រាជធានីភ្នំពេញ ៖ រថយន្តម៉ាកសាំយ៉ុង ដឹកបន្លែ ១គ្រឿង បើកបរក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកម៉ូតូម៉ាកហុងដាគុបចង្កៀងជ្រុង ១គ្រឿង ដែលជិះដោយយុវតីម្នាក់ កំពុងបើកបរឆ្លងផ្លូវ បណ្ដាលឲ្យខ្ទាតច្រើនម៉ែត្ររងរបួសធ្ងន់ធ្ងរ ។
បន្ទាប់មករថយន្តនេះ នៅមិនទាន់អស់ល្បឿនឡើយ ក៏បានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខ្ទាតចេញទៅចំណែកផ្លូវម្ខាងទៀត រួចហោះឡើងគងលើរបាំងថ្មពុះចែកទ្រូងផ្លូវនោះ និងបុកផ្ទប់បង្គោលភ្លើងបំភ្លឺផ្លូវ ១ដើមទៀត ទើបទៅមុខលែងរួច ហើយភ្លាមៗនោះ បុរសអ្នកបើកបររថយន្តខាងលើក៏ត្រូវបាននគរបាលឃាត់ខ្លួន ។
ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ២ ត្រង់ចំណុចមុខវត្តព្រែកថ្លឹង ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងខាងលើមានរថយន្តដឹកបន្លែ ១គ្រឿង ម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ កណ្តាល 2B-8665 បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីកើតទៅលិច ដោយពុំដឹងថា ដឹកបន្លែនាំចូលមកពីប្រទេសវៀតណាម ឬបន្លែនៅក្នុងស្រុកនោះទេ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកម៉ូតូម៉ាកហុងដាគុបចង្កៀងជ្រុង ពណ៍ទឹកប៊ិច១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1CA-9131 ដែលជិះដោយយុវតីម្នាក់ ដែលកំពុងធ្វើដំណើរចេញពីផ្លូវខ្លោងទ្វារវត្តព្រែកថ្លឹង ក្នុងទិសដីពីជើងទៅត្បូងឆ្លងផ្លូវជាតិលេខ២ ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះបណ្ដាលឲ្យយុវតីរងគ្រោះ និងម៉ូតូខ្ទាតច្រើនម៉ែត្រ ដួលដេកនៅលើថ្នល់រងរបួសធ្ងន់ធ្ងរ ហើយម៉ូតូរងការខូចខាតយ៉ាងដំណំ ។ ចំណែករថយន្តខាងលើ នៅមិនទាន់អស់ឡើយ ក៏បានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខ្ទាតចេញទៅលើចំណែកផ្លូវម្ខាងទៀត រួចហោះឡើងគងកង់មុខខាងឆ្វេងលើរបាំងថ្ម ពុះចែកទ្រូងផ្លូវនោះ និងបុកបង្គោលភ្លើងបំភ្លឺផ្លូវ ១ដើមទៀត បណ្ដាលឲ្យទ្រេតទើបទៅមុខលែងរួច ។
ប្រភពខាងលើបានបញ្ជាក់ប្រាប់ទៀតថា រថយន្តនោះបានរងការខូចខាតខ្ទេចមុខ ហើយភ្លាមៗនោះបុរសអ្នកបើកបរក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកកំពឹសឃាត់ខ្លួននាំយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍ ។ ក្រោយពេលកើតហេតុរថយន្តមន្ទីរពេទ្យបង្អែកខណ្ឌដង្កោដឹកយកទៅសង្គ្រោះ បន្ទាប់មកនគរបាលខណ្ឌដង្កោបានចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តព្រមទាំងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕







ចែករំលែកព័តមាននេះ