រាជធានីភ្នំពេញ៖រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថាអាកាសយាន្តដ្ឋានអន្តរជាតិតេជោ នឹងដាក់ឲ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងស្តីពីការបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ និង ពិធីសម្ពោធបើកឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៅថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២៥បានលើកឡើងថាយោង៖ចំណារដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថារដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានកិត្តិយសសូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា អស់លោក លោកស្រី និងសាធារណជន មេត្តាជ្រាបថា៖ រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍កំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋាន អន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ។

កំណត់យកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា អស់លោក លោកស្រី និងសាធារណជន មេត្តាជ្រាបសេចក្តីជូនដំណឹងនេះតាមការគួរ៕
ចែករំលែកព័តមាននេះ