Inter Miami និង Al Nassr ចង់បាន De Bruyne ដែលចាកចេញពី Man City នៅចប់រដូវកាលនេះ
2 អាទិត្យ មុន
បរទេស ៖ ក្លិបបាល់ទាត់ល្បីលំដាប់ពិភពលោកចំនួន ៩ បង្ហាញចំណាប់អារម្មណ៍ខ្ពស់បំផុត ដើម្បីចុះហត្ថលេខាលើខ្សែបម្រើឆ្នើមពិភពលោក Kevin De Bruyne ដែលនឹងចាកចេញពីក្លិប…
បរទេស ៖ ក្លិបបាល់ទាត់ល្បីលំដាប់ពិភពលោកចំនួន ៩ បង្ហាញចំណាប់អារម្មណ៍ខ្ពស់បំផុត ដើម្បីចុះហត្ថលេខាលើខ្សែបម្រើឆ្នើមពិភពលោក Kevin De Bruyne ដែលនឹងចាកចេញពីក្លិប Manchester City នៅចប់រដូវកាលនេះ ក្រោយសម្រេចចិត្តមិនបន្តកុងត្រាថ្មីបន្ថែមពីលើកុងត្រាបច្ចុប្បន្ន ដែលអសពុលភាពនៅខែមិថុនាខាងមុខនេះ។
ខ្សែបម្រើឆ្នើមជម្រើសជាតិបែលហ្ស៊ិក Kevin De Bruyne បានប្រកាសជាផ្លូវការកាលពីពេលថ្មីៗនេះ អំពីការចាកចេញពីក្លិប Manchester City នៅចប់រដូវកាលនេះ ក្រោយរួមរស់នៅទឹកដី Etihad អស់រយៈពេល១០ឆ្នាំ ចាប់តាំងពីផ្លាស់ពីក្លិប Wolfsburg ក្នុងតម្លៃ ៧៥លានអឺរ៉ូ ឬ ៨២លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៥។
ការចាកចេញនេះ ជាការរបូតធនធានដ៏សំខាន់១រូបរបស់ក្រុមមេឃខៀវ Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola ដែលរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ English Premier League ៦សម័យកាល FA Cup ២ដង EFL Cup ៥ដង Community Shield ២ដង និងពិសេស UEFA Champions League ១ដងផងដែរ។ ស្របពេលអ្នកគាំទ្រ Man City ដែលភ្ញាក់ផ្អើល ក៏ដូចជាខកចិត្តនឹងការប្រកាសនេះ បានចាត់ទុកខ្សែបម្រើកណ្តាលវ័យ៣៣ឆ្នាំរូបនេះ គឺជាវីរបុរសក្លិបរួចបាត់ទៅហើយ។
ប្រភពពីសារព័ត៌មានជាច្រើនជុំវិញពិភពលោក រួមទាំង goal.com កាលពីថ្មីៗនេះ បានរាយការណ៍ថា ក្លិបចំនួន ៩ រួមទាំងក្លិប Lionel Messi និង Cristiano Ronaldo កំពុងប្រកបអាជីព Inter Miami នៅសហរដ្ឋអាមេរិក និង Al Nassr នៅអារ៉ាប៊ីសាអូឌីត ក៏ដូចជាក្លិប New York City FC (អាមេរិក) San Diego FC (អាមេរិក) Neom SC (អារ៉ាប៊ីសាអូឌីត) Al-Ittihad (អារ៉ាប៊ូសាអូឌីត) River Plate (អាហ្សង់ទីន) ព្រមទាំងក្លិបយក្សពីរនៅតួកគី Fenerbahce និង Galatasaray សុទ្ធតែចាប់អារម្មណ៍ខ្លាំងបំផុតលើខ្សែបម្រើបែលហ្ស៊ិករូបនេះ។
បើទោះបីជាកីឡាករ Kevin De Bruyne នឹងក្លាយជាកីឡាករគ្មានតម្លៃផ្ទេរ ឬ Free Agent នៅខែមិថុនាខាងមុខនេះក៏ពិតមែន ប៉ុន្តែការចរចាថ្លៃពលកម្ម និងការផ្តល់ជូនពិសេសផ្សេងទៀត នឹងក្លាយជាជម្រើសដ៏សំខាន់សម្រាប់កីឡាកររូបនេះ ខណៈដែលពាក្យចចាមអារ៉ាមជាច្រើនបានឱ្យដឹងថា ក្លិបនៅអារ៉ាប៊ីសាអូឌីតកំពុងត្រៀមបើកកញ្ចប់ថវិកាដ៏ច្រើនមហាសាល ព្រមទាំងការផ្តល់ជូន១៥០លានអឺរ៉ូក្នុងមួយឆ្នាំសម្រាប់ Kevin De Bruyne ប៉ុន្តែទោះយ៉ាងណា អ្វីៗអាស្រ័យលើការសម្រេចចិត្តរបស់កីឡាកររូបនេះ៕
ចែករំលែកព័តមាននេះ