ក្លិបចំណាត់ថ្នាក់លេខ 10 ក្នុងតារាងអង់គ្លេសប្រឺមីញេលីក West Ham បានបញ្ចប់ការចរចាទិញយកកីឡាករខារ៉ូល ពីក្លិបហង្សក្រហម Liverpool ក្នុងតម្លៃ 15 លានផោនស្មើនឹងជាង 23 លានដុល្លារអាមេរិកជាមួយនឹងកុងត្រារយៈពេល៦ឆ្នាំ ហើយអាចមានជម្រើសសម្រាប់ការបន្តកុងត្រារយៈពេល 2ឆ្នាំ បន្ថែមទៀត ។
ការពិតការចរចាពីតម្លៃ និងកុងត្រារបស់កីឡាករខារ៉ូលបានឈានដល់ការយល់ព្រមរវាងភាគីទាំងពីរតាំងពីខែឧសភា មកម្លេ៉ះ ក៏ប៉ុន្តែកីឡាករលំដាប់អន្តរជាតិរូបនេះនៅមិនទាន់ច្បាស់ក្នុងចិត្តចំពោះការផ្លាស់ប្ដូរមុនពេលការប្រកួតបាល់ទាត់ជម្រុះ World Cup 2014 ។
ក្រោយពីពិធីចុះហត្ថលេខាកីឡាករវ័យ២៤ឆ្នាំ ខារ៉ូល បាននិយាយថា ៖ «វាគឺអស្ចារ្យណាស់សម្រាប់រូបខ្ញុំដែលបានមកកាន់ទីនេះសារជាថ្មីបន្ទាប់ពីខ្ញុំត្រូវបានក្លិប West Ham ខ្ចីជើងកាលពីខែសីហា ឆ្នាំ២០១២ ។ កីឡាករខារ៉ូលបានបន្តទៀតថា អ្នកគាំទ្រ មិត្តរួមក្រុម និងមន្ត្រីក្លិប West Ham ទាំងអស់ ជានិច្ចកាលតែងតែផ្ដល់ទំនុកចិត្ត និងភាពកក់ក្ដៅដល់ខ្ញុំគ្រប់ពេលវេលា ។ ខ្ញុំនឹកពួកគេណាស់ចាប់តាំងពីបញ្ចប់រដូវកាល មក ហើយខ្ញុំទន្ទឹងរង់ចាំពេលវេលាត្រឡប់ទៅជួបពួកគេវិញ ។
គួររំលឹកដែរថា កីឡាករខារ៉ូលបានចូលមកលេងឱ្យក្លិប West Ham កាលពីខែសីហា រដូវកាល 2012-2013 ក្នុងលក្ខណៈខ្ចីជើង ។ នៅ ជាមួយក្លិបWest Ham ខារ៉ូលធ្លាប់ស៊ុតបាល់បញ្ចូលទីបាន 7 គ្រាប់ ក្នុងការបង្ហាញវត្ដមាន 24 ប្រកួតចំណែកឯអាជីពក្នុងក្រុមជម្រើសជាតិវិញគឺធ្លាប់ស៊ុតបាល់បាន 2គ្រាប់ក្នុងការបង្ហាញវត្តមាន 9 ប្រកួត ៕
ចែករំលែកព័តមាននេះ