ទីក្រុងវ៉ាស៊ីតោន៖ សាកលវិទ្យាល័យហាវើតដាក់ពាក្យប្ដឹងរដ្ឋាភិបាលរបស់លោកត្រាំទៅតុលាការបន្ទាប់ពីលោកសម្រេចចិត្តផ្ដាច់សិទ្ធិមិនឱ្យគ្រឹះស្ថានអប់រំដ៏ល្បីលំដាប់កំពូលនៅលើពិភពលោក១នេះអាចទទួលចុះឈ្មោះនិស្សិតបរទេសឱ្យចូលរៀនតទៅទៀត។ ពាក្យបណ្ដឹងបានដាក់ជូនតុលាការសាលាដំបូងនៃទីក្រុងបូស្តុន រដ្ឋម៉ាស្សាឈូសេត (Boston, Massachusetts)។
ហាវើតចាត់ទុកការផ្ដាច់សិទ្ធិរបស់ខ្លួននេះជាទង្វើរំលោភបំពានយ៉ាងកម្រោលច្បាស់ក្រឡែតប្រឆាំងនឹងស្មារតីនៃរដ្ឋធម្មនុញអាមេរិកដែលជាច្បាប់កំពូលរបស់រដ្ឋ ហើយក៏ជាការរំលោភច្បាប់សហព័ន្ធដទៃទៀតផងដែរ។ ទង្វើនេះ បើយោងតាមហាវើត បានជះឥទ្ធិពលដ៏អាក្រក់ភ្លាមៗទៅលើដំណើរប្រព្រឹត្តរបស់ខ្លួន និងនិស្សិតបរទេសដែលកំពុងសិក្សាជាង៧ពាន់នាក់។
ហាវើតថ្លែងថាគ្រាន់តែចាត់ការ១ប្រាវប៉ុណ្ណោះ រដ្ឋាភិបាលចង់បោសសម្អាតនិស្សិត១/៤របស់ហាវើត និងនិស្សិតបរទេសដែលបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការបើកដំណើរការសាកលវិទ្យាល័យ និងការបន្តបេសកកម្មរបស់ខ្លួន (បង្រៀន និងស្រាវជ្រាវ)។ ហាវើតសរសេររៀបរាប់បន្តទៀតថានេះជាការសងសឹកទៅលើហាវើតដែលប្រើប្រាស់សិទ្ធិរបស់ខ្លួន (ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ) មិនធ្វើតាមរដ្ឋាភិបាលលោកត្រាំដែលចង់គ្រប់គ្រងរបៀបធ្វើការ, ការរៀបចំកម្មវិធីសិក្សា និងមនោគមន៍វិជ្ជារបស់មហាវិទ្យាល័យនានា និងនិស្សិតរបស់ហាវើត។
រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ (ប្រហាក់ប្រហែលនឹងក្រសួងមហាផ្ទៃនៅប្រទេសដទៃទៀត) កាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាឱ្យហាវើតបិទបញ្ចប់ការទទួលចុះឈ្មោះ និងផ្លាស់ប្ដូរទស្សនកិច្ចសិក្សានិស្សិតបរទេស។ លោកស្រីរដ្ឋមន្ត្រីរូបនេះចោទប្រកាន់ថាហាវើតញុះញង់ឱ្យមានអំពើហិង្សា, គំនិតប្រឆាំងនឹងជនជាតិជ្វីប/អ៊ីស្រាអែល និងចូលដៃជាមួយបក្សកម្មុយនិស្តចិន។
ហាវើតទទួលនិស្សិតបរទេសឱ្យចូលរៀនជិត៦៨០០នាក់នៅឆ្នាំសិក្សាឆ្នាំ២០២៥នេះ។ ពោលគឺស្មើនឹង២៧%នៃចំនួននិស្សិតសរុបដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យរបស់ខ្លួន។ តាមរយៈបទបញ្ជាថ្មីនេះ ហាវើតថ្លែងថាខ្លួនត្រូវតែបង្ខំចិត្តបដិសេធសំណើរបស់បេក្ខជនដែលដាក់ពាក្យសូមចូលរៀនរាប់ពាន់នាក់, ត្រូវបង្ខំចិត្តលុបចោលកម្មវិធីសិក្សាស្រាវជ្រាវជាច្រើន, កម្មវិធីស្រាវជ្រាវសុខាភិបាល, កម្មវិធីសិក្សាទូទៅ និងស្រាវជ្រាវនៅមន្ទីរពិសោធ។
នៅក្នុងជម្លោះដ៏ស្រួចស្រាល់នេះ ពីដំបូងដៃបន្ទាប់ពីហាវើតប្រឆាំងនឹងនយោបាយរបស់ត្រាំ លោកសម្រេចកាត់ផ្ដាច់ជំនួយ២ពាន់លានដុល្លារសម្រាប់ឧបត្ថម្ភការបើកដំណើរការជាប្រក្រតីនៅក្នុងសាកលវិទ្យាល័យ។ ក្រោយមក លោកកាត់ជំនួយ៤៥០លានដុល្លារបន្ថែមទៀត។ ក្រោយការបញ្ជារបស់រដ្ឋាភិបាលថ្ងៃនេះ និស្សិតបរទេសទាំងអស់ដែលកំពុងសិក្សានៅហាវើតត្រូវតែខិតខំផ្ទេរទៅសាកលវិទ្យាល័យផ្សេងជាប្រញាប់។ បើមិនដូច្នេះទេ ពួកគេនឹងបាត់បង់សិទ្ធិស្នាក់នៅអាមេរិក៕
ចែករំលែកព័តមាននេះ