រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណជាង១០គ្រួសារ បានផ្ទុះការតវ៉ាជាថ្មី និងនាំគ្នារារាំងជាលើកទី២ បន្ទាប់ពីអាជ្ញាធរខណ្ឌសែនសុខ និងតំណាងម្ចាស់ដីឡូមួយកន្លែងយកសំណាញ់លួសបម្រុងមកហ៊ុំព័ទ្ធដី ដែលកំពុងមានទំនាស់ដោយចោទការធ្វើរបងនោះរំលោភយកដីផ្លូវ។ ហេតុការណ៍នេះបង្កឲ្យមានការ ភ្ញាក់ផ្អើល កាលពីម៉ោង៣រសៀល ថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១៩៧២ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
![Picture]()
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងមក មានការប៉ះទង្គិចម្តងមកហើយនៅពេលដែលអាជ្ញាធរ និងមន្ត្រីជំនាញចុះទៅវាស់វែង បោះបង្គោលនោះ ដោយប្រជាពលរដ្ឋបាននាំគ្នារារាំងមិនឲ្យបោះបង្គោល និងបានចោទប្រកាន់ថា ការបោះបង្គោលរបស់អាជ្ញាធរនោះគីរំលោភលើដងផ្លូវលេខ ១៩៧២ និងពង្រីកចេញពីរបងព្រំដីចាស់ របស់នៅឡូតិ៍នោះប្រវែង៥ម៉ែត្រតែម្តង។ តាមប្រជាពលរដ្ឋធ្លាប់ឲ្យដឹងថា កាលពីកំឡុងឆ្នាំ២០១០ ប្លង់ផ្លូវស្ថិតនៅផ្នែកខាងជើង ហើយគម្រោងពង្រីកផ្លូវ ដែលបាញ់ថ្នាំស្រាប់ក៏នោះផ្នែកខាងជើង ត្រឹមដើមឈើ ស្រាប់តែពេលនេះអាជ្ញាធរ និងមន្ត្រីជំនាញបានចុះទៅវាស់វែងហើយ បោះបង្គោលបង្រីកដីឲ្យបុគ្គល និងរំកិលផ្លូវមកផ្នែកខាងត្បូងដោយអះអាងថា វាស់វែង និង បោះបង្គោលតាមប្លង់កម្មសិទ្ធិទៅវិញ។
![Picture]()
ទាក់ទិនការចោទប្រកាន់នោះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានឲ្យដឹងថា ការដែលអាជ្ញាធរចុះវាស់វែងតាមប្លង់កម្មសិទ្ធិ ដែលប្រជាពលរដ្ឋកាន់កាប់ (L MAP) ដោយរក្សាផ្លូវទំហំ១៦ម៉ែត្រ ទៅតាមប្លង់ដែលបានកំណត់ រួចហើយ។ ដោយឡែកប្រជាពលរដ្ឋដែលរស់នៅបណ្តោយខាងត្បូងផ្លូវ គឺគាត់កំពុងស្នាក់នៅលើផ្លូវ១៩៧២ តែម្តង។ លោកអភិបាលក៏បានបន្តទៀតថា ផ្លូវនេះទំហំ១៦ម៉ែត្រ ដែលការិយាល័យភូមិបាលជាអ្នកជំនាញ ទៅបោះបង្គោលតាមប្លង់ដូចនេះការបោះបង្គោលនេះ មិនបានបំពានទៅលើផ្លូវនោះទេ។ បន្ទាប់ពីមានការបោះបង្គោល អាជ្ញាធរ និងតំណាងម្ចាស់ដីឡូតិ៍បន្តនាំគ្នាយកដែកទៅហ៊ុំព័ទ្ធទៀតតែត្រូវរារាំង។ ប្រជាពលរដ្ឋ ក៏បានសំណូលពរឲ្យមានការដោះស្រាយសិន៕
![Picture]()
https://youtu.be/OfPM02zfUd4
ចែករំលែកព័តមាននេះ