រាជធានីភ្នំពេញ ៖ រថយន្ត Ford ជាប្រភេទរថយន្តដែលកំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជា និងត្រូវបានប្រជាជនកម្ពុជាគាំទ្រ និងប្រើប្រាស់ច្រើន ។ នៅក្នុងឆ្នាំ២០១៣នេះ ការលក់រថយន្ត Ford នៅក្នុងក្រុមហ៊ុន RMA Cambodia មានកំណើនឡើងគួរឱ្យកត់សម្គាល់ ដែលអាចនិយាយបានថា នៅក្នុងឆ្នាំនេះការលក់រថយន្តប្រភេទនេះកើនឡើងទ្វេដង និងអាចលើសទ្វេដងទៅទៀត ។
យោងតាមប្រសាសន៍របស់លោក ហ៊ិន សុភាព អនុប្រធានគ្រប់គ្រងផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានឱ្យដឹងថា ឆ្នាំនេះក្រុមហ៊ុនបាននាំចូលរថយន្តប្រភេទថ្មីៗ ប្លែកៗ ដើម្បីបម្រើតម្រូវការរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា ។ ចំពោះការលក់រថយន្ត Ford នៅក្នុងប្រទេសកម្ពុជានៅឆមាសទីមួយ ឆ្នាំ២០១៣នេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២ ឃើញថា ឆ្នាំនេះការលក់រថយន្ត Ford មានកំណើនគួរជាទីពេញចិត្តសម្រាប់ក្រុមហ៊ុន វាអាចកើនឡើងក្នុងរង្វង់ពី៥០ទៅ៦០% ។
លោក ហ៊ិន សុភាព បានឱ្យដឹងពីមូលហេតុដែលធ្វើឱ្យការលក់មានកំណើននេះថា ដោយសារតែនៅក្នុងឆ្នាំនេះក្រុមហ៊ុនបាននាំចូលរថយន្តប្រភេទថ្មីៗមកក្នុងប្រទេសកម្ពុជា ដូចជារថយន្តប្រភេទ Ford Ranger ដែលជាប្រភេទរថយន្តល្អជាងគេបំផុត ហើយមានរថយន្តប្រភេទផ្សេងទៀតដែលមានបច្ចេកវិទ្យាទំនើបៗលើសគេនៅក្នុងកម្រិតរបស់វា ហើយជាប្រភេទរថយន្តដែលមានការទាក់ទាញខ្លាំងពីអតិថិជនផងដែរ ។ មួយវិញទៀត ដោយសារតែប្រជាជនកម្ពុជាមានកម្រិតជីវភាពធូរធារ ហើយពួកគាត់ចូលចិត្ត និងងាកមករកការប្រើប្រាស់ប្រភេទរថយន្តថ្មីៗច្រើនផងដែរ ។
លោកបន្ថែមថា បើទោះបីជាការលក់រថយន្តមានកំណើនឡើងក៏ដោយ ក៏ក្រុមហ៊ុននៅតែមានសេវាកម្មថ្មីៗ ដើម្បីផ្តល់ជូនអតិថិជនដែលបានទិញរថយន្ត Ford ប្រើប្រាស់ ដូចជាការថែទាំ និងជួសជុលរថយន្តដោយឥតគិតថ្លៃដល់អតិថិជនក្នុងរយៈពេលធានា៣ឆ្នាំ ឬក៏៦ម៉ឺនគីឡូម៉ែត្រជាដើម ។ ជាពិសេសនោះ ក្រុមហ៊ុននៅមានសេវាកម្មដ៏អស្ចារ្យមួយទៀត គឺសេវាកម្មចល័តដែលធានាការជួសជុលជូន២៤ម៉ោង នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ។ នៅពេលដែលការលក់មានកំណើនច្រើនដូចនេះ សូមបញ្ជាក់ថា ចំពោះការនាំចូលវិញ គឺមានកំណើនឡើងដូចគ្នា ហើយនៅក្នុងឆមាសទីពីរក្នុងឆ្នាំ២០១៣នេះ និងនៅឆ្នាំបន្តបន្ទាប់ទៀត លោកសង្ឃឹមថា រថយន្ត Ford នឹងមានការគាំទ្រកាន់តែច្រើនឡើងពីសំណាក់អតិថិជននៅកម្ពុជា ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុននឹងមានកម្មវិធីពិសេសសម្រាប់ផ្តល់ជូនអតិថិជនផងដែរ ដែលបានមកទិញ និងគាំទ្ររថយន្ត Ford ដូចជា នៅក្នុងឱកាសខួប១១០ឆ្នាំ នៃក្រុមហ៊ុន Ford ដោយបានផ្តល់ជូនអតិថិជនដែលទិញរថយន្ត Ford ចាប់ពីពេលនេះរហូតដល់ខែកក្កដា ឆ្នាំ២០១៣នេះ នឹងទទួលបានការចាក់ប្រេងឥន្ធនៈតូតាល់រហូតដល់១.១០០លីត្រដោយឥតគិត ថ្លៃ ៕
ចែករំលែកព័តមាននេះ