ខេត្តឧត្ដរមានជ័យ ៖ ឈើប្រភេទលេខ២ចំនួនពីររថយន្ដយីឌុប មិនដឹងថាមានច្បាប់ ឬក៏អត់ច្បាប់នោះទេ ត្រូវបានដឹកចេញពីស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារឆ្លងកាត់ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ ឆ្ពោះទៅកាន់ខេត្ដសៀមរាប ហើយត្រូវសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទ ឃាត់ចាប់នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៥ មិថុនា តែមិនដឹងថាមានបញ្ហាអ្វីទេ រថយន្ដទាំងពីរគ្រឿងនោះ ក៏បានវិលកង់បន្ដដំណើររបស់ខ្លួនយ៉ាងរំភើយនៅព្រឹកថ្ងៃទី ១៦ មិថុនា ។
ពាក់ព័ន្ធនឹងការដឹកឈើចេញពីស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ របស់ឈ្មួញ ហើយត្រូវសមត្ថកិច្ចរដ្ឋបាលព្រៃឈើត្រពាំងប្រាសាទឃាត់ចាប់នេះ រថយន្ដមួយគ្រឿង ក្បាលពណ៌សលាយខៀវ ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A-0162 និងមួយគ្រឿងទៀត ពណ៌បៃតងលាយលឿង ពាក់ស្លាកលេខ ព្រះសីហុន 3A-1131 ធ្វើដំណើរតាមដងផ្លូវជាតិលេខ៦៩B ពីស្រុកត្រពាំងប្រាសាទ ទៅស្រុកអន្លង់វែង ។
លុះដល់ចំណុចស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទ ត្រូវបានក្រុមមន្ដ្រីជំនាញចាប់ឃាត់តាំងពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១៥ មិថុនា ដោយរក្សាទុកនៅលើផ្លូវជាតិ ។ តាមការសន្និដ្ឋាន ឈើផ្ទុកនៅលើរថយន្ដក្នុងមួយគ្រឿងមានពី៣០ទៅ៤០ម៉ែត្រគូប តែក្រុមមន្ដ្រីមិនបានឆែកឆេរ ឬត្រួតពិនិត្យអ្វីទេ ។ លុះព្រឹកថ្ងៃទី១៦ មិថុនា វេលាម៉ោងប្រហែល១១ គេឃើញរថយន្ដយីឌុបដឹកឈើទាំង២គ្រឿងនេះចេញដំណើរទៅមុខទៀត ។
ជុំវិញការដឹកឈើចេញពីស្រុកជាំក្សាន្ដ ដោយរថយន្ដយីឌុបទាំង២គ្រឿងនេះ លោក ម៉ក់ បញ្ញា នាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ដថ្លែងថា លោកពុំបានដឹងអ្វីទាំងអស់ ព្រោះការដឹកឈើចេញបែបនេះ មន្ដ្រីជំនាញមិនបានដឹងទេ ដោយសារពួកឈ្មួញគេលួចឃុបឃិតគ្នាស្ងាត់ៗដឹកចេញ ។ ចំណែកលោក ឃុន ប៊ុនហេង នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទ មិនបានបំភ្លឺព័ត៌មានជុំវិញការចាប់រថយន្ដដឹកឈើនេះទេ ហើយលោកក៏មិនផ្ដល់ព័ត៌មានឱ្យដែរ ដោយសំអាងថាទាល់តែមានបញ្ជាពីមេធំរបស់លោក ទើបលោកហ៊ានបំភ្លឺ ។
ប្រជាពលរដ្ឋនៅស្រុកត្រពាំងប្រាសាទឱ្យដឹងថា សកម្មភាពបទល្មើសនានាដូចជាកាប់បំផ្លាញព្រៃឈើ រុករានទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងក្រុមឈ្មួញដឹកជញ្ជូនឈើគ្រប់ប្រភេទ បានកើតមាននៅតាមដងផ្លូវជាតិលេខ P.R១៧៤ ផ្លូវជាតិលេខ៦៧B និងផ្លូវជាតិលេខ៦៨យ៉ាងគគ្រឹកគគ្រេងតាមរថយន្ដតូចធំជារៀងរាល់យប់ ទោះបីជាមានការបង្ក្រាបពីសំណាក់មន្ដ្រីរដ្ឋបាលព្រៃឈើ និងកងកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នក៏ដោយ ក៏បានត្រឹមតែចាប់ឃាត់ប៉ុណ្ណោះ បន្ទាប់មកស្រាប់តែត្រូវរ៉ូវគ្នាដោះលែងទៅបាត់ស្រមោលមិនថាស្របច្បាប់ ឬមិនស្របច្បាប់នោះទេ ។
ទាក់ទិននឹងរថយន្ដយីឌុបដឹកឈើទាំង២គ្រឿងនេះលោក ឃុន សុភា នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្ដឧត្ដរមានជ័យឱ្យដឹងថា រថយន្ដម៉ាកនីស្សាន់ ពណ៌បៃតងលាយលឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-1131 ដឹកឈើប្រភេទលេខ២ចំនួន៣០ម៉ែត្រគូប ឯរថយន្ដម៉ាកអីុស៊ុយហ្សុ៊យ ពណ៌សលាយខៀវ ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A-0162 ដឹកឈើប្រភេទលេខ២ដែរចំនួន២៩ម៉ែត្រគូប ។
រថយន្ដទាំង២គ្រឿងធ្វើដំណើរចេញពីខេត្ដព្រះវិហារដោយឆ្លងកាត់ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ ហើយត្រូវបានមន្ដ្រីរដ្ឋបាលព្រៃឈើសហការជាមួយអាជ្ញាធរស្រុកត្រពាំងប្រាសាទ និងម្លាំងអាវុធហត្ថស្រុកឃាត់ចាប់កាលពីយប់ថ្ងៃទី១៥ មិថុនា ទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ ។ លោក ឃុន សុភា បញ្ជាក់ថា បន្ទាប់ពីសាកសួរ និងធ្វើកំណត់ហេតុមក ក៏មានអ្នកនាំរថយន្ដនោះនិយាយថា រថយន្ដដឹកឈើនេះមានអន្ដរាគមន៍សុំឱ្យដោះលែង ៕
ចែករំលែកព័តមាននេះ