ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិ​​ការណ៍​​បាល់​​ទាត់​​ពាន​​រង្វាន់​ ​BIDC ​Cup​ 2013​ គ្រោង​​ធ្វើ​​នៅ​​ពាក់​​កណ្តាល​​ខែ​​វិច្ឆិកា​​ខាង​​មុខ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ធនាគារ​វិនិយោគ​ និង​អភិវឌ្ឍន៍​កម្ពុជា​ ភីអិល​ស៊ី​ (BIDC) សហការ​ជា​មួយ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ ដែល​មាន​លោក​នាយ​ឧត្តម​សេនីយ៍​ សៅ សុខា​ ជាប្រធាន​សហ​ព័ន្ធ​ កាល​ពី​ថ្ងៃ​ទី​១៧​ មិថុនា​ នៅ​សណ្ឋាគារ​ភ្នំពេញ​បាន​ធ្វើ​សន្និសីទ​សារ​ព័ត៌​មាន​មួយ​ប្រកាស​បន្ត​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ឧបត្ថម្ភ​ធំ​សម្រាប់​ការ​ប្រកួត​បាល់​ទាត់​ជា​លក្ខណៈ​អន្តរ​ជាតិ​នៅ​កម្ពុជា​

រាជ​ធានី​ភ្នំពេញ ៖ ធនាគារ​វិនិយោគ​ និង​អភិវឌ្ឍន៍​កម្ពុជា​ ភីអិល​ស៊ី​ (BIDC) សហការ​ជា​មួយ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ ដែល​មាន​លោក​នាយ​ឧត្តម​សេនីយ៍​ សៅ សុខា​ ជាប្រធាន​សហ​ព័ន្ធ​ កាល​ពី​ថ្ងៃ​ទី​១៧​ មិថុនា​ នៅ​សណ្ឋាគារ​ភ្នំពេញ​បាន​ធ្វើ​សន្និសីទ​សារ​ព័ត៌​មាន​មួយ​ប្រកាស​បន្ត​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ឧបត្ថម្ភ​ធំ​សម្រាប់​ការ​ប្រកួត​បាល់​ទាត់​ជា​លក្ខណៈ​អន្តរ​ជាតិ​នៅ​កម្ពុជា​ ដណ្តើម​ពាន​រង្វាន់​ BIDC Cup 2013 ជា​លើក​ទី​៣ ដែល​គ្រោង​រៀបចំ​ធ្វើ​នៅពាក់​កណ្តាល​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ ។​

យោងតាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​លើក​នេះ​អាចមាន​កីឡា​ករ​ចូល​រួម​ចំនួន​៨​ក្រុម​ច្រើន​ជាង​បណ្តា​ឆ្នាំ​មុន​ៗ ។​ BIDC Cup បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៩​ ក្នុង​គោល​បំណង​លើក​កម្ពស់​ទំនាក់​ទំនង​មិត្ត​ភាព​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​៣​នៅ​ឥណ្ឌូ​ចិន​ គឺ​កម្ពុជា វៀត​ណាម​ និងឡាវ​ ក្នុង​ក្រប​ខ័ណ្ឌ​យុវជន​អាយុ​ក្រោម​១៣​ឆ្នាំ ដោយ​កាល​ណោះ​កីឡាករ​ចូល​រួម​មាន​ចំនួន​៤​ក្រុម​ គឺ​ក្រុម​កម្ពុជា, ឡាវ​ និង​​វៀត​ណាម​ដែល​មាន​២​ក្រុម​ ហើយ​ក្រុម​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ជា​ម្ចាស់​ជើង​ឯក​ ។ BIDC Cup បាន​បន្ត​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១១​ ទៀត​ដែល​ជា​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រកួត​រយៈ​ពេល​២ឆ្នាំ​ម្តង​ ។

នៅ​លើក​ទី​២​នេះ​មាន​កីឡាករ​ចូល​រួម​ចំនួន​៦​ក្រុម​ ដែល​សុទ្ធ​សឹង​ជា​ក្រុម​មក​ពី​ប្រទេស​តំបន់​ទន្លេ​មេគង្គ​ ក្នុងនោះ​មាន​កម្ពុជា​, វៀត​ណាម​, ឡាវ, ថៃ​, មីយ៉ាន់​ម៉ា​ និង​ចិន ហើយ​កាល​ណោះ​ក្រុម​មីយ៉ាន់ម៉ា​ទទួលបាន​តំណែង​ជា​ម្ចាស់​ជើង​ឯក​ ។ ភាព​ជោគ​ជ័យ​ដែល​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​មក​នេះ​បាន​ធ្វើ​ឱ្យ​ BIDC ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ​កាន់​តែ​មាន​ភាព​សប្បាយ​រីក​រាយ​ និង​ចង់​ពង្រីក​ការ​ប្រកួត​ឱ្យ​កាន់​តែ​ធំ​ឡើង​ទៀត​ ដោយ​ឆ្នាំ​នេះ​មាន​កីឡាករ​ចូល​រួម​រហូត​ដល់​ទៅ​៨​ក្រុម​ ក្នុង​នោះ​មាន​៦​ក្រុម​មក​ពី​បណ្តាប្រទេស​តំបន់​ទន្លេ​មេគង្គ​ និង​២ក្រុម​ទៀត​មក​ពី​ប្រទេស​ជប៉ុន ។​

គួររំលឹក​ផងដែរ​ថា​ ការ​ប្រកួត​បាល់​ទាត់​ដណ្តើម​ពាន​រង្វាន់​ BIDC នេះ​គឺ​ជា​គំនិត​ផ្តួច​ផ្តើម​ឡើង​របស់​លោក​នាយ​ឧត្តម​សេនីយ៍​ សៅ សុខា​ និង​លោក​ ជិន​ បាក់​ហា​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ធនាគារ​វិនិយោគ​ និង​អភិវឌ្ឍន៍​វៀត​ណាម ។​ នៅ​ក្នុង​ឱកាស​នោះផង​ដែរ​ ក៏​មាន​ការ​ចុះ​ហត្ថ​លេខា​រវាង​តំណាង​ BIDC និង​លោក​នាយ​ឧត្តម​សេនីយ៍​ សៅ សុខា ស្តី​ពី​ការ​ឯក​ភាព​គ្នា​លើ​គម្រោង​រៀបចំ​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រកួត​បាល់​ទាត់​នេះ​ឡើង​ ហើយ​ខាង​ BIDC និង​ធនាគារ​មេ BIDV បាន​ធ្វើ​ការ​ឧបត្ថម្ភ​ទឹក​ប្រាក់​ចំនួន​២២​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​​សម្រាប់​រៀបចំ​ការ​ប្រកួត​ និង​ធនាគារ​ BIDC បាន​ឧបត្ថម្ភ​១០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​សម្រាប់​ចំណាយ​ផ្សេងៗ​លើ​វិស័យ​បាល់​ទាត់ ។​

ជាមួយ​គ្នា​នេះ​ផង​ដែរ​ BIDC ក៏​បាន​ធ្វើ​ការ​ប្រកាស​ស្តីពីការ​ទទួល​បាន​នូវ​ពាន​រង្វាន់​របស់​ខ្លួន​ពី​ស្ថាប័ន​ International Data Croup ដែល​ពាន​រង្វាន់​នេះ​មាន​ឈ្មោះ​ថា​ “The Most Outstanding Promising Growth Bank Award”។ ពាន​រង្វាន់​នេះ​គឺ​ជា​ការ​បញ្ជាក់​ពី​ភាព​រីក​ចម្រើន​របស់​ធនាគារ​ BIDC ក្នុង​រយៈ​ពេល​៤​ឆ្នាំ​កន្លង​មក​នេះ​ ។ ធនាគារ BIDC បាន​បង្កើត​ឡើង​នៅ​កម្ពុជា​ជា​ផ្លូវ​ការ​នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០០៩​ ជាមួយ​នឹង​ការ​បោះ​ទុន​វិនិយោគ​ក្នុងទឹក​ប្រាក់​៧០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ។ ធនាគារ​ BIDC មាន​ទ្រព្យ​សកម្ម​បច្ចុប្បន្ន​នៅ​ទីផ្សារ​កម្ពុជា​ ស្មើ​នឹង​លំដាប់​ថ្នាក់​ Top5 ក្នុង​ចំណោម​ធនាគារ​ពាណិជ្ជ​ទាំង​៣២​ នៅ​កម្ពុជា ៕​