ខេត្តព្រៃវែង ៖ កសិករជាច្រើននៅខេត្តព្រៃវែង បានបោះបង់មុខរបរឡើងត្នោតជាបន្ដបន្ទាប់ ដោយសារតែមុខរបរមួយនេះ រកកម្រៃបានតិច ហើយប្រថុយនឹងគ្រោះថ្នាក់ដល់អាយុជីវិត ។
បច្ចុប្បន្ន មុខរបរនេះត្រូវបានប្រជាកសិករនៅខេត្តព្រៃវែង ជាខេត្តជាប់ចំណាត់ថ្នាក់លេខ២ដែលសម្បូរដើមត្នោតនោះ បាននាំគ្នាបោះបង់ចោលស្ទើរតែទាំងស្រុងទៅហើយ ដោយភាគច្រើនគេនាំគ្នាងាកទៅធ្វើការងារសំណង់, រោងចក្រ, កសិកម្ម ឬធ្វើជំនួញតាមផ្សារវិញ ព្រោះវាបានចំណូលច្រើនជាង ហើយក៏មានសុវត្ថិភាពផងដែរ ។
ប្រជាកសិករនៅភូមិកគោ និងភូមិសំរាប ក្នុងឃុំព្រៃព្នៅ ស្រុកពារាំង បានបញ្ជាក់ថា អ្នកភូមិរបស់គាត់ភាគច្រើនបានប្រកបមុខរបរឡើងត្នោតយកទឹកលក់ និងរម្ងាស់ធ្វើជាស្ករលក់ស្ទើរតែគ្រប់គ្នា តែមកដល់បច្ចុប្បន្ន អ្នកនៅប្រកបមុខរបរនេះសល់តែ៤ទៅ៥នាក់ប៉ុណ្ណោះ ដោយអ្នកខ្លះកាន់តែចាស់ ឡើងដើមត្នោតលែងរួច និងខ្លះទៀតរវល់មើលចៅតូចៗ ព្រោះម្ដាយឪពុកគេទៅធ្វើការនៅតាមរោងចក្រ ឬចំណាកស្រុកជាដើម ។ ចំណែកយុវជនជំនាន់នេះវិញ គេមិនធ្វើតែម្តង ដោយយល់ឃើញថា វាប្រើកម្លាំងច្រើន ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ហើយទទួលបានកម្រៃតិចទៀត ។ ពួកគាត់លើកឡើងថា ៖« ទម្រាំតែផលិតបានជាស្ករត្នោត១០ទៅ១២គីឡូក្រាម ត្រូវចំណាយពេលពី៣ទៅ៤ម៉ោងក្នុងការដុតភ្លើងរម្ងាស់ ដល់ពេលលក់ចេញបានត្រឹមតែ៥ទៅ៦ម៉ឺនរៀលប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះ មានស្ករត្នោតឈ្មួញយកមកពីភ្នំពេញ លក់ប្រជែងតម្លៃទៀត ធ្វើឲ្យតម្លៃកាន់តែថោក ទើបម្នាក់ៗនាំគ្នាបោះបង់មុខរបរនេះទៅ »។
លោក វា រិទ្ធី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង បានឲ្យដឹងថា ៖« មកដល់ពេលនេះ យើងមិនទាន់បានបង្កើតសមាគមផលិតស្ករត្នោតនៅឡើយទេ បើទោះបីជាខេត្តជាប់ចំណាត់ថ្នាក់លេខ២ទូទាំងប្រទេសខាងសម្បូរដើមត្នោតក៏ដោយ »។ លោកបានបញ្ជាក់ថា ៖« ការបោះបង់មុខរបរនេះ ដោយសារតែមានឈ្មួញនាំយកស្ករត្នោតពីផ្សារអូរឫស្សី មកបោះលក់នៅផ្សារអ្នកលឿង និងចែកចាយបន្តទៅស្ទើរគ្រប់បណ្តារទីផ្សារក្នុងខេត្ត ធ្វើឲ្យតម្លៃស្ករត្នោតចុះថោក ទើបកសិករក្នុងស្រុកនាំគ្នាលែងធ្វើតែម្ដង ហើយបញ្ហានេះលោកកំពុងរិះរកវិធីសាស្ត្រ ដោះស្រាយដែរ » ។
ការប្រឈមនឹងការបាត់បង់មុខរបរឡើងត្នោតនេះ មិនមែនតែនៅខេត្តព្រៃវែងនោះទេ សូម្បីតែខេត្តកំពង់ស្ពឺដែលល្បីល្បាញខាងផលិតស្ករត្នោតសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ក៏កំពុងប្រឈមដូចគ្នា ដោយសារតែយុវជនសម័យឥឡូវមិនចាប់អារម្មណ៍នឹងរបរបែបនេះឡើយ ព្រោះការងារនៅតាមរោងចក្រសម្បូរ ហើយទទួលបានប្រាក់ខែសមរម្យទៀត ។
បើតាមប្រធានសហគមន៍អភិវឌ្ឍន៍កសិកម្មត្នោត ស្ថិតក្នុងឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានឲ្យដឹងដែរថា នៅឆ្នាំនេះ ការផលិតស្ករត្នោតបានធ្លាក់ចុះ ហើយបើតាមការស្ទាបស្ទង់មតិ ទិន្នផលស្ករត្នោតអាចនឹងបន្តធ្លាក់ចុះជាបន្តបន្ទាប់ទៀត ព្រោះបច្ចុប្បន្ន សមាជិកសហគមន៍អ្នកឡើងត្នោត មានវ័យកាន់តែចាស់ទៅហើយ ។ ចំណែកសមាជិកវ័យក្មេងបានបោះបង់មុខរបរនេះ ដោយពួកគាត់បានងាកទៅធ្វើការនៅតាមបណ្តារោងចក្រ សហគ្រាសនានា ខណៈដែលវិស័យទាំងនោះកំពុងរីកចម្រើន ។
លោក ហុង ហឿន ប្រធានសហគមន៍រូបនេះ បានអំពាវនាវដល់សមាជិកសហគមន៍ ក៏ដូចជានៅតាមបណ្តា សហគមន៍ដែលមានដើមត្នោត គួរបន្តនូវមុខរបរនេះ ព្រោះស្ករត្នោតគឺជាស្ករធម្មជាតិ ហើយមានតែប្រទេសកម្ពុជាប៉ុណ្ណោះ ដែលមានស្ករប្រភេទនេះ ខណៈពេលបច្ចុប្បន្ន មានក្រុមហ៊ុនដៃគូនាំចេញជាច្រើនមានបំណងសហការ ជួយផ្តល់ជាបទពិសោធន៍ ឬដំឡើងថ្លៃឲ្យបានសមរម្យដល់សហគមន៍ ដើម្បីជំរុញលើកទឹកចិត្តដល់សហគមន៍អ្នកផលិតស្ករត្នោត ក្នុងការបន្តអនុវត្តកិច្ចការនេះឲ្យរីកចម្រើន និងការបន្តប្រកួតប្រជែងស្ករធម្មជាតិឲ្យមានទីផ្សារល្អដាច់គេទាំងនៅក្នុងតំបន់ ក៏ដូចទីផ្សារអន្តរជាតិ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ