ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​សម្រុក ទៅ​លេង​នៅ​តំបន់​ភូមិ ភាគ​ឦសាន​ក្នុង​អំឡុង បុណ្យអុំទូក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​សម្រុក​ទៅ​ទស្សនា​កម្សាន្ដ​តាម​បណ្តា​ខេត្ត​នានា​នៅ​ភូមិភាគ​ឦសាន​ក្នុង​ឱកាស​ឈប់​សម្រាក​នៃ​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ ។​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី លោក​ង៉ែត ពិ​ទូ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​សម្រុក​ទៅ​ទស្សនា​កម្សាន្ដ​តាម​បណ្តា​ខេត្ត​នានា​នៅ​ភូមិភាគ​ឦសាន​ក្នុង​ឱកាស​ឈប់​សម្រាក​នៃ​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ ។​

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី លោក​ង៉ែត ពិ​ទូ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆិកា ថា ក្នុង​ឱកាស​ឈប់​សម្រាក​បុណ្យអុំទូក​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​នៅ​ខេត្តរតនៈគិរី មាន​ចំនួន​ជាង​១,៨​ម៉ឺន​នាក់ កើនឡើង​១១២% បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ លោក​បន្ត​ថា ជាមួយនឹង​កំណើន​ទេសចរ​នេះ បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​ដែល​មាន​ជាង​១.៤០០​បន្ទប់​នៅ​ក្នុង​ខេត្ត គឺ​មានការ​ខ្វះខាត​ដែរ ប៉ុន្តែ​តម្លៃ​មិន​កើនឡើង​ខ្ពស់​ខ្លាំង​នោះ​ទេ ទោះជា​ការ​ផ្គត់ផ្គង់ មិន​ឆ្លើយ​តប​នឹង​តម្រូវការ​ក្តី ។ លោក​មាន​ប្រសាសន៍​ថា ៖« កំណើន​ភ្ញៀវ​ទេសចរ​មក​តំបន់​នេះ ដោយសារ​កត្តា​សន្តិភាព សុវត្ថិភាព កំណើន​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ បណ្តាញ​គមនាគមន៍​មាន​ភាព​ងាយស្រួល ការ​ឈប់​សម្រាក​មាន​រយៈពេល​វែង ពិសេស​តំបន់​ភូមិភាគ​ឦសាន​ជា​គោលដៅ​ទេសចរណ៍​ធំ​មួយ ក្រៅពី​ខេត្តសៀមរាប និង​តំបន់ឆ្នេរ »​។

លោក ង៉ែត ពិ​ទូ បាន​បន្ត​ថា ខេត្តរតនគិរី​មាន​រមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍​ដែល​ស្ថិត​ក្នុង​ការ​ចងក្រង​រៀបចំ​ដោយ​មន្ទីរ​ទេសចរណ៍​ខេត្ត​មាន​ចំនួន​១៤​កន្លែង ប៉ុន្តែ​រមណីយដ្ឋាន​ជា​ច្រើន​ទៀត​ក៏​អាច​កម្សាន្ត​បាន​ដែរ តែ​ភាគច្រើន​ស្ថិត​នៅ​ក្នុង​ព្រៃ​ជ្រៅ ។

ចំណែក​ខេត្តមណ្ឌលគិរី ក៏​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កើនឡើង​ខ្ពស់​ផង​ដែរ ដោយ​រយៈពេល​បី​ថ្ងៃនេះ ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កើនឡើង​ខ្ពស់​រហូត​ដល់​៦០%​ដែល​មាន​ចំនួន​ជាង​២,២​ម៉ឺន​នាក់ ។ នេះ​បើ​តាម​លោក គង់ វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ។ លោក​បន្ត​ថា ៖« ដោយសារ​កំណើន​ភ្ញៀវ​ទេសចរ​កើនឡើង​ច្រើន​បែប​នេះ ធ្វើ​ឲ្យ​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​ដែល​មាន​ជាង​១.០០០​បន្ទប់ មិន​អាច​ឆ្លើយ​តប​បាន​ឡើយ »​។ លោក​ថា ៖« ភ្ញៀវ​ទេសចរ​មួយ​ចំនួន​បាន​បោះ​តង់​ស្នាក់​នៅ​តាម​វត្ត​អារាម និង​តាម​ផ្ទះ​របស់​អ្នកស្រុក​ជាដើម »​។ ខេត្តមណ្ឌលគិរី​បច្ចុប្បន្ន​មាន​រមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍​សរុប​ជាង​២០​ទីតាំង ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​អាច​ទស្សនា​កម្សាន្ដ​បាន ។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ដើរ​កម្សាន្ដ​នៅ​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក មាន​ចំនួន​ជាង​៩២​ម៉ឺន​នាក់ កើនឡើង​ប្រមាណ​១៥,៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ប្រមាណ​៨៤,២​ម៉ឺន​នាក់ ក្នុង​អត្រាកំណើន​១៥,៣% និង​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​៨,៣​ម៉ឺន​នាក់ ក្នុង​អត្រាកំណើន​១៨,៥% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ