រាជធានីភ្នំពេញ ៖ គណៈដឹកនាំចលនាសាសនិកអ៊ិស្លាមរបស់គណបក្សប្រជាជនកម្ពុជាកាលពីរសៀលថ្ងៃទី១៥ មិថុនា បានជួបប្រជុំដាក់ផែនការជាយុទ្ធសាស្ត្រត្រៀមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ដើម្បីស្វែងរកសំឡេងឆ្នោតជូនដល់គណបក្សប្រជានកម្ពុជាក្រោមអធិបតីភាពលោកឧកញ៉ាអូស្មាន ហាស្សាន់ ប្រធានគណៈដឹកចលនាសាសនិកអ៊ិស្លាមរបស់គណបក្សប្រជាជនកម្ពុជានិងលោកជំទាវ ។
ពិធីនេះបានរៀបចំឡើងនៅមជ្ឈមណ្ឌលម៉ូឌែន៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណៈចលនាសាសនិកអ៊ិស្លាម របស់គណបក្សប្រជាជនកម្ពុជារាជធានី -ខេត្ត ក្រុង-ស្រុក ខណ្ឌទូទាំងប្រទេសយ៉ាងច្រើនកុះករ ។
លោកឧកញ៉ាអូស្មាន ហាស្សាន់ បានឱ្យដឹងថា ដើម្បីដណ្តើមបានជ័យជម្នះឱ្យលើសលប់ថ្នាក់ដឹកនាំគណៈដឹកនាំចលនាសាសនិកអ៊ិស្លាមរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវយកចិត្តទុកដាក់ និងត្រៀមលក្ខណៈសម្បត្តិទុកជាមុនដង្ហែជាក្បួន ស្វែងរកសំឡេងឆ្នោតនៅថ្ងៃទី២៨ កក្កដាខាងមុខនេះ ។
លោកឧកញ៉ាបានឱ្យដឹងថា ការដង្ហែជាក្បួននេះត្រូវធ្វើឡើងនៅទូទាំង២៤រាជធានី-ខេត្ត នៅទូទាំងប្រទេសដោយបែងចែកជា៧ក្រុមហើយមានអ្នកដឹកនាំជាប្រធានតំបន់នោះ និងត្រូវមានការសហការគ្នាជាមួយគណៈបក្សមូលដ្ឋាន ។ ដូច្នេះសូមថ្នាក់ដឹកនាំគណៈចលនាសាសនិកអ៊ិស្លាមរបស់គណបក្សប្រជាជនទាំងអស់ត្រូវយកចិត្តទុកដាក់ណែនាំ ដល់ប្រជាពលរដ្ឋអ៊ិស្លាមនៅមូលដ្ឋាន បំផុសចលនាឱ្យពួកគាត់យល់កាន់តែច្បាស់ ហើយនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។
លោកឧកញ៉ាអូស្មាន ហាស្សាន់ ក៏បានរំលឹកពីរបបប៉ុល ពត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ដែលប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសត្រូវបានគេកាប់សម្លាប់ និងបំបាត់សិទ្ធិសេរីភាព បំបាត់សាសនា ពេលនោះមានតែគណបក្សប្រជាជនកម្ពុជា ដែលបានក្រោកឡើងតស៊ូរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋឱ្យរស់រានមានជីវិត និងបង្កើតឱ្យមានសាសនាឡើងវិញ និងដឹកនាំប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសទៅទៀតបងប្អូនអ៊ិស្លាមយើង ហើយសម្តេចបានចូលរួមសូត្រគម្ពីរអាល់គួរអានទៀត ។ នេះជាមោទនភាពណាស់សម្រាប់បងប្អូនអ៊ិស្លាមកម្ពុជា ដែលមានភ័ព្វវាសនារស់នៅយ៉ាងសុខសាន្ត ។
លោកឧកញ៉ាក៏បានបញ្ជាក់ថា យើងទាំងអស់គ្នាត្រូវដឹងគុណអ្នកដែលជួយសង្គ្រោះយើងទាំងអស់ ស្របតាមព្រះបន្ទូលរបស់ព្រះអល់ឡោះដែលមានន័យថា «ប្រសិនបើពួកអ្នកបានសម្តែងការដឹងគុណ យើងប្រាកដជានឹងថែមទៅពួកអ្នកទៀត ហើយប្រសិនបើពួកអ្នកអជំនឿ រមិលគុណ ការពិតទណ្ឌកម្មរបស់យើងគឺពិតជារឹងត្អឹងបំផុត » ។
ដូច្នេះដើម្បីតបស្នងសងគុណអ្នកដែលសង្គ្រោះយើងទាំងអស់គ្នា ត្រូវនាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីសន្តិភាព និងការអភិវឌ្ឍ ។ នៅក្នុងឱកាសនោះលោកឧកញ៉ាអូស្មាន ហាស្សាន់ និងលោកជំទាវក៏បានជួយឧបត្ថម្ភថវិកាចំនួន១១.២៣៤ .០០០រៀល ដល់ថ្នាក់ដឹកនាំអ៊ិស្លាមរបស់គណបក្សប្រជាជនចំនួន៣៤៧នាក់ ទូទាំងប្រទេសដើម្បីធ្វើដំណើរផងដែរ ៕
ចែករំលែកព័តមាននេះ