តម្លៃប្រេងឆៅទីក្រុងញូវយ៉កបានធ្លាក់វិញ បន្ទាប់ពីវាបានឡើងថ្លៃដល់ទៅ៩ខែដោយសារមានក្តីបារម្ភនៅតំបន់មជ្ឈិមបូព៌ា ។
ទីផ្សារប្រេងឆៅមានការប្រែប្រួលនៅមុនកិច្ចប្រជុំក្រុមប្រទេស G8 នៅភាគខាងជើងប្រទេសអៀរឡង់ ។ បញ្ហានៅស៊ីរីបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងកិច្ចប្រជុំនោះ ។
តម្លៃប្រេងឆៅទីក្រុងញូវយ៉កសម្រាប់ចែកចាយខែសីហាបានឈានដល់៩៨,៧៤ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតមួយខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ។ មកដល់ថ្ងៃអង្គារទី១៨ មិថុនា តម្លៃប្រេងឆៅបានថមថយវិញដោយធ្លាក់ចុះ៨សេនមកនៅ៩៧,៧៧ដុល្លារក្នុងមួយបារ៉ែល។ ចំណែកប្រេងឆៅ Brent North Sea នៅទីក្រុងឡុងដ៍ធ្លាក់ចុះ៤៦សេនមកនៅ១០៥,៤៧ដុល្លារក្នុងមួយបារ៉ែល ។
លោក Julian Jessop អ្នកវិភាគសេដ្ឋកិច្ចនៅក្រុមហ៊ុន Capital Economics បាននិយាយដោយខ្លាចក្រែងថា អន្តរាគមន៍លោកខាងលិចនៅក្នុងប្រទេសស៊ីរីអាចបង្កើនហានិភ័យជម្លោះនៅមជ្ឈិមបូព៌ាកាន់តែខ្លាំងឡើង ទើបទង្វើនោះវាបានដាក់សម្ពាធមកលើតម្លៃប្រេង Brent ។
យ៉ាងណាក៏ដោយ បើទោះបីជាភាពតានតឹងពិតជាបន្តកើនឡើង យើងរំពឹងថាការធ្លាក់ចុះនៃទីផ្សារប្រេងឆៅសាកល នឹងមានលំនឹងដោយសារមានការរំពឹងទុកពីការបញ្ចេញប្រេងបម្រុងទុកយុទ្ធសាស្ត្រដែលគ្រប់គ្រងដោយអាមេរិកនិងសម្ព័ន្ធមិត្តរបស់គេ ។
ចំណែកអ្នកវិភាគជាច្រើននិយាយថា ស៊ីរីមិនមែនជាប្រទេសផលិតប្រេងធំនោះទេ ហេតុដូច្នេះការរីករាលដាលទៅកាន់ប្រទេសជិតខាងបានបន្លាចទីផ្សារបន្តិចបន្តួចប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ