រាជធានីភ្នំពេញ ៖ កំពូលអ្នកច្បាប់ម្នាក់ ក្នុងចំណោមអ្នកច្បាប់ផ្សេងទៀត បានជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីពិភាក្សារឿងក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ជាមួយថៃ ចំពោះតំបន់ជម្លោះបួនកន្លែង ។
សម្តេចធិបតី បានមានប្រសាសន៍ថា សម្តេចបានជួបជាមួយលោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) ដើម្បីពិនិត្យ ពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជា ក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ។
លោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល គឺជាសមាជិកដ៏សំខាន់មួយរូប ក្នុងក្រុមទីប្រឹក្សាច្បាប់ និងមេធាវី ដែលបានជួយអោយកម្ពុជាទទួលជោគជ័យ ក្នុងរឿងក្តីនៃការបកស្រាយសាលក្រមប្រាសាទព្រះវិហារ (១៩៦២) នៅឆ្នាំ ២០១១-២០១៣ នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជានៅបន្តមិនរាថយ នោះទេ ចំពោះការនាំយករឿងក្តីពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ៕
ចែករំលែកព័តមាននេះ