្រកាសអំពីប្រតិបត្តិការបង្ក្រាបបនល្បែងដ៏ធំនេះកាលពីយប់មិញ។ មុននឹងឈានដល់ការបង្ក្រាបដែលមានឈ្មោះសម្ងាត់ថា «ប្រតិបត្តិការបង្ក្រាបតោ» (Operation Taming the Lion) ប្រជាជនរស់នៅម្ដុំនោះមានអារម្មណ៍មិនស្ងប់សោះ។ ពួកគេក៏ដាក់ពាក្យប្ដឹងទៅសមត្ថកិច្ច។ ។

ពួកគេអះអាងថាដោយសារទីនេះជាសម្បុកល្បែងស៊ីសង ម៉្លោះហើយកើតមានអសន្តិសុខចោរលួច ចោរប្លន់។ សូម្បីតែអ្នកផ្ទះរបស់ពួកគេក៏ទៅលេងល្បែងដែរធ្វើឱ្យហិនហោចទ្រព្យសម្បត្តិ-លុយកាក់។ សូម្បីតែមនុស្សទើបតែវ័យជំទង់ក៏ចាប់ផ្ដើមចេះលេងល្បែងដែរ។ ខាងលើនេះជាការថ្លែងរបស់លោកភូមិថាម។ មុននឹងឈានដល់ការចេញប្រតិបត្តិការនេះ អាជ្ញាធរបានដាក់កម្លាំងតាមដាន និងឃ្លាំមើលទីតាំងនោះ១ខែ។ ពួកគេរកឱកាសល្អនៅពេលអ្នកលេងល្បែង និងមេល្បែងនៅជុំគ្នានឹងអាលចាប់ម្ដងមួយសម្បុកតែម្ដង។

លោកភូមិថាមថ្លែងបន្តទៀតថាកន្លែងលេងល្បែងនេះបើកទ្វារទទួលស្វាគមន៍ភ្ញៀវជារៀងរាល់ថ្ងៃចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង៦ភ្លឺ។ គិតទៅរយៈពេល២៤ម៉ោងបិទទ្វារតែ៤ម៉ោងប៉ុណ្ណោះ។ សមត្ថកិច្ចរកឃើញថាកន្លែងលេងល្បែងនេះក៏ជាសាខារបស់បណ្ដាញដទៃទៀតដែលត្រូវបានបង្ក្រាបជាបន្តបន្ទាប់។ ប៉ុន្តែកន្លែងនេះមិនខ្លាចច្បាប់ទេ។ ពួកគេនៅតែបើកដំណើរការដោយលួចលាក់។

នៅក្នុងប្រតិបត្តិការបង្ក្រាបលើកនេះ អាជ្ញាធរចាប់ឃុំខ្លួនអ្នកលេងល្បែងជាង២រយនាក់ និងរឹបអូសបានសៀវភៅកត់ត្រាបញ្ជីចំណូល-ចំណាយរបស់ធនាគារចំនួន១៧ក្បាល។ នៅពេលឆែកមើលលំហូរសាច់ប្រាក់ឃើញថាបនល្បែងនេះអាចកើបលុយមួយខែៗជាង៥រយលានបាត។ នៅទីនេះមានបន្ទប់លេងល្បែងចំនួន៥។

នៅក្នុងនោះក៏មានបន្ទប់វីអាយភីមួយចំនួន និងសាលលេងល្បែងធំនៅចំកណ្ដាលអគារតែម្ដង។ លោកភូមិថាមថ្លែងថាបន្ទប់លេងល្បែងនីមួយៗអាចមានគេចាក់លុយពី៣ទៅ៤លានបាតត្រឹមតែរយៈពេលពីរបីម៉ោងប៉ុណ្ណោះ។ ខាងលើនេះជាការដកប្រភពពីកាសែតបាងកកប៉ុស្តិ៍ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ