កាលពីថ្ងៃទី១៤ មិថុនាកន្លងមក ទីភ្នាក់ងារព័ត៌មានបរទេសផ្សាយថា មានហេតុការណ៍រថភ្លើងដឹកអ្នកដំណើរ ដែលបើកក្នុងល្បឿនលឿនបានបុកជាមួយរថភ្លើងមួយខ្សែទៀតកំពុងឈប់លើដងផ្លូវសាមៀនតូឡៃ ប្រទេសអាហ្សង់ទីន បណ្តាលឱ្យអ្នកដំណើរចំនួន៣នាក់ស្លាប់បាត់បង់ជីវិត និងជាង៣០០នាក់ទៀតរងរបួស កាលពីព្រឹកថ្ងៃទី១៣ មិថុនា ។
ផ្នែកអយស្ម័យយានស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបញ្ជាក់ថា មូលហេតុដែលកើតមានគ្រោះថ្នាក់ដោយសារការធ្វេសប្រហែសរបស់អ្នកបើកបរ ។ នៅក្នុងរូបភាពនៃផ្កាយរណបបង្ហាញថា មុនពេលចូលចតនៅស្ថានីយរថភ្លើងនោះបានបើកឆ្លងកាត់ស្លាកសញ្ញាប្រកាសអាសន្នចំនួន៤ផ្ទាំងបន្តបន្ទាប់គ្នា តែមិនព្រមឈប់ទើបជ្រុលទៅបុកជាមួយរថភ្លើងមួយខ្សែទៀត។ ជាធម្មតានៅពេលឃើញស្លាកសញ្ញាប្រកាសអាសន្ន អ្នកបើកបរត្រូវតែឈប់ ។ ក្រោយពេលកើតហេតុ អាជ្ញាធរបានឃាត់ខ្លួនអ្នកបើកបរ និងសមាជិករថភ្លើងទាំង២ខ្សែ ដើម្បីស៊ើបអង្កេតរកមូលហេតុរថភ្លើងបុកគ្នា ដែលបណ្តាលឱ្យមានការខូចខាត និងស្លាប់បាត់បង់ជីវិត។
លោកផ្លូរ៉េន ស៊ីយូ រ៉ាសដាសសូ រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងដឹកជញ្ជូនរបស់អាហ្សង់ទីនបានស្នើសុំឱ្យប្រជាជនអត់ធ្មត់ និងប្រកាសថា នឹងចាប់ខ្លួនអ្នកបង្កហេតុមកដាក់ទោសឱ្យខាងតែបាន ៕
ចែករំលែកព័តមាននេះ