រាជធានីភ្នំពេញ ៖ ស្ថានីយទូរទស្សន៍ CTN សម្រចចិត្តដកបេក្ខភាព សុខ ធី ហៅកាការ ចេញពីការប្រកួតដណ្ដើមពានរង្វាន់អន្តរជាតិកំពូលអ្នកប្រដាល់កណ្ដាប់ដៃដែកទម្ងន់៥៧គីឡូក្រាមរដូវកាលទី៣ ជាផ្លូវការហើយ កាលពីថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីលោក សាន សៅយ៉ាន់ ប្រធានក្លិបសានសៅយ៉ាន់នាគា ខេត្តបន្ទាយមានជ័យ នៅរឹងទទឹងមិនព្រមទទួលយកការដោះស្រាយរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏ដូចជាស្ថានីយទូរទស្សន៍CTN ។
គេនៅចាំបានថា កាលពីថ្ងៃអាទិត្យ ទី២៨ តុលា កីឡាករ សុខ ធី បានជួបប្រកួតជាលើកទី២ ក្នុងវគ្គសន្សំពិន្ទុជាមួយកីឡាករថៃ ធ្នូសឹកឡេក។ ពួកគេបានប្រកួតគ្នា៥ទឹកពេញ ដល់ចប់ការប្រកួតចៅក្រមទាំង៥រូប បានផ្ដល់ពិន្ទុមិនឯកច្ឆ័ន្ទ៣ទល់និង២។ ក្នុងចៅក្រម៣រូបដែលបាន ផ្ដល់ពិន្ទុឱ្យ ធ្នូសឹកឡេក ឈ្នះ រួមមានលោកជ្រា សុភ័ក្រ, លោក ឡុង សាលវ័ន្ទ និងលោកហង្ស ម៉ាខេម ចំណែកចៅក្រម២រូបផ្សេងទៀតដែលផ្ដល់ពិន្ទុឱ្យសុខ ធី ឈ្នះមានលោកស៊ិន ប៊ុនធឿន និងលោកអេ ភូថង។
ក្រោយពីការប្រកួតបានបញ្ចប់ភ្លាម ស្រាប់តែលោក សាន សៅយ៉ាន់ ផ្ទុះប្រតិកម្មយ៉ាងខ្លាំងមិនទទួលស្គាល់លទ្ធផលខាងលើនេះឡើយ រហូតដល់ថ្នាក់ដៀលចៅក្រមដែលផ្ដល់ឱ្យ សុខ ធីចាញ់ថា មិនត្រឹមត្រូវ គ្មានភាពយុត្តិធម៌ ហើយក៏បានដាក់ពាក្យបណ្ដឹងទៅសហព័ន្ធកីឡាប្រដាល់គុនខ្មែរភ្លាមតែម្ដង ដើម្បីឱ្យសហព័ន្ធរកដំណោះស្រាយជូន។
រំលងបានប្រហែលជាងមួយសប្ដាហ៍ ភាគីទាំង៣ បានបើកកិច្ចប្រជុំមួយដែលមានតំណាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ តំណាងក្លិបសានសៅយ៉ាន់នាគា និងតំណាងស៊ីធីអិន ចាប់ផ្ដើមធ្វើនៅស្ថានីយទូរទស្សន៍ស៊ីធីអិនតែម្ដង។ ជាមួយនឹងការប្រជុំស្វែងរកតំណោះស្រាយនេះទៀត ធ្វើឡើងអស់រយៈពេលជាង៣ម៉ោង ហើយបានចាក់វីដេអូរូបភាពប្រកួតរវាង សុខ ធី និងធ្នូសឹកឡេក សាជាថ្មីឡើងវិញ ដើម្បីបានមើលជាក់ស្ដែងទាំងអស់គ្នា។
ក្នុងការចាក់សាចុះសាឡើងនេះទៀត ទាំងចៅក្រម និងគណៈកម្មការរៀបចំការប្រកួតក៏ដូចជាតំណាងស្ថានីយទូរទស្សន៍ សុទ្ធតែបានមើលឃើញថា កីឡាករថៃ ធ្នូសឹកឡេក អ.ហ្វាន់មឿងនៅតែជាអ្នកឈ្នះ បើទោះជា សុខ ធី វាយគូប្រកួតឱ្យរាប់៨ម្ដងនៅទឹកទី៣ក៏ដោយ។ ប៉ុន្តែលោក សាន សៅយ៉ាន់ នៅតែរឹងមិនព្រមទទួលស្គាល់លទ្ធផលនេះឡើយ។ ម្យ៉ាងវិញទៀតយោងទៅតាមច្បាប់របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មិនអាចកែប្រែលទ្ធផលបានឡើយ។ប៉ុន្តែទាំងសហព័ន្ធ ក៏ដូចជាស្ថានីយ ព្យាយាមរកដំណោះស្រាយគ្រប់វិធីអស់រយៈពេលជិត១ខែ ដើម្បីឱ្យ សុខ ធី ចូលខ្លួនមកប្រកួតវិញ។
មិនតែប៉ុណ្ណោះមុនពេលប្រកួត តំណាងក្លិបនីមួយៗសុទ្ធតែបានចុះកិច្ចសន្យាជាមួយស្ថានីយទូរទស្សន៍រួចរាល់អស់ហើយ បើសិនជាបុគ្គលណាម្នាក់មានចេតនាធ្វើឱ្យខូចកម្មវិធីប្រកួត និងត្រូវសងពេញថ្លៃ។ ហើយអ្នកណាក៏គេដឹងដែរថា សម្រាប់ការប្រកួតនេះបើសិនជាលោក សាន សៅយ៉ាន់ សម្របខ្លួនបន្តិច តំណែងម្ចាស់ពានរង្វាន់នឹងត្រូវធ្លាក់ទៅលើ កីឡាករ សុខ ធី១០០% ។ ហើយគេនឹងក្លាយជាម្ចាស់ប្រាករង្វាន់ចំនួន៦ពាន់ដុល្លារយ៉ាងពិតប្រាកដ ព្រោះសុខ ធី នៅមានឱកាសច្រើនប្រកួត២លើក ឈ្នះ១ចាញ់១។ ប៉ុន្តែលោក សាន សៅយ៉ាន់ នៅតែមានភាពរឹងរូស មិនព្រមឱ្យសិស្សរបស់លោក ប្រកួតបន្តទៀតឡើយ។ ជាងនេះទៅទៀតលោកថែមទាំងប្រកាសដកខ្លួនចេញពីមន្ត្រីចៅក្រមសង្វៀនប៉ុស្តិ៍បាយ័នទៀតផង។ ដោយបានបោះពាក្យសម្ដីថា លោកគ្មានសមត្ថភាពធ្វើជាចៅក្រមនោះទេ។
ទោះជាយ៉ាងណាយោងទៅតាមសេចក្ដីសម្រចរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា ដែលចុះហត្ថលេខាដោយលោក វេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី១៩ វិច្ឆិកា បានជម្រុញឱ្យលោក សាន សៅយ៉ាន់ និងកីឡាករ សុខ ធី រៀបចំខ្លួនឱ្យបានល្អដើម្បីបន្តចូលរួមប្រកួតតាមកិច្ចសន្យា និងបទបញ្ជានៃការប្រកួតរហូតដល់ចប់។ ប៉ុន្តែកុំឱ្យមានភាពវែងឆ្ងាយ និងចង់បញ្ចប់រឿងឱ្យបាន ឆាប់ ខាងស៊ីធីអិន បានប្រើសិទ្ធិក្នុងនាមម្ចាស់កម្មវិធីដោយបានការឯកភាពពីសហព័ន្ធកីឡាប្រដាល់កម្ពុជា ដកបេក្ខភាពកីឡាករ សុខ ធី ចេញពីការប្រកួតដណ្ដើមខ្សែក្រវាត់កំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែក រដូវកាលទី៣ ចាប់ពីពេលនេះទៅ ដោយមិនទាមទារសំណងអ្វីទាំងអស់។
គួរំលឹកផងដែរថា កីឡាករ សុខ ធី ជាកំពូលអ្នកប្រដាល់វ័យក្មេងមូយរូប រហូតមកទល់នឹងពេលនេះទើបតែមានអាយុ១៩ឆ្នាំប៉ុណ្ណោះ គេធ្លាប់ប្រកួតបាន៨០ដង ឈ្នះ៦៨ដង ចាញ់១០ស្មើ២ដង និងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់បាន២៨ដង។ មិនតែប៉ុណ្ណោះគេធ្លាប់ប្រកួតនៅស្រុកថៃជាញឹកញាប់ទៀតផង។ វាជារឿងគួឱ្យស្ដាយបំផុត បើសិនជាលោក សាន សៅយ៉ាន់ បន្ទន់ឥរិយាបទព្រមទទួលយកនូវអ្វីដែលជាសំណើរល្អៗរបស់សហព័ន្ធនិងស្ថានីយទូរទស្សន៍ CTNវិញនោះ គ្រប់យ៉ាងពិតជាល្អសម្រាប់ក្មេងម្នាក់នេះមិនខាន៕
ចែករំលែកព័តមាននេះ