រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់លីអូបៀរ សម្រាប់ថ្ងៃទី១៩ មិថុនា បានរកឃើញជើងខ្លាំងក្នុងពូលបណ្តើរៗហើយ ដោយក្រុមវិទ្យាល័យឫស្សីកែវ ដែលលេង៣ប្រកួតឈ្នះទាំង៣ប្រកួតនោះ បានឡើងទៅលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងឋានៈជាក្រុមលេខ១ពូលA ។ ក្រុមវិទ្យាល័យឫស្សីកែវ ប្រកួតចុងក្រោយឈ្នះក្រុមវិទ្យាល័យជា ស៊ីម សាមគ្គី ៣សិតទល់០ ធ្វើឱ្យក្រុមចាញ់មួយនេះ ត្រូវហាលអាវបន្ទាប់ពីលេង៣ប្រកួតចាញ់ទាំង៣ប្រកួតនោះ ។ សម្រាប់ពូលA នេះមាន២ក្រុមកំពុងប្រជែងគ្នារងតំណែងលេខ២ដើម្បីបានឡើងទៅលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ នោះគឺក្រុមសាកលវិទ្យាល័យជាតិគ្រប់គ្រង និងក្រុមអង្គការដើម្បីភាពញញឹមនៃកុមារ ។
ក្រុមទាំង២នេះលេង២ប្រកួតឈ្នះមួយប្រកួត ចាញ់មួយប្រកួតដូចគ្នា ពេលជួបប្រកួតគ្នាបើក្រុមណាឈ្នះក្រុមនោះឡើង ឯក្រុមចាញ់គឺហាលអាវត្រឹមនេះ ។
ចំណែកពូលB វិញក្រុមយុវជនកម្ពុជាសង្កាត់វាលស្បូវ ឈ្នះក្រុមក្លិបយុវជនវិទ្យាល័យអនុវត្ត៣សិតទល់០ ។ ក្រុមយុវជនកម្ពុជាសង្កាត់វាលស្បូវ លេងបាន២ប្រកួត ឈ្នះ១ប្រកួត និងចាញ់១ប្រកួត រីឯក្រុមក្លិបយុវជនវិទ្យាល័យអនុវត្តន៍លេងបាន២ប្រកួត ចាញ់ទាំង២ប្រកួត ។ មួយប្រកួតទៀត ក្រុមយុវជនកម្ពុជាខេត្តព្រៃវែង ឈ្នះក្រុមវិទ្យាល័យផ្សារដើមថ្កូវ៣សិតទល់០ ។ ក្រុមយុវជនកម្ពុជាខេត្តព្រៃវែងកំពុងស្ថិតនៅកំពូលតារាងនៃពូលBដោយលេង២ប្រកួតឈ្នះទាំង២ប្រកួត ឯក្រុមវិទ្យាល័យផ្សារដើមថ្កូវ២ប្រកួតឈ្នះ១ប្រកួតចាញ់១ប្រកួត ។
សូមបញ្ជាក់ថាគិតត្រឹមថ្ងៃនេះពូលA នៅសល់តែមួយប្រកួតទៀតប៉ុណ្ណោះ នឹងបញ្ចប់ទោះបីជាយ៉ាងណាក្រុមចំណាត់ថ្នាក់លេខ១ សម្រាប់ពូលA នេះត្រូវបានរកឃើញហើយ៕
ចែករំលែកព័តមាននេះ