ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត បុកបន្តកន្ទុយគ្នា០៣គ្រឿង បណ្តាលឲ្យស្លា.ប់អ្នកបើកបររថយន្តដឹកទឹកសុទ្ធ និងអ្នករួមដំណើរ ២នាក់ទៀត រងរបួសធ្ងន់ ។ ចំណែកអ្នកបើកបររថយន្ត RANGE ROVER និងអ្នករួមដំណើររបួសស្រាល ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងលិចផ្សារស្វាយជ្រំ ស្ថិតក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ បុកបន្តកន្ទុយគ្នា ០៣គ្រឿង រួមមាន ៖
ទី១. រថយន្តម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BN-7089 ខូចខាតកាប៊ីនខាងមុខខ្ទេចទាំងស្រុង ។
ទី២. រថយន្តកូរ៉េ ពណ៌ខៀវ ដឹកទឹកសុទ្ធ ពាក់ស្លាកលេខភ្នំពេញ 2A-2732 ខូចខាតទាំងស្រុង អ្នកបើកបររងរបួសធ្ងន់ធ្ងរបែកក្បាល បាក់ជើងម្ខាង សន្លប់នៅនឹងកន្លែង ។
និងទី៣. រថយន្តម៉ាក DEA WOO ពាក់ស្លាកលេខខេមរភូមិន្ទ 3-1883 ដឹកខ្សាច់ថ្ម ខូចខាតផ្នែកខាងមុខ ។
ប្រភពបន្តថា មុនកើតហេតុ គេឃើញរថយន្តដឹកទឹកសុទ្ធ បើកបរពីទិសខាងលិច ទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តដឹកខ្សាច់ថ្ម បើកបញ្ច្រាសទិសគ្នា ពីកើតទៅលិចវិញ បានបុកគ្នាជាមួយរថយន្តដឹកទឹកសុទ្ធ ឲ្យខ្ទាតមកកណ្តាលថ្នល់ ក៏ត្រូវរថយន្តម៉ាក RANGE ROVER បើកបញ្ច្រាសទិសគ្នា ពីទិសខាងកើតទៅលិចយ៉ាងលឿន ក៏បុកជាមួយរថយន្តដឹកទឹកសុទ្ធ ពេញទំហឹងបន្ថែមទៀត បណ្តាលឲ្យដាច់ទ្រុងខ្ទាតទឹកសុទ្ធ រាយប៉ាយពេញផ្លូវ តែម្តង ។
សមត្ថកិច្ច បន្តទៀតថា បន្ទាប់មក សមត្ថកិច្ចបានហៅរថយន្តសាមុយ ដឹកជនរងគ្រោះទៅមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ និងធ្វើការវាស់វែងរួច (ហៅរថយន្តស្ទូចរថយន្ត RANGE ROVER និងអូសរថយន្តដឹកទឹកសុទ្អ) យករថយន្តទាំង៣គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកស្វាយជ្រំ ដើម្បីដោះស្រាយតាមនីតិវិធី ។
បើតាមព័ត៌មានចុងក្រោយ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បុកបន្តកន្ទុយគ្នា ៣គ្រឿង នៅស្វាយជ្រំ គឺស្លា.ប់អ្នកបើកបររថយន្តដឹកទឹកសុទ្ធម្នាក់ និងអ្នករួមដំណើរ ២នាក់ទៀត រងរបួសធ្ងន់ ត្រូវបញ្ជូនទៅរាជធានីភ្នំពេញ។ ចំណែកអ្នកបើកបររថយន្ត RANGE ROVER និងអ្នករួមដំណើរ របួសស្រាល ៕







ចែករំលែកព័តមាននេះ