រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរដណ្តើមខ្សែក្រវាត់K-cement ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមនៅលើសង្វៀន CTN ថ្ងៃអាទិត្យទី២៣ មិថុនា ស្អែកបានឈានចូលដល់សប្តាហ៍ទី៤ហើយក៏ជាការប្រកួតវគ្គជម្រុះក្នុងពូលB ជុំទី២ផងដែរ ។ កីឡាករដែលមានមុខប្រកួតក្នុងកម្មវិធីខាងលើគឺឆាំ រ៉ែម មកពីក្លិបសិង្ហកីឡា ជួបជាមួយចាន់ រតនៈ មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ។
សម្រាប់ពូលB នៅជុំទី១ គេបានរកឃើញម៉ន វីរៈ មកពីក្លិបវិស្វកម្មបច្ចេកទេសទ័ពជើងគោកម្នាក់រួចមកហើយ ដែលមានសំណាងរកបាន៣ពិន្ទុមុនគេនោះ បន្ទាប់ពីផ្តួលកីឡាករអ៊ុង ស៊ីណា មកពីក្លិបផ្សារបឹងទំពុនឱ្យសន្លប់នៅត្រឹមទឹកទី៣រួចមក ។ លើកនេះទាំងឆាំ រ៉ែម និងចាន់ រតនៈ សុទ្ធតែមានមហិច្ឆតាចង់បាន៣ពិន្ទុមុនគេដូចគ្នា ។ រវាងគូនេះមានប្រវត្តិឡើងសង្វៀនប្រកួតយ៉ាងជោកជាំដូចគ្នា ល្បិចប្រយុទ្ធក៏មិនលើសគ្នាដែរ ។ ទោះបីយ៉ាងណា ឆាំ រ៉ែម ធ្លាប់ចាញ់ពិន្ទុចាន់ រតនៈ ម្តងរួចមកហើយ បើទោះជាគេមានស្នៀតកណ្តាប់ដៃនិងស្នៀតជើងល្អ ជំហរប្រកួតរឹងមាំ តែចិត្តឆាប់ប្រឡោតនិងមានការធ្វេសប្រហែសច្រើន ។
រីឯចាន់ រតនៈ វិញ ចិត្តរបស់គេហា៊នខ្លាំងណាស់ និងមិនសូវចេះបន្ធូរដៃឱ្យគូប្រកួត ឬស្ទាបស្ទង់យូរឡើយ ។ ចាប់ផ្តើមបើកឆាកភា្លមវាយសម្រុកប្រាវៗយកឈ្នះតែម្តងដោយប្រើស្នៀតទាំងអស់ ជាពិសេសស្នៀតកែង និងជង្គង់របស់គេតែម្តង ពេលវាយចេញម្តងៗបង្កគ្រោះថ្នាក់ខ្លាំងណាស់ ។ លើកនេះឆាំ រ៉ែម មិនត្រឹមតែត្រូវការ៣ពិន្ទុប៉ុណ្ណោះទេ ថែមទាំងត្រូវទូទាត់បញ្ជីចាស់ជាមួយចាន់ រតនៈ ទៀតផង ប៉ុន្តែមិនដឹងថាអាចទៅរួចឬអត់ ។ ចំណែកគូប្រកួតមិត្តភាពវិញពេជ្រ អរុណ មកពីក្លិបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀនជួបជាមួយឡុង សុវណ្ណពៅ មកពីក្លិបសាលវ័ន្តកីឡា ។
ផល សីហា មកពីក្លិបយុវជនកម្ពុជាខណ្ឌមានជ័យ ជួបជាមួយសេរី រតនា មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ។ យ៉ាម រ៉េត មកពីក្លិបរស្មីកុមារកំព្រា ជួបជាមួយសោម ទឿ ទី មកពីក្លិបខ្លារខិនមានឫទ្ធិ ។ ហេង សត្រា មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀនជួបជាមួយខុន ឆៃប៉ុង មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ ។ សរ រាជសីហ៍ មកពីក្លិបមោងឫស្សីខេត្តបាត់ដំបង ជួបជាមួយហេង សារិទ្ធ មកពីក្លិបព្រៃទទឹងមានឫទ្ធិបង្ក្រាបគ្រឿងញៀន ខេត្តបាត់ដំបង និងកឿម សុវណ្ណនឿត មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ប្រកួតជាមួយបឹង ស៊ីយ៉ាត មកពីក្លិបអេភូថងកីឡា ៕
ចែករំលែកព័តមាននេះ