ការនាំចេញរបស់ប្រទេសជប៉ុនបានកើនឡើងខ្លាំងបំផុតចាប់តាំងពីឆ្នាំ២០១០មក ដោយសារប្រាក់យ៉េនធ្លាក់ថ្លៃ ហើយការនាំចេញទៅកាន់អាមេរិកបានកើនឡើង។ ការនាំចេញក្រៅប្រទេសកើនបាន១០,១%ធៀបនឹងឆ្នាំមុន នេះបើយោងតាមការឲ្យដឹងពីក្រសួងហិរញ្ញវត្ថុនៅទីក្រុងតូក្យូ។ ការនាំចេញទៅកាន់ប្រទេសចិនបានរើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះកាលពីឆ្នាំមុនអំឡុងពេលមានភាពតានតឹងជម្លោះដែនសមុទ្រ។
ទិន្នន័យនៅពេលនេះទំនងជាធ្វើឲ្យគេមានទំនុកចិត្តកាន់តែខ្លាំងឡើងមកលើកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រីស៊ិនហ្សូអាបេ ដើម្បីស្តារសេដ្ឋកិច្ចដោយប្រើវិធានការជំរុញរូបិយវត្ថុ និងសារពើពន្ធ រួមជាមួយនឹងការកាត់បន្ថយបទប្បញ្ញត្តិដែលដាក់កំហិតលើក្រុមហ៊ុនពាណិជ្ជកម្ម ។ ការប្រែប្រួលហ៊ុន និងសញ្ញាប័ណ្ណបានគំរាមកំហែងចំពោះទស្សនៈក្រុមហ៊ុនក្នុងគ្រាដែលលោកអាបេ និងទេសាភិបាលធនាគារកណ្តាលលោកហារូ ហីកូគូរូដា ស្វះស្វែងអូសទាញប្រទេសឲ្យចាកចេញពីបរិត្តផរណារយៈពេល១៥ឆ្នាំ ។
លោក long Hanhua Wang អ្នកសេដ្ឋសាស្ត្រប្រចាំធនាគារRayal Bank of Scotland Group Plc និយាយថា ការធ្លាក់ថ្លៃនៃប្រាក់យ៉េននឹងបន្តជំរុញដល់ការនាំចេញរបស់ជប៉ុន ។ ជាមួយគ្នានេះដែរ អ្នកវិភាគនិយាយថា ភាពទន់ខ្សោយនៅក្នុងសេដ្ឋកិច្ចរបស់ចិន និងអឺរ៉ុបទំនងជាធ្វើឲ្យពាណិជ្ជកម្មកើនឡើង ។
ការនាំចេញទៅកាន់អាមេរិកកើនឡើង១៦%ធៀបនឹងឆ្នាំមុន ខណៈដែលការនាំចេញទៅកាន់ប្រទេសចិនកើន៨,៣% ហើយការនាំចេញទៅកាន់សហភាពអឺរ៉ុបធ្លាក់ចុះ៤,៩% ។ ប្រាក់យ៉េនបានធ្លាក់ថ្លៃ១២%ធៀបនឹងប្រាក់ដុល្លារអាមេរិកកាលពី៦ខែមុន ។ប្រាក់យ៉េនមានតម្លៃ៩៥,៤១យ៉េនក្នុងមួយដុល្លារនៅក្នុងទីផ្សារដោះដូររូបិយវត្ថុទីក្រុងតូក្យូ ៕
ចែករំលែកព័តមាននេះ