ទីក្រុងឥស្លាមម៉ាបាត៖ នៅពេលនេះមានសញ្ញាកាន់តែមិនស្រួលមែនទែនហើយថាមិនយូរទេឥណ្ឌានឹងបើកការវាយប្រហារជាលក្ខណៈព្រមានទៅលើតំបន់ព្រំដែនប៉ាគីស្ថានដើម្បីជាការបញ្ចេញប្រតិកម្មតបទៅនឹងហេតុការណ៍បាញ់ប្រហារបែបភេរវកម្មទៅលើអ្នកទេសចរឥណ្ឌា និងជនជាតិដទៃទៀតនៅតំបន់កាស់ស្មៀស្លាប់២៦នាក់។ ទោះបីរដ្ឋាភិបាលទីក្រុងឥស្លាមម៉ាបាតបដិសេធថាខ្លួនគ្មានពាក់ព័ន្ធនឹងសំណុំរឿងនោះ ប៉ុន្តែឥណ្ឌាថ្លែងថាប៉ាគីស្ថានត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។
ដូច្នេះ ដើម្បីជាការរៀបជើងព្រួលទុកជាមុន ប៉ាគីស្ថានក៏ចាប់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាបណ្ដើរៗក្រោមការបញ្ជាផ្ទាល់ពីអគ្គបញ្ជាការកងទ័ព។ ឥណ្ឌាក៏ធ្វើសមយុទ្ធយោធាបាញ់គ្រាប់កាំភ្លើងពិតផងដែរ។ ថ្ងៃនេះ អាជ្ញាធរប៉ាគីស្ថាននៅកាស់ស្មៀបិទទ្វារសាលារៀនជាង១ពាន់កន្លែងបន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោកម៉ូឌី ផ្ដល់សិទ្ធិស្វ័យសម្រេចឱ្យកងទ័ពនៅព្រំដែនបើកប្រតិបត្តិការសឹកវាយប្រហារពេលណាក៏បានទៅតាមសភាពការណ៍ជាក់ស្ដែងដើម្បីប្រឆាំងនឹងពួកភេរវករ។
តាមពិត បើទុកជាផ្ទុះសង្គ្រាមនៅតាមព្រំដែននៅក្នុងកម្រិតណាមួយ វាមិនមែនជារឿងថ្មីទេព្រោះប្រទេសទាំង២ធ្លាប់ហែលឆ្លងសង្គ្រាមជាមួយគ្នាជាច្រើនដងមកហើយ។ គ្រាន់តែថាភាគច្រើនឥណ្ឌាច្រើនមានជ័យជម្នះជាង។ ប៉ាគីស្ថានមានជំនឿថាពេលវេលាកាន់តែកៀកមែនទែនហើយសម្រាប់ឥណ្ឌាវាយប្រហារ។ ប៉ុន្តែប៉ាគីស្ថានក៏ត្រៀមចាត់វិធានការវាយបកវិញដោយសមាមាត្រគ្នាផងដែរ។ រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថានប្រមើលឃើញថាឥណ្ឌាអាចនឹងវាយប្រហារក្នុងរង្វង់២៤-៣៦ម៉ោងទៀត។
អាជ្ញាធរប្រកាសបិទទ្វារសាលាយ៉ាងតិចដប់ថ្ងៃនៅទូទាំងតំបន់កាស់ស្មៀ។ ប្រជាជនប្រហែលមួយលានកន្លះដែលរស់នៅក្បែរខ្សែបន្ទាត់កាស់ស្មៀនៅប៉ែកខាងប្រទេសប៉ាគីស្ថានក៏កំពុងរៀបចំទីជម្រកការពារខ្លួននៅក្នុងគ្រាអាសន្នដែលធ្វើពីដីឥដ្ឋនៅក្រោមដី។ អ្នកខ្លះមានជីវភាពធូរធារអាចសាងសង់ជម្រកក្រោមដីពីឥដ្ឋ និងបេតុងកាន់តែរឹងមាំ និងមានសុវត្ថិភាពល្អ។
អ្នកខ្លះប្រាប់ថារយៈពេល១សប្ដាហ៍ចុងក្រោយនេះ ពួកគេរស់នៅទាំងភ័យខ្លាចព្រោះមិនដឹងថាឥណ្ឌាវាយប្រហារនៅថ្ងៃណា។ ជាពិសេស អាណិតតែក្មេងៗនៅតូចៗដែលគ្នាមិនដឹងអី និងមិនធ្លាប់ឆ្លងកាត់ស្រុកសង្គ្រាម។ ទីភ្នាក់ងារសង្គ្រោះបន្ទាន់នៅកាស់ស្មៀចាប់ផ្ដើមហ្វឹកហាត់ក្មេងៗពីរបៀបគេចខ្លួនពីគ្រាប់រំសេវនៅពេលឥណ្ឌាវាយប្រហារ។ កុមារម្នាក់អាយុ១១ឆ្នាំប្រាប់ខ្លួនរៀនពីរបៀបស្លៀកពាក់ឱ្យអ្នករបួស, ពីរបៀបលើកមនុស្សដាក់ប្រង់កាសម្រាប់សែង និងពីរបៀបពន្លត់ភ្លើងឆេះ។
តើឥណ្ឌានឹងវាយប្រហារដែរឬទេ? នេះជាសំណួរដ៏ធំ១ដែលមិនទាន់មានចម្លើយច្បាស់លាស់ទេ។ នាយករដ្ឋមន្ត្រីឥណ្ឌាទើបតែកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិជាលើកទី២ដើម្បីតាមដានសភាពការណ៍វិវត្តថ្មីៗនៅក្នុងក្របខណ្ឌជាតិ ក្របខណ្ឌតំបន់ និងក្របខណ្ឌអន្តរជាតិ។ គេដឹងថាក្រុមប្រទេសមហាអំណាចធំៗកំពុងធ្វើនយោបាយការទូតយ៉ាងខ្វែងដៃខ្វែងជើងដើម្បីព្យាយាមបន្ថយកម្ដៅនយោបាយ និងបញ្ចុះបញ្ចូលឱ្យប្រទេសនុយក្លេអ៊ែរទាំង២ងាកមករកតុចរចាគ្នាបញ្ចប់បញ្ហា។
ពីទីក្រុងញូយ៉កជាទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតប៉ាគីស្ថានថ្លែងថារដ្ឋាភិបាលរបស់លោកមិនចង់បង្កបញ្ហាឱ្យកាន់តែធំទេ។ ប៉ាគីស្ថានបានជំរុញឱ្យអាមេរិរកជួយនិយាយជាមួយឥណ្ឌាដើម្បីធ្វើអ្វីដោយការទទួលខុសត្រូវ។ នេះបើយោងតាមប្រភពពីគេហទំព័រអាល់ចាស៊ីរ៉ា (al Jazeera), រ៉យទ័រ (Reuters) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ