ឆ្នាំនេះ! ទិន្នផលមៀនប៉ៃលិន រងការខូចខាតពាក់កណ្តាល ដោយសារផ្លែប្រះបែ.កច្រើន
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ គេសង្កេតឃើញប្រជាកសិករម្នាក់ បានជួលកម្មករជាច្រើន ឱ្យចូលទៅប្រមូលផលផ្លែមៀនប៉ៃលិន នៅក្នុងចំការរបស់ខ្លួន ដើម្បីលក់ឱ្យឈ្មួញ នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅក្បែរអាងជីងចក់ ក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ តែម្ចាស់ចំការបានត្អូញត្អែរថា ជារៀងរាល់ឆ្នាំ ទិន្នផលដំណាំមៀនប៉ៃលិនក្នុងចំការរបស់គាត់ ប្រមូលបានចំនួនជាង២០តោន។ តែនៅឆ្នាំនេះ ទទួលរងការខូចខាតអស់ពាក់កណ្តាល ដោយសារតែបញ្ហាអាកាសធាតុប្រែប្រួលធ្វើឱ្យផ្លែមៀនប៉ៃលិនរបស់គាត់ទទួលរងការប្រេះខូចខាតអស់ច្រើនបែបនេះ ។
បើតាមការរៀបរាប់ពីកសិករ ឈ្មោះ ម៉ៃ ភេទប្រុស រស់នៅក្នុងក្រុងប៉ៃលិន បានរៀបរាប់ឱ្យភ្នាក់ងារយើងដឹងថា ៖ គាត់បានដាំដំណាំមៀនប៉ៃលិន នៅលើដីចំការរបស់ខ្លួនចំនួន៣ហិកតា ក្បែរកូនភ្នំអាងជីងចក់ ហើយក៏បានប្រមូលផលលក់ឱ្យឈ្មួញជារៀងរាល់ឆ្នាំ ដោយក្នុង១ឆ្នាំៗ គាត់អាចថ្លឹងលក់បានរហូតដល់ជាង២០តោនឯណោះ។
គាត់បន្តទៀតថា តែដោយឡែកនៅឆ្នាំនេះ ទោះបីជាគាត់ខិតខំប្រឹងប្រែងថែទាំបូមទឹកស្រោចគល់ ដាក់ជី ដោយយកចិត្តទុកដាក់យ៉ាងក៏ទិន្នផលដំណាំរបស់ខ្លួនទទួលរងការខូចខាតអស់ជាច្រើន។ ដោយចាប់តាំងពីដាក់អ័រម៉ូនបញ្ជាឱ្យផ្កា រហូតដល់ក្តិបធំបន្តិចម្តងៗ ស្រាប់តែប្រេះបែកជាបណ្តើរៗ លុះពេលឃើញបែបនេះ គាត់ក៏សាកសួរអ្នកជំនាញបច្ចេកទេស ព្រមទាំងប្រជាពលរដ្ឋដទៃទៀតដែរ ដោយគេបានប្រាប់ថា គ្រប់គ្នានៅឆ្នាំនេះ គឺទទួលរងការប្រេះបែកផ្លែមៀនប៉ៃលិន តាំងពីផ្លែមិនទាន់ទុំម្លេះ ដោយអាចមកពីបញ្ហាអាកាសធាតុប្រែប្រួល ឬមានមេរោគអ្វីម្យ៉ាង ។
គាត់បញ្ជាក់ទៀតថា ការប្រមូលផលលក់ គឺឈ្មួទិញក្នុង១គីឡូក្រាម តម្លៃ៣០០០រៀល ហើយនៅឆ្នាំនេះ គាត់ប្រមូលផលបានតែជាង១០តោនប៉ុណ្ណោះ ពោលគឺថយចុះជាងឆ្នាំមុនពាក់កណ្តាល។
បើតាមប្រភពព័ត៌មានពីកម្មករម្នាក់ ឈ្មោះ ឃុន ភេទស្រី រស់នៅស្រុកកំរៀង ខេត្តបាត់ដំបង បានរៀបរាប់ឱ្យដឹងដែរថា គាត់បាននាំកូនចៅមកប្រមូលផលផ្លែមៀនប៉ៃលិនេះ ដោយ១កញ្ឆេតូចទម្ងន់៥គីឡូក្រាម ទទួលបានប្រាក់កម្រៃ១៥០០រៀល និង១កញ្ឆេធំទម្ងន់ជាង១០គីឡូក្រាម ទទួលបានប្រាក់កម្រៃ៤៥០០រៀល។
ដូច្នេះ ពួកគាត់ម្នាក់ៗ អាចរកបានប្រាក់កម្រៃចាប់ពី៥ ទៅ៦ម៉ឺនរៀល ដែលអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងយកទៅសងជំពាក់បំណុលគេផងដែរ។ គាត់បន្តទៀតថា ការស៊ីឈ្នួលបេះផ្លែមៀនប៉ៃលិន គឺពួកគាត់មានគ្នាចាប់ពី៤០ទៅ៥០នាក់ ដោយប្រមូលផលចំការមួយអស់ រួចចូលទៅចំការមួយទៀត ហើយថៅកែដឹកយកទៅអប់នៅក្នុងរោងចក្រចិន ដើម្បីបន្តនាំចេញទៅក្រៅផលិតទៅជាគ្រឿងកំប៉ុង និងជាអាហារដែលរក្សាទុកបានយូរ ៕

















ចែករំលែកព័តមាននេះ