ទីភ្នាក់ងារសារព័ត៌មានផ្លូវការអេហ្ស៊ីប MENA រាយការណ៍ថា តុលាការអេហ្ស៊ីបមួយបានសម្រេចកាលពីថ្ងៃទី២០ មិថុនា គាំទ្រសេចក្តីសម្រេចរបស់តុលាការមួយ ហើយដោះលែងអតីតប្រធានាធិបតីអេហ្ស៊ីបលោកហូស្នី មូបារ៉ាក់ ទាក់ទិនរឿងសម្លាប់ពួកបាតុករ ។
តុលាការព្រហ្មទណ្ឌក្រុងគែរបានបដិសេធការតវ៉ាទៅសាលាឧទ្ធរណ៍របស់ក្រសួងកិច្ចការសាធារណៈប្រឆាំងនឹងការសម្រេចចិត្តកាលពីថ្ងៃទី១៨ មិថុនាកន្លងមកនេះ របស់តុលាការសាលាដំបូងសម្រាប់ផ្នែកខាងជើងទីក្រុងគែរ ដើម្បីដោះលែងអតីតប្រធានាធិបតីជាបណ្តោះអាសន្នចំពោះបទចោទប្រកាន់ថា ជាអ្នកទទួលខុសត្រូវលើការសម្លាប់បណ្តាបាតុករពេលមានការបះបោរតវ៉ាកាលពីខែមករា ឆ្នាំ២០១១ ដែលនាំទៅដល់ការផ្តួលរំលំអតីតប្រធានាធិបតីរូបនេះ។ ទោះបីជាយ៉ាងណា លោកមូបារ៉ាក់នៅតែជាប់ឃុំឃាំងលើបទចោទប្រកាន់ឯទៀតៗ ពិសេសការចោទប្រកាន់ពីបទប្រមូលយកមូលនិធិសាធារណៈសម្រាប់ប្រើជួសជុលថែរក្សាបណ្តាវិមានប្រធានាធិបតី ។
មេធាវីរបស់លោកមូបារា៉ក់ម្នាក់អះអាងកាលពីថ្ងៃទី២០ មិថុនាថា អតីតប្រធានាធិបតីរូបនោះសម្រាប់ពេលនេះនៅពុំទាន់ត្រូវបានដោះលែងទាំងស្រុងទេ ព្រោះលោកនៅជាប់ឃុំឃាំងបណ្តោះអាសន្ន ពីបទចោទប្រកាន់រឿងប្រមូលយកប្រាក់សម្រាប់ជួសជុលថែរក្សាបណ្តាវិមាន ប្រធានាធិបតីដែលសវានារឿងនោះទើបចាប់ផ្តើម ។ បច្ចុប្បន្នការដោះលែងលោកមូបារា៉ក់ក្នុងរឿងចោទប្រកាន់សម្លាប់ពួកបាតុករ និងប្រមូលទ្រព្យដោយខុសច្បាប់ក្លាយជាស្ថាពរហើយ ។
ឮលោកមូបារ៉ាក់ត្រូវទទួលការកាត់ទោសដាក់ គុកអស់មួួយជីវិត ក្នុងសវនាការកាត់ទោសកាលខែមិថុនា ឆ្នាំ២០១២ ក៏ប៉ុន្តែលោកបានតវ៉ាជំទាស់នឹងការកាត់ទោសនេះ ហើយតុលាការបានយល់ព្រមលើការតវ៉ានោះ រួចបានសម្រេចបើកសវនាការកាត់ទោសជាថ្មីដែលចាប់ផ្តើមពីខែឧសភាមក ៕
ចែករំលែកព័តមាននេះ