រាជធានីភ្នំពេញ ៖ ក្រុមបៀលប្រាយយូណាធីត មិនអាចឡើងផុតពីលេខរៀងទី៧នៃតារាងបានឡើយ បើទោះជាបានលេងឈ្នះក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុប១-០ នៅលើទីលានពហុកីឡដ្ឋានជាតិ កាលពីរសៀលថ្ងៃពុធទី១៩ មិថុនា ខណៈក្រុមខេត្តស្វាយរៀងនៅតែរក្សាតំណែងលេខ២បានយ៉ាងល្អបន្ទាប់ពីលេងឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងលទ្ធផល៤-២ រួចមកនោះ ។
ក្រុមបៀលប្រាយយូណាធីត មានសំណាងរកបានគ្រាប់បាល់១គ្រាប់នៅក្នុងតង់ទី១ ដោយកីឡាករOGUDOGUN DAVID EKLECHUKWU ពាក់អាវលេខ៤១នៅនាទីទី២៨ ដែលជាគ្រាប់បាល់កំណត់ជ័យជម្នះការប្រកួតនៅរសៀលថ្ងៃនោះ ព្រោះបន្ទាប់ពីនោះមកគ្មានក្រុមណាអាចរកគ្រាប់បាល់បានទៀតទេ ។ ទោះបីនៅក្នុងតង់ទី២ ក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុបព្យាយាមលេងវាយបកវិញយ៉ាងណាក៏ដោយក៏គ្មានសំណាងរកបានគ្រាប់បាល់សងវិញបានដែរ ។
ក្រុមបៀលប្រាយយូណាយធីត ពេលនេះលេងបាន១៤ប្រកួតក្នុងនោះឈ្នះ៥ ស្មើ៣ ចាញ់៦ មាន១៨ពិន្ទុ ។ រីឯក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុបវិញលេងបាន១៤ប្រកួតដូចគ្នា ក្នុងនោះឈ្នះ១ ស្មើ ៦ ចាញ់៧ មាន៩ពិន្ទុ ស្ថិតនៅលេខរៀងទី៩នៃតារាង ។ ចំណែកក្រុមខេត្តស្វាយរៀងវិញពេលនេះមិនត្រឹមតែរក្សាតំណែងក្នុងក្រុមកំពូលតារាងទាំង៤បានយ៉ាងល្អនោះទេ គេថែមទាំងព្យាយាមប្រជែងយកតំណែងលេខ១ក្នុងតារាងទៀតផង ។
ការលេងយកឈ្នះលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ៤-២ លើកនេះ ធ្វើឱ្យពិន្ទុរបស់គេកើនឡើងយ៉ាងរហ័សបើប្រៀបធៀបជាមួយក្រុមចម្ការកៅស៊ូបឹងកេតដែលកំពុងឈរនៅលំដាប់ថ្នាក់ជួរមុខគេដោយចាញ់ក្រុមនេះតែ១ពិន្ទុប៉ុណ្ណោះ ។ ១៥ប្រកួតរបស់ក្រុមខេត្តស្វាយរៀងឈ្នះ៩ ស្មើ ៣ ចាញ់ ៣ មាន៣០ពិន្ទុ ខណៈពេលក្រុមចម្ការកៅស៊ូបឹងកេតមាន៣១ពិន្ទុ ។ ចំណែកឯក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិវិញពេលនេះស្ថិតនៅលេខរៀងទី៦ ដោយ១៤ប្រកួត ឈ្នះ៥ ស្មើ ៤ ចាញ់៥ មាន១៩ពិន្ទុ ៕
ចែករំលែកព័តមាននេះ