ទីក្រុងវ៉ាស៊ីនតោន៖ អាមេរិកប្រមើលឃើញថាតាមមើលទៅសង្គ្រាមអ៊ុយក្រែនប្រហែលជាមិនអាចបញ្ចប់នៅក្នុងពេលឆាប់ៗនេះទេ។ ម៉្យាងទៀត គ្រាប់បាល់ស្ថិតនៅក្នុងដៃរុស្ស៊ី និងអ៊ុយក្រែនដើម្បីសម្រេចថាតើត្រូវរំលត់ភ្នក់ភ្លើងសង្គ្រាមនៅក្នុងពេលនេះ ឬក៏បណ្ដោយឱ្យសង្គ្រាមឆាបឆេះដោយគ្មានទីបញ្ចប់។ ខាងលើនេះជាការថ្លែងរបស់អនុប្រធានាធិបតីអាមេរិក លោកជេឌីវេន (JD Vance)។
ការថ្លែងដូច្នេះក៏ស្របនឹងអ្វីដែលរដ្ឋមន្ត្រីការបរទេសអាមេរិកដែលទើបតែឡើងតំណែងបន្ថែមជាទីប្រឹក្សាសន្តិសុខជាតិ។ លោករូប៊ីយ៉ូបញ្ជាក់ថាជាថ្មីថាលោកត្រាំមិននិយាយលេងសើចទេ។ បើលោកពិនិត្យឃើញថាការចរចាមិនរីកចម្រើនទៅមុខទេ លោកត្រូវតែដកខ្លួនថយ។ ថ្មីៗនេះ ទីក្រុងម៉ូស្គូថ្លែងថាអ៊ុយក្រែននៅសុខៗបានបញ្ជូនយន្តហោះដ្រូនហោះងងឹតមេឃទៅវាយប្រហារតំបន់គ្រីម៉េ។
តំបន់នេះត្រូវលោកត្រាំត្រៀមទទួលស្គាល់ជាទឹកដីរុស្ស៊ីដោយស្របច្បាប់នៅក្នុងផែនការសន្តិភាពរបស់គាត់ចុងក្រោយ។ ប៉ុន្តែលោកហ្សេឡិនស្គីប្រកាសប្រឆាំងជំទាស់នឹងសំណើនេះយ៉ាងដាច់អហង្ការ។ ទោះជាយ៉ាងណាក្ដី លោកត្រាំគិតថាលោកហ្សេឡិនស្គីហាក់ដូចជាលែងជំទាស់តទៅទៀតហើយតាមរយៈកិច្ចជំនួបគ្នារយៈពេលខ្លីនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
ក្រសួងការពារជាតិរុស្ស៊ីប្រកាសថាខ្លួនបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនយ៉ាងតិច៨៩គ្រឿងដែលហោះសំដៅទៅតំបន់គ្រីម៉េ។ ក្រៅពីនេះ ដ្រូន២៣គ្រឿងទៀតរបស់អ៊ុយក្រែនដដែលត្រូវបានឆក់ទម្លាក់ចូលទៅក្នុងទឹកសមុទ្រអស់រលីង។ លោកមីខាអ៊ីល រ៉ាស់វ៉ូសាយេវ (Mikhail Razvozhayev) ជាអភិបាលក្រុងសេវ៉ាស់ស្តូប៉ូល (Sevastopol) ដែលជាក្រុងធំបំផុតនៅគ្រីម៉េថ្លែងថាខែលការពារដែនអាកាសរុស្ស៊ីអាចកម្ចាត់ដ្រូនទាំងនោះអស់មួយភាគធំ ដូច្នេះមិនអាចបង្កការវាយប្រហារជាដុំកំភួនឡើយ។
ការវាយប្រហារនេះកើតឡើងចំពេលលោកជេឌីវេនមិនរំពឹងថាសង្គ្រាមនឹងបញ្ចប់នៅពេលឆាប់ៗនេះទេ។ ប៉ុន្តែការចរចាគ្នានៅក្នុងគម្រោងធ្វើអាជីវកម្មរ៉ែកម្ររបស់អ៊ុយក្រែនហាក់ដូចជារីកចម្រើនទៅមុខ និងឈានដល់ការចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។ ដូច្នេះ អាមេរិកអស់បារម្ភទៀតហើយ។ រាល់ការផ្ដល់ជំនួយរបស់ខ្លួនទៅឱ្យអ៊ុយក្រែនពិតជាមិនខាតបង់ទទេៗនោះឡើយ។
ប្រភពខ្លះថានៅក្នុងកិច្ចព្រមព្រៀងនោះមានចំណុចមួយនិយាយថាអាមេរិកនឹងមិនផ្ដល់ការការពារសន្តិសុខជាតិសម្រាប់អ៊ុយក្រែនទេ។ ប៉ុន្តែតាមរយៈកិច្ចព្រមព្រៀងនេះ អាមេរិកក៏ត្រូវជាប់ជំពាក់នៅជាមួយអ៊ុយក្រែន។ ផលប្រយោជន៍របស់អាមេរិកគឺស្ថិតនៅក្នុងអណ្ដូងរ៉ែនោះតែម្ដង។ ក្រោយការចុះកិច្ចព្រមព្រៀងនោះ អ៊ុយក្រែននឹងបញ្ជូនសំណើបន្តទៅរដ្ឋសភាដើម្បីបោះឆ្នោតអនុម័ត។ នេះបើយោងតាមប្រភពពីសារព័ត៌មានឌិ អ៊ីនឌីផឹនដឹន (The Independent) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ