រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានអះអាងថា ឆ្នាំ២០២០ នឹងទទួលបានជោគជ័យទាំងស្រុងលើការផ្គត់ផ្គង់អគ្គិសនីគ្របដណ្តប់គ្រប់ភូមិទាំងអស់នៅទូទាំងប្រទេស ជាអគ្គិសនីដែលមានគុណភាព និងស្ថិរភាព ។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងលើកឡើងបែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ Sunniya Durrani-Jamal នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)នៅទីស្តីការក្រសួង ថ្ងៃទី២៨ ខែវិច្ឆកាកន្លងមក ។
លោករដ្ឋមន្ត្រីបានលើកឡើងថា គោលនយោបាយអភិវឌ្ឍន៍វិស័យថាមពលឆ្នាំ២០២០ របស់រាជរដ្ឋាលភិបាល នឹងទទួលបានជោគជ័យទាំងស្រុងលើការផ្គត់ផ្គង់អគ្គិសនី ដោយគ្របដណ្តប់គ្រប់ភូមិដែលមានជាង១ម៉ឺនភូមិនៅទូទាំងប្រទេស ដោយមកដល់ពេលនេះ រាជរដ្ឋាភិបាលបានតភ្ជាប់ទៅតាមភូមិទូទាំងប្រទេសបានចំនួន៨៦,៨៥% និងបានតភ្ជាប់ដល់ខ្នងផ្ទះប្រជាពលរដ្ឋបាន៧៣%ហើយ ។ « ដូច្នេះនៅក្នុងផែនការដល់ឆ្នាំ២០២០ យើងនឹងអាចតភ្ជាប់បានគ្រប់ភូមិ១០០%នៅទូទាំងប្រទេស ។
លោករដ្ឋមន្ត្រីបានរំលឹកថា ៖« ការអភិវឌ្ឍន៍វិស័យអគ្គិសនី ចាប់តាំងពីក្រោយពីរបបខ្មែរក្រហមមក កម្ពុជាបានដើរចេញពីចំណុចសូន្យ មកមានអគ្គិសនីផ្គត់ផ្គង់គ្រប់គ្រាន់ និងឯករាជ្យភាពដោយខ្លួនឯង »។
លោកបញ្ជាក់ថា ៖« មកដល់បច្ចុប្បន្ន ការអភិវឌ្ឍន៍វិស័យអគ្គិសនីកម្ពុជា មានវារីអគ្គិសនីចំនួន៦កន្លែងកំពុងដំណើរការ ក្នុងនោះប្រភពចេញពីធ្យូងថ្ម ប្រភពមកពីរោងចក្រដុតប្រេងខ្មៅ ប្រភពថាមពលកកើតឡើងវិញ និងប្រភពអគ្គិសនីចែកចាយអគ្គិសនីតូចៗ សរុបទាំងអស់កម្ពុជាមានថាមពលដែលកំពុងផ្គត់ផ្គង់ជាង២ពាន់មេហ្គាវ៉ាត់ ដែលបាននិងកំពុងដំណើរការ » ។
លោកជំទាវ Sunniya Durrani-Jamal នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ប្រចាំកម្ពុជា បានថ្លែងនូវការកោតសសើរអំពីការអភិវឌ្ឍក្នុងការបំពេញតាមសេចក្តីត្រូវការក្នុងប្រទេស ។ ទោះជាយ៉ាងនេះក្ដី លោកជំទាវបានថ្លែងថា ដើម្បីជំរុញការគ្រប់គ្រងវិស័យនេះឲ្យកាន់តែមានតម្លាភាព ការរៀបចំផែនការមេ (Master Plan) មានសារសំខាន់ណាស់សម្រាប់កម្ពុជា ។
លោកជំទាវបន្តថា ៖« បច្ចុប្បន្នក្រុមបច្ចេកទេសរបស់ធនាគារADBកំពុងពិភាគ្សាដើម្បីជួយដល់ការរៀបចំគម្រោងនេះ ដែលជាផ្នែកមួយជំរុញឲ្យវិស័យអគ្គិសនីនៅកម្ពុជា ទទួលបានជោគជ័យមួយយ៉ាងធំ សម្រាប់ឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់ ជាពិសេសការផ្តល់ផលប្រយោជន៍ ដល់ការអភិវឌ្ឍរបស់ប្រទេសជាតិកាន់តែខ្លាំងក្លាថែមទៀត »។
នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវការបញ្ចុះតម្លៃអគ្គិសនី, ការរៀបចំតំបន់ឧស្សាហកម្ម, ការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីប្រែក្លាយពីឧស្សាហកម្មដោយប្រើប្រាស់អតិពលកម្ម ទៅជាកម្លាំងពលកម្មជំនាញដែលអាចបង្កើត និងទាញយកតម្លៃបន្ថែមកាន់តែច្រើន ។
ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ជាសាធារណៈថា នៅឆ្នាំ២០១៩ខាងមុខនេះ នឹងបញ្ចុះតម្លៃអគ្គិសនីបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងវិស័យឧស្សាហកម្មកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា ៖« ការបញ្ចុះថ្លៃអគ្គិសនី វាក៏នាំមកនូវការប្រកួតប្រជែងរវាងកម្ពុជា ជាមួយនឹងប្រទេសជិតខាង ដែលក្នុងនោះការបញ្ចុះថ្លៃអគ្គិសនី វាមិនគ្រាប់តែសម្រួលដល់ម្ចាស់រោងចក្រ ម្ចាស់សណ្ឋាគារ និងម្ចាស់អាជីវកម្មប៉ុណ្ណោះទេ ក៏ប៉ុន្តែប្រាក់ដែលចំណេញ ពីការបញ្ចុះថ្លៃអគ្គិសនី វានឹងបានទៅជាផលប្រយោជន៍ ដែលដំឡើងដល់ប្រាក់បៀវត្សរ៍សម្រាប់កម្មករ កម្មការិនី ដែលធ្វើការនៅទីនោះ » ។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងកន្លងមកថា តម្រូវការថាមពលអគ្គិសនីនៅកម្ពុជាពិតជាត្រូវការកាន់តែច្រើនទៅៗហើយ ដោយសារកម្ពុជាកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ព្រោះវិស័យអ្វីក៏ត្រូវការអគ្គិសនីដែរដើម្បីធ្វើឲ្យខ្សែសង្វាក់ផលិតកម្មបានរលូន ។
ទោះបីយ៉ាងណា លោកថ្លែងថា ៖« ថាមពលអគ្គិសនីនៅកម្ពុជានៅមានតម្លៃថ្លៃនៅឡើយ បើធៀបជាមួយប្រទេសជិតខាង ប៉ុន្តែនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ រាជរដ្ឋាភិបាលបានផ្តោតអាទិភាពលើការបញ្ចុះតម្លៃថាមពលអគ្គិសនីផងដែរ »៕
ចែករំលែកព័តមាននេះ