សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យមានការបង្កើតតារាងបាល់ទាត់ឲ្យបានច្រើនបន្ថែមទៀតនៅតាមភូមិ-ឃុំ និង ខេត្ត ដើម្បីចម្រញ់យកកីឡាករល្អៗចូលក្រុមជម្រើសជាតិ ។
ការអំពាវនាវរបស់សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន យ៉ាងដូច្នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ មិថុនា ២០១៣ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើបា្រស់ជាផ្លូវការនូវមជ្ឈមណ្ឌលនិងសាលាបាល់ទាត់ជាតិ ស្ថិតនៅក្នុងឃុំក្រំាងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលនិងសាលាបាល់ទាត់ជាតិនេះ សាងសង់ឡើងលើផ្ទៃដីចំនួន១៥ហិកតា ដោយចំណាយថវិកាសាងសង់ចំនួន ២.២៣៤.៩០០លានដុល្លារអាមេរិក ដោយមិនបូកបញ្ចូលការចំណាយរបស់ក្រុមហ៊ុនវិនិយោគរបស់វៀតណាមឈ្មោះ Hoang Anh Gia Lai និងសប្បុរសជនលើផ្នែកសម្ភារៈនោះទេ ។ ថវិកាចំណាយនេះមួយចំនួនបានមកពី Goal Project របស់ FIFA ផងដែរ ។
មជ្ឈមណ្ឌលនិងសាលាបាល់ទាត់ជាតិនេះមានអគារចំនួន១៣ ធ្វើពីបេតុងក្នុងនោះមានអគារធំសម្រាប់កីឡាករជម្រើសជាតិចំនួន០៣អគារ អាហារដ្ឋាន០១អគារ អគារផ្លាស់សម្លៀកបំពាក់២ អគារស្នាក់នៅសម្រាប់កីឡាករវ័យក្មេងចំនួន០៦ ដែលអគារនិមួយៗមានកម្ពស់២ជាន់ និង ៤បន្ទប់ អគាររដ្ឋបាលកម្ពស់២ជាន់ ១ខ្នង ទីលានធំៗសម្រាប់ហ្វឹកហាត់ចំនួន៤ ព្រមទាំងអាងចម្រោះទឹកស្អាត ១ផងដែរ ៕
ចែករំលែកព័តមាននេះ