រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ដណ្តើមខ្សែក្រវាត់ជើងឯក១០លានរៀល របស់ក្រុមហ៊ុនស្រាផែនដីក្នុងប្រភេទទម្ងន់៧១គីឡូក្រាម នៅលើសង្វៀន CTN បានឈានចូលមកដល់សប្តាហ៍ទី៥ហើយ នៅថ្ងៃសៅរ៍ ទី២២ មិថុនា សប្តាហ៍នេះ ។ កីឡាករ២គូដែលត្រូវឡើងប្រកួតនៅថ្ងៃនោះ គឺមាស ភិរម្យ មកពីក្លិបកងទ័ពជើងទឹក ប្រកួតជាមួយ ឌុន រដ្ឋា មកពីក្លិបអេភូថងកីឡា និង វី សាយ័ន មកពីក្លិបខ្លារខិនមានឫទ្ធិ ប្រកួតជាមួយ ម៉ន សំណាង មកពីក្លិបវិស្វកម្មបច្ចេកទេសទ័ពជើងគោកព្រែកឯង ។
មាស ភិរម្យ និង ឌុន រដ្ឋា ប្រកួតបាន២លើកម្នាក់រួចមកហើយ និងឈ្នះទាំង២លើកមាន៦ពិន្ទុដូចគ្នា ។ លើកនេះទាំងសងខាងសុទ្ធតែមានមហិច្ឆតាចង់បាន៣ពិន្ទុបន្ថែមទៀត ដើម្បីក្តាប់យកតំណែងជួរមុខក្នុងតារាង ។ ២ប្រកួតកន្លងមក ឌុន រដ្ឋា ផ្តួលគូប្រកួតឱ្យសន្លប់ទាំង២លើក រីឯ មាស ភិរម្យ ផ្តួលគូប្រកួតឱ្យសន្លប់ម្តង និងឈ្នះពិន្ទុម្តង ។ តាមការកត់សម្គាល់ ឌុន រដ្ឋា ទាំងកម្លាំង និងល្បិចប្រយុទ្ធនៅលើសង្វៀនល្អជាង ប៉ុន្តែចិត្តរបស់គេមិនសូវជាសឿងប៉ុន្មានឡើយ ។ ចំណែកឯ មាស ភិរម្យ ចិត្តរបស់គេសឿងខ្លាំងណាស់ ឯស្នៀតកែងនិងជង្គង់របស់គេក៏វាយចេញបានរហ័សគ្រាន់បើដែរ តែមិនសូវមានទម្ងន់ទេ ដោយសារកម្លាំងមិនសូវខ្លាំង ។ គូនេះទស្សនិកជនភាគច្រើនសុទ្ធតែមិនហ៊ានទស្សន៍ទាយលទ្ធផលទុកមុនថា នរណាជាអ្នកឈ្នះនោះឡើយ ។
រីឯ វី សាយ័ន និងម៉ន សំណាង វិញ ក៏ប្រកួតបាន២លើកម្នាក់ដូចគ្នា ប៉ុន្តែជួបការបរាជ័យទាំងពីរលើកដូចគ្នា មាន២ពិន្ទុម្នាក់ប៉ុណ្ណោះ ទើបលើកនេះពួកគេប្រជែងគ្នារក៣ពិន្ទុឱ្យខាងតែបានព្រោះបើចាញ់លើកនេះទៀតច្បាស់ជាហាលខោមិនខាន ។ វី សាយ័ន មានមាឌធំប៉ុុន្តែអន់កម្លាំងបន្តិច ការវាយចេញទាំងស្នៀតកណ្តាប់ដៃនិងស្នៀតជើងហាក់មានការយឺតយ៉ាវខ្លាំងណាស់ ។ ប្រកួតលើកទី១ត្រូវ មាស ភិរម្យ វាយឱ្យសន្លប់ក្នុងទឹកទី២ម្តង និងលើកទី២ ក៏ត្រូវសន្លប់ក្រោមកណ្តាប់ដៃ ឌុន រដ្ឋា ក្នុងទឹកទី២ ម្តងទៀត ។ រីឯ ម៉ន សំណាង ចាញ់សន្លប់ក្រោមកណ្តាប់ដៃ ឌុន រដ្ឋា ក្នុងទឹកទី២ម្តង និងចាញ់ពិន្ទុមាស ភិរម្យ ម្តងទៀត ដូច្នេះចាំមើលលើកនេះអ្នកណាអាចរកបាន៣ពិន្ទុមុន ។
គូប្រកួតមិត្តភាពវិញ កីឡាករ ឡុង ប៊ុនយីម មកពីក្លិបសាលវ័ន្តកីឡា ជួបជាមួយកីឡាករ ជាសំណាង មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ។ កីឡាករហ៊ាម សំណាង មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ជួបជាមួយកីឡាករ សល់ ប៊ុនហូវ មកពីក្លិបអាស៊ីកីឡា ។ កីឡាករ ម៉ាន់ សម្បត្តិ មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ជួបជាមួយ កីឡាករ ចាន់ គង់រាជ មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន និងកីឡាករ ថៃ សារ៉ា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ជួបជាមួយ កីឡាករ មោង សុខុន មកពីក្លិបរាជសីហ៍បង្រ្កាបគ្រឿងញៀនខេត្តរតនគិរី ៕
ចែករំលែកព័តមាននេះ