រាជធានីភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ត្រូវជនមិនស្គាល់មុខ២នាក់ ព្រួតគ្នាវាយបណ្ដាលឲ្យដួលបោកក្បាលស្លាប់ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ការប្រើហិ.ង្សាមានស្ថានទម្ងន់ទោស រហូតមរណភាពនេះ បានកើតឡើងនៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្លូវលេខ២០១១ មុខផ្ទះលក់អីវ៉ាន់យីហោ ពេជ្រ ចិន្តា ក្នុង ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ដោយសារការប្រើហិង្សានេះ ឈ្មោះ សុខ ភារ៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនៅកម្មករសំណង់ ទីលំនៅផ្ទះលេខ៥១ ផ្លូវលំ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនដៃដល់ ដែលជាឃាតករ ត្រូវបានគេអះអាងថា ចំនួនពីរនាក់ពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ ។
តាមព័ត៌មានឲ្យដឹងថា នៅវេលាមុនពេលកើតហេតុ គេឃើញជនរងគ្រោះកំពុងតែដើរនៅតាមដងផ្លូវ ស្រាប់តែជនសង្ស័យចំនួន២នាក់ បាននាំគ្នាព្រួតវាយទៅលើជនដងគ្រោះបណ្ដាលឲ្យដួលសន្លប់នៅលើដងផ្លូវលេខ២០១១ នៅក្បែរផ្លូវចូលផ្ទះរបស់ជនរងគ្រោះ ។
ទាក់ទិននឹងការប្រើហិង្សានេះ គេពុំដឹងថា ជនរងគ្រោះមានទំនាស់អ្វីមួយជាមួយនឹងជនដៃដល់ ដែលជាឃាតករនោះឡើយ។ បន្ទាប់ពីបង្កហិង្សាជនដៃដល់បានគេចខ្លួនបាត់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារជនរងគ្រោះនាំគ្នាបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពតេជោសន្តិភាពហើយត្រូវគ្រូ ពេទ្យឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិត ហើយត្រូវក្រុមគ្រួសារបញ្ជូនមកផ្ទះដើម្បីធ្វើបុណ្យ។ បន្ទាប់ពីមានអំពើហិង្សាវាយមនុស្សស្លាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងនគរបាលខណ្ឌសែនសុខ បានចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកឃាតករ និងទាក់ទងទៅនគរបាលជំនាញដើម្បីចុះទៅត្រួតពិនិត្យនៅវេលាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ។
តាមការត្រួតពិនិត្យលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយប៉ះទង្គិចក្បាលធ្ងន់ធ្ងរ វាយបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់។ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារតម្កល់នៅគេហដ្ឋានធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកព័តមាននេះ