ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ឥណ្ឌូ​នេ​ស៊ី​ម្នាក់ ​ដួល​ផ្កា​ម់​មុខ​សន្លប់​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​ក្រោយ​ជន​មិន​ស្គាល់​មុខ​ដឹក​តាម​រថយន្ត​យក​ទៅ​ទម្លាក់​ចោល

13 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់ ​ពុំ​ដឹង​ថា ​ទើបតែ​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ថ្មី​ៗ ឬក៏​ចូល​មក​យូរហើយ​នោះ​ទេ ហើយ​ក៏​ពុំ​ដឹង​ថា ​គាត់​មានរឿង​អ្វី​នោះ​ដែរ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ​ដឹក​តាម​រថយន្ត​…

រាជធានីភ្នំពេញ​ ៖ បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់ ​ពុំ​ដឹង​ថា ​ទើបតែ​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ថ្មី​ៗ ឬក៏​ចូល​មក​យូរហើយ​នោះ​ទេ ហើយ​ក៏​ពុំ​ដឹង​ថា ​គាត់​មានរឿង​អ្វី​នោះ​ដែរ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ​ដឹក​តាម​រថយន្ត​ ១​គ្រឿង ​យក​ទៅ​ទម្លាក់​ចោល។ ពេល​នោះ​គាត់​បាន​អូស​វ៉ា​លី​ស១​ ដើរ​ចុះឡើង​ៗ​បាន​មួយសន្ទុះ​ប៉ុណ្ណោះ ក៏​ស្រាប់តែ​ដួល​ផ្កា​ម់​មុខ​សន្លប់​ស្ដូកស្ដឹង​ ដោយ​ពុំ​ដឹង​ថា​ គាត់​ហេវ​ហត់​អស់កម្លាំង​ពេក ឬក៏​មាន​បញ្ហា​អ្វី​ផ្សេង​ទេ បន្ទាប់​មក​ត្រូវ​បាន​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ​ដឹក​យក​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

ហេតុការណ៍​នោះ​ បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ខាងលើ​នោះ​ឈ្មោះ​ ANDRES អាយុ​៤១​ឆ្នាំ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ហើយ​ពុំ​ដឹង​ថា បច្ចុប្បន្ន​គាត់​ស្នាក់​នៅ​ទីណា​នោះ​ឡើយ នៅ​ជាប់​ខ្លួន​គាត់​មាន​វ៉ា​លី​ស​១ ហើយ​នៅ​ក្នុង​វ៉ា​លី​ស​នោះ​មាន​ខោអាវ​មួយ​ចំនួន លិខិតឆ្លងដែន លិខិត​សម្គាល់​ខ្លួន ប្រាក់​ចំនួន​៦​ពាន់​រៀល និង​លុយ​ឥណ្ឌូ​នេ​ស៊ី ​ចំនួន​២​ពាន់ ។ សម្ភារៈ​ទាំងនោះ ត្រូវ​នគរបាល​យក​ទៅ​ប្រគល់​ឲ្យ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣​រក្សា​ទុក លើកលែងតែ​លិខិតឆ្លងដែន​១​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​គ្រូពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ​ដក​យក​ទៅ ​ដើម្បី​សរសេរ​ឯកសារ​ផ្សេង​ៗ ។

បើ​តាម​ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បានឃើញ​រថយន្ត​ ១​គ្រឿង​ បើក​ទៅ​ឈប់​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ បន្ទាប់​មក​ឃើញ​ បុរស​នោះ​ចុះ​ពីលើ​រថយន្ត​ និង​មាន​អូស​វ៉ា​លី​ស ​១​ផង ប៉ុន្តែ​ពួក​គាត់​មិន​បាន​ចាំ​ថា ​រថយន្ត​នោះ​ម៉ាក​អ្វី​នោះ​ទេ។ លុះ​ដាក់​បុរស​នោះ​ចុះ​ហើយ​រថយន្ត​នោះ​ ក៏​បើក​ចេញ​ទៅ​បាត់ ចំណែក​បុរស​នេះ ​បាន​អូស​វ៉ា​លី​ស ព​ណ៍​ផ្កាឈូក​ របស់​គាត់​ដើរ​ចុះ​ដើរ​ឡើង​ និង​សួរ​គេឯង​រក​ប៉ុស្តិ៍​នគរបាល ហើយ​មួយសន្ទុះ​ក្រោយមក​ មិនដឹង​យ៉ាងម៉េច​ ក៏​ស្រាប់តែ​ដួល​ផ្កា​ម់​មុខ​សន្លប់​ស្ដូកស្ដឹង ​ទាំង​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ថែម​ទៀត​ផង ។

ប្រជាពលរដ្ឋ ​បាន​និយាយ​បន្ត​ទៀត​ថា បុរស​នោះ​បាន​សន្លប់​រយៈពេល​ប្រមាណ​២​ម៉ោង​ នៅ​មិន​ទាន់​ដឹងខ្លួន​ទៀត ទោះបី​ពួក​គាត់​ជួយ​សង្គ្រោះ​បឋម​ក៏​មិនដឹង​ខ្លួន​ឡើយ ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ហើយ​ពួក​គាត់​ក៏​បាន​រាយការណ៍​ជូន​ប្រជា​ការពារ​ភូមិ បានដឹង។ បន្ទាប់​មក​មេ​ភូមិ ព្រមទាំង​ប្រជា​ការពារ​ភូមិ​ព្រៃ​ទា​១ និង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​កាន់​ទីនោះ រួច​ហៅ​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ​ដឹក​បុរស​នោះ​ទៅ​សង្គ្រោះ។ ប៉ុន្តែ​ដោយ​មើលឃើញ​ស្ថានភាព​ធ្ងន់ធ្ង​រ រថយន្ត​ពេទ្យ​ខាងលើ​បាន​ដឹក​បុរស​នេះ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​វិញ ដោយឡែក​មហាជន​សង្ឃឹមថា​ សមត្ថកិច្ច​ នឹង​បើក​ការ​ស្រាវជ្រាវ​ ដើម្បី​បានដឹង​អំពី​រឿងរ៉ាវ​របស់​បុរស​នេះ​មិន​ខាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ