គ្រាប់បាល់បីគ្រាប់របស់កីឡាករខ្សែបម្រើ Thiago និងគ្រាប់បាល់បន្ថែម១គ្រាប់ទៀតរបស់កីឡាករខ្សែបម្រើ Isco (នាទី៦៦) បានជួយឱ្យក្រុមយុវជនអេស្ប៉ាញអាយុក្រោម១ឆ្នាំបំបាក់ក្រុមអុីតាលីដោយលទ្ធផល៤-២ មានឱកាសការពារតំណែងជើងឯកអឺរ៉ុបបាន២ឆ្នាំបន្តទៀត ។
នេះគឺជាការលើកពានរង្វាន់ជើងឯកអឺរ៉ុបលើកទី៤សម្រាប់ក្រុមការពារជើងឯកយុវជនអេស្ប៉ាញអាយុក្រោយ២១ឆ្នាំក្នុងការបង្ហាញវត្តមានចំនួន១២លើក ។នៅក្នុងការប្រកួតតង់ទី១ ក្រុមយុវជនអេស្ប៉ាញបានគ្របសង្កត់ និងមានឱកាសស៊ុតបាល់បញ្ចូលទីទៅលើក្រុមអុីតាលីជាច្រើនលើកច្រើនសា ហើយជាលទ្ធផលនៅនាទីទី៦ កីឡាករខ្សែបម្រើ Thiago ដែលកំពុងលេងឱ្យក្លិបBarcelona រកគ្រាប់បាល់បញ្ចូលទីបាន១គ្រាប់បន្ទាប់ពីមានការបញ្ជូនបាល់ដ៏ល្អពីកីឡាករ Alvaro ។ ទោះជាយ៉ាងណាក្តី នៅនាទីទី១០ កីឡាករខ្សែប្រយុទ្ធ Tmmobile របស់អុីតាលីស៊ុតបាល់ផុតដៃអ្នកចាំទីអេស្ប៉ាញ រកគ្រាប់បាល់បាន១គ្រាប់តាមយកស្មើ ១-១ ។
បន្ទាប់ពីក្រុមអុីតាលីតាមយកស្មើ ក្រុមអេស្ប៉ាញមិនបានឈរឱបដៃធ្វើព្រងើយនោះទេ ផ្ទុយទៅវិញ គេបានបង្កើនការវាយលុកកាន់តែខ្លាំង ហើយជាលទ្ធផលនៅនាទីទី៣១ កីឡាករ Thiago ស៊ុតបាល់បញ្ចូលទីបាន១គ្រាប់បន្ថែមទៀតនាំមុខ ២-១ ហើយ៧នាទីក្រោយមកក្រុមអេស្ប៉ាញទទួលបានគ្រាប់បាល់សំណាងប៉េណាល់ទី១គ្រាប់ស៊ុតបញ្ចូលទីដោយកីឡាករ Thiago ដដែល ហើយបន្តការនាំមុខ ៣-១ រហូតដល់ចប់តង់ទី១ ។
ចូលមកដល់តង់ទី២ ក្រុមអេស្ប៉ាញនៅតែបង្ហាញមហិច្ឆតាចង់បំបាក់ក្រុមអុីតាលីដដែល ពោលគឺពួកគេមិនបន្ធូរដៃសោះឡើយ ហើយចូលមកដល់នាទីទី៦៦ កីឡាករ Isco ស៊ុតបាល់ប៉េណាល់ទីគ្រាប់ទី២ បានសម្រេចនាំមុខក្រុមអុីតាលី៤-១ ក៏ប៉ុន្តែនៅនាទីទី៨០ កីឡាករខ្សែប្រយុទ្ធ Bormi អុីតាលីស៊ុតបាល់បញ្ចូលទីបាន១គ្រាប់ ហើយបានរក្សាលទ្ធផលនេះរហូតដល់ចប់ការប្រកួត៩០នាទី ធ្វើឱ្យក្រុមយុវជនអេស្ប៉ាញយកឈ្នះអុីតាលី ៤-២ លើកពានរង្វាន់ជើងឯកអឺរ៉ុបលើកទី៤ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ៕
ចែករំលែកព័តមាននេះ