រាជធានីភ្នំពេញ ៖ អតីតប្រពន្ធចុង និងម្តាយក្មេកលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានផ្តល់បទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មាន និងទូរទស្សន៍មុនពេលពួកគាត់ចាកចេញពីមន្ទីរពេទ្យកាល់ម៉ែតនាវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៨ មិថុនា ២០១៣ ដោយផ្តោតសំខាន់លើបញ្ហាសុខភាព បញ្ហាដាក់ពាក្យបណ្តឹង និងបញ្ហានយោបាយ។
អ្នកស្រីសម ផល្លា បាននិយាយក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា មូលហេតុដែលបង្កឱ្យកើតមានជាបញ្ហានេះឡើងមិនទាក់ទងនឹងរឿងនយោបាយទេ គឺជារឿងគ្រួសារដែលបង្កឡើងដោយលោកកឹម សុខា មិនទទួលខុសត្រូវចិញ្ចឹមប្រពន្ធ កូន។ គាត់បានរំលឹកថា កាលពីថ្ងៃទី១៣ មិថុនា ២០១៣ គាត់ត្រូវអង្គរក្ស និងក្មួយស្រីរបស់លោកកឹម សុខា ប្រើអំពើហិង្សាទាត់ធាក់មកលើពួកគាត់ពិតមែន ខណៈចូលទៅតវ៉ាសុំវែកញែកឱ្យលោកកឹម សុខា ទទួលខុសត្រូវក្នុងនាមខ្លួនជាប្រពន្ធ ទារប្រាក់ចិញ្ចឹមជីវភាព និងទារសំណងជំងឺចិត្តនៅមុខវេទិកាមួយដែលលោកកឹម សុខា កំពុងជួបសំណេះសំណាលឃោសនាជាមួយសកម្មជនរបស់ខ្លួននៅខេត្តព្រៃវែង។។
គាត់បានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តព្រៃវែងដើម្បីឱ្យតុលាការផ្តល់យុត្តិធម៌ជូនគាត់។ ពេលនេះថ្វីដ្បិតគាត់ចេញពីមន្ទីរពេទ្យពិតមែន តែសុខភាពរបស់គាត់នៅមិនទាន់បានប្រសើរនៅឡើយទេ ៕
ចែករំលែកព័តមាននេះ