រាជធានីភ្នំពេញ ៖ រថយន្តមា៉កកូរ៉ូឡា ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2I-9619 មួយគ្រឿងបានបើកបោះពួយជ្រុលបុកក្បាលរបាំងថ្មចែកមហាវិថីម៉ៅសេទុង បណ្តាលឱ្យបាក់អស់២កង់ ឯរថយន្តខ្ទេចមុខដាច់កាឡេខាងឆ្វេងទៅមុខលែងរួច ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៨ មិថុនា នៅលើកំណាត់មហាវិថីម៉ៅសេទុង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
សាក្សីបាននិយាយថា នៅយប់ថ្ងៃកើតហេតុរថយន្តមា៉កកូរ៉ូឡា ពណ៌ប្រផេះ ស៊េរីឆ្នាំ១៩៩៣ ពាក់ស្លាកលេខភ្នំពេញ 2I-9619 ធ្វើដំណើរតាមមហាវិថីម៉ៅសេទុងពីជើងទៅត្បូងដោយល្បឿនលឿន ។ ពេលដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកក្បាលរបាំងថ្មចែកផ្លូវពេញទំហឹងបណ្តាលឱ្យបាក់២កង់ ហើយរថយន្តបានខ្ទាតទៅកណ្តាលផ្លូវខូចខាតផ្នែកខាងមុខដាច់កាឡេទៅលែងរួច ។ ប្រភពបន្តថា ពេលនោះឃើញបុរសជាអ្នកបើកបរចេញពីរថយន្តទាំងស្រវឹងហើយគេចខ្លួនបាត់ ។ ប៉ូលិសមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុទាក់ទងទៅប៉ូលិសចរាចរខណ្ឌទួលគោកហៅរថយន្តស្ទូចបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃរាជធានីភ្នំពេញដើម្បីដោះស្រាយ ។
គួរបញ្ជាក់ថា របាំងថ្មនិងរនាំងដែកចែកផ្លូវនៅក្នុងរាជធានីភ្នំពេញ ត្រូវបានរថយន្តបុកបាក់រងការខូចខាតស្ទើររាល់យប់ ហើយរថយន្តភាគច្រើនអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ៕
ចែករំលែកព័តមាននេះ