ខេត្តព្រះវិហារ ៖ ក្រោយមានការសម្របសម្រួល រវាងភាគីយោធាកម្ពុជា មន្ត្រីច្រកទ្វារព្រំដែនអានសេះ អាជ្ញាធរស្រុកជាំក្សាន្ត និងអាជ្ញាធរខេត្តព្រះវិហារ ជាមួយភាគីថៃ នោះមក ច្រកទ្វារអានសេះ បានបើកឱ្យដំណើរការឡើងវិញហើយ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីមានការបិទពីដោយទាហានព្រំដែនថៃ នាថ្ងៃទី១ឧសភា២០២៥ ម្សិលមិញ។
ការបើកច្រកអានសេះ ខេត្តព្រះវិហារ និងច្រកអានម៉ា ថៃ ឡើងវិញនេះបានអនុញ្ញាតឱ្យប្រជាពលរដ្ឋ មានការដោះដូរទំនិញរយៈពេល ២ថ្ងៃ ក្នុង១សប្តាហ៍ គឺនៅរៀងរាល់ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ដូចដែលបានឯកភាពកន្លងមក។ ខណៈអាជ្ញាធរខេត្ត ស្រុក និងមន្ត្រីច្រកទ្វារព្រំដែន បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរ ថែមទៀត។
គួរបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញ ភាគីថៃបានបិទច្រកទ្វារអានសេះ ដោយឯកតោភាគីពីសំណាក់ទាហានព្រំដែនថៃ ដោយមិនបានជូនដំណឹងមកកម្ពុជាមុននោះទេ ដែលបញ្ហានេះ គឺជាការផ្ទុយពីកិច្ចប្រជុំនាពេលកន្លងទៅ។ ការបិទច្រកព្រំដែនរបស់ភាគីថៃ ធ្វើអោយក្រុមអាជីវករខ្មែរ ដែលតែងតែដឹកផលអនុផលព្រៃឈើ ចូលទៅលក់នៅប្រទេសថៃ ត្រូវបានកកស្ទះ និងស្នើឲ្យថ្នាក់ដឹកនាំកម្ពុជា បិទទំនិញថៃ ដូចគ្នា។
មន្ត្រីអាជ្ញាធរខេត្តព្រះវិហារ បានឲ្យដឹងថា ច្រកព្រំដែនអានសេះ ត្រូវបានកំណត់ជាច្រកតំបន់ ហើយអនុញ្ញាតឲ្យផ្លាស់ប្ដូរទំនិញឆ្លងកាត់ទៅមក ក្នុង១សប្តាហ៍ ២ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃអង្គារ៍ និងថ្ងៃព្រហស្បតិ៍។ ប៉ុន្តែរយៈពេលចុងក្រោយនេះ ភាគីទាហានថៃ បានបិទដោយឯកតោភាគី គឺមិនបានជូនដំណឹងដល់ភាគីកម្ពុជានោះឡើយ ដែលវាផ្ទុយពីកិច្ចប្រជុំ រវាងភាគីទាំងពីរកាលពីពេលកន្លងទៅ ថារាល់ការបិទច្រកនេះ គឺទាល់តែជូនដំណឹងជាមុន។
មន្ត្រីដដែលបានបន្ថែមថា ការបិទលើកនេះ គឺភាគីថៃជាអ្នកបិទមុន ហើយបើចង់បើកវិញទាល់តែប្រជុំរួមគ្នា ដើម្បីសម្រេចឡើងវិញ ទើបឲ្យមានការបើកច្រកនេះស្របច្បាប់ឡើងវិញ។ បើមិនដូច្នោះទេ គឺត្រូវបិទរហូតតែម្ដង។
សូមជម្រាបថា ការដែលភាគីថៃមិនឲ្យអាជីវករខ្មែរនាំចូលផ្សិតប៉ក់ ដែលជាផលអនុផលព្រៃឈើ ចូលទៅប្រទេសថៃ គឺត្រូវបានគេដកស្រង់សម្តី អ្នកជំនាញថៃ ថា ដោយសារផ្សិតប៉ក់គ្មានអនាម័យ។ ប៉ុន្តែ ច្រើនឆ្នាំកន្លងមកហើយ គេមិនដែលឃើញភាគីថៃ និយាយយ៉ាងដូច្នេះទេ ឲ្យតែដល់រដូវផ្សិតប៉ក់មកដល់ គឺអាជីវករថៃប្រមូលទិញពីអាជីវករខ្មែរ ដោយមិនស្ទាក់ស្ទើរនោះឡើយ៕







ចែករំលែកព័តមាននេះ