រដ្ឋាភិបាលតួកគីកាលពីថ្ងៃទី១៧ មិថុនា បានគំរាមប្រើកម្លាំងយោធាដើម្បីបញ្ចប់ការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលញាំញីប្រទេសចាប់តាំងពីជាង២សប្តាហ៍មកហើយ ខណៈដែលសហជីពដ៏ខ្លាំង២របស់ប្រទេសអំពាវនាវឱ្យមានកូដកម្មទូទៅដើម្បីជួយទ្រទ្រង់ដល់ពួកបាតុករ ។
ក្រោយការបង្ហាញកម្លាំងរបស់នាយករដ្ឋមន្ត្រី លោករីសេបតៃយីប អ័រដូហ្គាន ដែលប្រមូលផ្តុំអ្នកគាំទ្រលោកដល់ទៅជាង១០០.០០០នាក់នៅក្រុងអីុស្តង់ប៊ុល ឧបនាយករដ្ឋមន្ត្រីរបស់លោកគឺលោក BULENT ARINC បានបន្តឹងសំឡេងដោយគ្រោងកេណ្ឌប្រមូលកងទ័ពឱ្យជួយស្តារភាពស្ងប់ស្ងាត់ក្នុងប្រទេសឡើងវិញ ។
ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ HABER លោក ARINC ថ្លែងថា ប៉ូលិសនឹងប្រើគ្រប់មធ្យោបាយដែលច្បាប់ផ្តល់ឱ្យរួច បើពុំទាន់គ្រប់គ្រាន់ទ េនោះកងទ័ពតួកគីអាចត្រូវប្រើប្រាស់ក្នុងបណ្តាទីក្រុង ។ការព្រមាននេះរបស់រដ្ឋាភិបាលធ្វើឡើង ខណៈដែលសហព័ន្ធសហជីពកម្មករបដិវត្តន៍ DISK និងសហព័ន្ធ សហជីព បុគ្គលិករដ្ឋ KESK បានសម្រេចគាំទ្រដល់ពួកអ្នកតវ៉ាក្រោយការបង្ក្រាបបាតុករនៅទីលានតាក់ស៊ីម និងនៅឧទ្យាន GEZI ក្រុងអីុស្តង់ប៊ុល ។ សហជីពទាំង២នោះបានប្រមូលសកម្មជនធ្វើការតវ៉ានៅតាមដងវិថីទាំងឡាយនាថ្ងៃទី១៧ មិថុនា ។ នារសៀលថ្ងៃនោះ មនុស្សជាច្រើនពាន់នាក់បានប្រមូលផ្តុំនៅកន្លែង២ផ្សេងគ្នា ហើយលើកមកជួបជុំគ្នានៅទីលានតាក់ស៊ីម ៕
ចែករំលែកព័តមាននេះ