រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ សាលាដំបូងភ្នំពេញ និងធ្វើពិធីប្រកាសសាលក្រមផ្តន្ទាទោសឈ្មួញគ្រឿងញៀន ៤នាក់ ពាក់ពន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនប្រមាណជិត ២០០គីឡូក្រាម ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងជួញដូរគ្រឿងញៀន និងសម្អាតប្រាក់មួយករណី មកបើកសវនាការជំនុំជម្រះក្តី ដើម្បីផ្តន្ទាទោលើជនជាប់ចោទ ដែលសវនាការនោះមានលោក ស សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាដំបូងរាជធានីភ្នំពេញ ដែលសវនាការនោះ បានធ្វើឡើងជាសាធារណៈ និងដោយចំពោះមុខជនជាប់ចោទ៤នាក់ មានមេធាវីការពារក្តីតាមត្រូវច្បាប់ផងដែរ ។
សូមជម្រាបទៀតថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ម៉ោង០៩ និង៣០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៩) ដឹកនាំដោយលោក វរសេនីយ៍ឯក សេង សុផល នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ភ្លៀន នឿន ជាមន្ត្រីនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវស៊ើប អង្កេតជាង៣ខែ រហូតឈានទៅបង្ក្រាបករណីជាក់ស្តែង កំពុងធ្វើសកម្មភាពជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅ៥ ទីតាំងផ្សេងៗ គ្នាជាបន្តបន្ទាប់ ៖
ទីតាំងទី១. នៅចំណុចទល់មុខស្ថានីយ៍ទឹកស្អាត សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ទីតាំងទី២. នៅក្នុងបន្ទប់លេខ១១១៨ ជាន់ទី១១ ក្នុងខុនដូមេគង្គវីយូ ៦ សង្កាត់.ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ទីតាំងទី៣. បន្ទប់លេខ១១១០ ខុនដូហែនលេន ភូមិកៀនឃ្លាំង សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ទីតាំងទី៤. ផ្ទះលេខ៦១ ផ្លូវ V-03 បុរីដឺហ្លររ៉ា ផ្លូវជាតិលេខ៦អា ភូមិក្តីចាស់ សង្កាត់បាក់ខែង ។
ទីតាំងទី៥. ផ្ទះលេខ៣២អ៉ី (16E) ផ្លូវជាតិលេខ៦អា ក្រុម១០ ភូមិក្រោលគោ សង្កាត់.ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
កម្លាំងសមត្ថកិច្ចនគរបាលជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់ (ប៉ុន្តែជាក់ស្តែងពេលសវនាការឃើញតែ៤នាក់ប៉ុណ្ណោះ) ដែលជនត្រូវចោទទាំង៤នោះ រួមមាន ៖
១. ឈ្មោះ លី ប៊ុនមីន ភេទប្រុស អាយុ៥១ ឆ្នាំ ជាមេខ្លោង
២. ឈ្មោះ ប៊ុន ម៉ាលីស ភេទស្រី អាយុ៥១ ឆ្នាំ
៣. ឈ្មោះ ស៊ុយ ឆេងឡាង ភេទស្រី អាយុ២៥ ឆ្នាំ
៤. ឈ្មោះ កេះ ស្រីពេញ ភេទស្រី អាយុ២៦ ឆ្នាំ ។
សមត្ថកិច្ចចាប់យកវត្ថុតាង គ្រឿងញៀន ៖
១.មេតំហ្វេតាមីន (ICE) ទម្ងន់ ១៥៨គីឡូក្រាម និង២៤ក្រាម
២.កេតាមីន (Ketamine) ទម្ងន់ ២២គីឡូក្រាម និង៦៨៤ក្រាម
៣.ហេរ៉ូអ៊ីន (Heroine) ទម្ងន់ ៧គីឡូក្រាម និង៤៣៤ក្រាម ។
សរុបសារធាតុញៀនទាំងអស់មានទម្ងន់ ១៨៨ គីឡូ១៤២ ក្រាម ។ ចាប់យកទ្រព្យសម្បត្តិ ដែលសង្ស័យជាផលកើតចេញពីបទ ល្មើសគ្រឿងញៀន រួមមាន ៖
-សាច់ប្រាក់ជាង៣០ម៉ឺនដុល្លារអាមេរិក អចលនទ្រព្យ រថយន្ត គណនីធនាគារ ប្រមាណតម្លៃរាប់លានដុល្លារអាមេរិក ៕




ចែករំលែកព័តមាននេះ