ខេត្តកណ្តាល ៖ ផ្ទះជួសជុលម៉ូតូមួយកន្លែង ត្រូវបានអគ្គិភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅ ទាំងកណ្តាលរាត្រី បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ ។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីម៉ោង០២ និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ស្ថិតចំណុចភូមិលេខ០៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

បើយោងតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឈឹម ស្រី អាយុ៥៦ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងតែដេកលង់លក់ជាមួយនឹងប្រពន្ធកូន ស្រាប់តែឮសំឡេងផ្ទុះចេញពី
បារ៉ែតភ្លើងចំនួន០១ដង គាត់ក៏បានងើបមកមើល ស្រាប់តែមានផ្សែងខ្មៅលាយឡំជាមួយអណ្តាតភ្លើងឆេះយ៉ាងសន្ធោរសន្ធៅទៅហើយ ភា្លមៗនោះគាត់បាននាំគ្នាស្ទុះស្ទាររត់ចេញមក ខាងក្រៅស្រែកឲ្យអ្នកជិតខាងជួយ ។

ស្របពេលនោះ ប្រជាពលរដ្ឋបាននាំគ្នាយកទុយោទឹក ដើម្បីជួយបាញ់ តែទប់ទល់មិនបាន ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចឲ្យជួយចុះមកអន្តរាគមន៍ ដើម្បីកុំអោយមានការរាលដាលកាន់តែខ្លាំងដល់ផ្ទះដទៃទៀត ។

បន្ទាប់ពីទទួលបានដំណឹងថា មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យរថយន្តបង្ការអគ្គិភ័យពន្លត់ និងសង្គ្រោះចេញរថយន្តទៅជួយអន្តរាគមន៍ពន្លត់អគ្គិភ័យផងដែរ ។

ម្ចាស់ផ្ទះមានឈ្មោះ ឈឹម ស្រី អាយុ៥៦ឆ្នាំ ឆេះខូចខាតផ្ទះ០១ខ្នងទំហំ៦ម៉ែត្រ×៨ម៉ែត្រ សង់អំពីបេតុងក្រោម ឈើលើប្រក់ក្បឿងឆេះអស់ទាំងស្រុង ។ ក្នុងខូចខាតសម្ភាររួមមាន ៖ ឧបករណ៏គ្រឿងជុសជុសម៉ូតូខូចខាតទាំងស្រុង, ទ្រព្យសម្បត្តិនឹងរបស់របរប្រើប្រាស់ក្នុងផ្ទះឆេះខូចខាតទាំងស្រុង ,មាសចំនួន៣ដំឡឹង ,ផ្លាក់ទីន១ដំឡឹង ,ប្រាក់ដុល្លារ៨០០០$ និងប្រាក់រៀលមួយចំនួន ។

ដោយក្នុងនោះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន០២គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់បញ្ជាការដ្ឋានអង្គរក្សសម្តេច ចំនួន០២គ្រឿងដោយបានប្រើប្រាស់ទឹកនៅអស់ចំនួន០៦រថយន្ត ទើបគ្រប់គ្រងបាន និងរលត់ជាស្ថាពរនៅវេលាម៉ោង ០៤ និង ០០ នាទីទាបភ្លឺថ្ងៃដដែល ។ ចំពោះមូលហេតុ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ៕

ចែករំលែកព័តមាននេះ