ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផាន់ ​គ្រាន់​ ​និង​​ចាន់​ ​ស៊ី​ណាត​ ​សម្រេច​​ការ​​សង​​សឹក​​ព្រម​​គ្នា​​នៅ​​សង្វៀន​​បឹង​​ស្នោ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ការប្រកួត​លើក​ទី​២​ រវាង​កីឡាករ​សង​សឹក​ពីរ​គូ​នៅ​សង្វៀន​បឹង​ស្នោ​ កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បង្ហាញ​លទ្ធ​ផល​ដូចការ​គ្រោង​ទុក​មែន​ថា​ កីឡាករ​ដែល​ធ្លាប់​ចាញ់​កាល​ពី​លើក​មុន​បាន​ក្លាយ​ជាអ្នក​ឈ្នះ​វិញ​ម្តង ។​ ​កីឡា​ករ​ ផាន់ គ្រាន់​ ដែល​ធ្លាប់​ចាញ់​កីឡាករ​ សារឿន​ ចាន់​ និង​កីឡាករ​ ចាន់​ ស៊ីណាត ដែល​ធ្លាប់​ចាញ់​កីឡាករ​ ស៊ឹម​ ប៊ុនឆៃ បាន​ទទួល​ជោគ​ជ័យ​គួរ​ឱ្យ​សរសើរ​ក្នុង​ផែនការ​សង​សឹក

រាជ​ធានី​ភ្នំពេញ ៖ ការប្រកួត​លើក​ទី​២​ រវាង​កីឡាករ​សង​សឹក​ពីរ​គូ​នៅ​សង្វៀន​បឹង​ស្នោ​ កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បង្ហាញ​លទ្ធ​ផល​ដូចការ​គ្រោង​ទុក​មែន​ថា​ កីឡាករ​ដែល​ធ្លាប់​ចាញ់​កាល​ពី​លើក​មុន​បាន​ក្លាយ​ជាអ្នក​ឈ្នះ​វិញ​ម្តង ។​ ​កីឡា​ករ​ ផាន់ គ្រាន់​ ដែល​ធ្លាប់​ចាញ់​កីឡាករ​ សារឿន​ ចាន់​ និង​កីឡាករ​ ចាន់​ ស៊ីណាត ដែល​ធ្លាប់​ចាញ់​កីឡាករ​ ស៊ឹម​ ប៊ុនឆៃ បាន​ទទួល​ជោគ​ជ័យ​គួរ​ឱ្យ​សរសើរ​ក្នុង​ផែនការ​សង​សឹក បើ​ទោះ​ជា​លទ្ធ​ផល​នោះ​ស្ថិត​ក្នុង​ភាព​ប្រផិត​ប្រផើយ​ខ្លះ ។​

មាន​អ្នក​ដឹង​ច្រើន​មក​ហើយ​ថា​ កីឡាករ​ ផាន់​ គ្រាន់​ មក​ពី​ក្លិប​ព្រះ​ខ័ន​រាជ​ និង​កីឡាករ​ ចាន់​ ស៊ីណាត​ មក​ពី​ក្លិប​និរោធន៍​មាន​ជ័យ​ ធ្លាប់​អាម៉ាស់​មុខ​ក្រោម​ដៃ​កីឡាករ​ សារឿន​ ចាន់​ មក​ពី​ក្លិប​សម្រែក​រាជ​សីហ៍​បង្ក្រាប​គ្រឿង​ញៀន​ និង​​កីឡាករ​ ស៊ឹម​ ប៊ុន​ឆៃ​ មក​ពី​ក្លិប​ព្រៃ​ទទឹង​ខេត្ត​បាត់​ដំបង ។​ យោង​តាម​ប្រវត្តិ​ចាស់​នេះ​ ទើប​ម្នាក់​ៗ​មាន​ផ្តល់​សម្រែក​ហ៊ោ​កញ្ជ្រៀវ​គួរ​សម​ បន្ទាប់ពី​កីឡាករ​ដែល​ធ្លាប់​ចាញ់​កាលពី​ពេល​មុន​អាច​បញ្ចេញ​ស្នៀត​វាយ​សម្រុក​ ហើយ​ទទួល​បាន​ជោគ​ជ័យ​លើ​ដៃ​គូ​ចាស់​ព្រម​គ្នា​វិញ ។​

ក្រឡេក​មើល​គូប្រកួត​រវាង​កីឡាករ​ ស៊ឹម​ ប៊ុនឆៃ​ និង​កីឡាករ​ ចាន់​ ស៊ីណាត​ គេឃើញ​ថា​ គ្រាន់​តែ​ដើម​ទឹក​ចូល​មក​ដល់​ភ្លាម​ កីឡាករ​ ចាន់​ ស៊ីណាត​ ដែល​លាក់ទុក​ឆន្ទៈ​សង​សឹក​នោះ​បាន​ស្ទុះ​ចូល​វាយ​ និង​ទាត់​មិន​ដក​ដៃ​-ជើង​ឡើយ​ ដើម្បី​សម្រេច​គោល​ដៅ ។​ ទាំង​ដៃ​ ទាំង​ជើង​កីឡាករ​រូប​នេះ​ហាក់​មិន​ទុក​ឱ្យ​ទំនេរ​សោះ​ ទើប​ជំរុញ​ឱ្យ​ការប្រកួត​របស់​គូ​នេះ​ក្លាយ​ជា​ផ្លេក​បន្ទោរ​បែក​ផ្កា​ភ្លើង​ បន្ទាប់​ពី​កីឡាករ​ ស៊ឹម ប៊ុនឆៃ​ វាយ​បក​វិញ។​ ទោះ​យ៉ាង​ណា​ កីឡាករ​ ចាន់ ស៊ីណាត​ នៅ​តែ​អាច​សង​សឹក​ដូចការ​គ្រោង​ទុក​ បន្ទាប់​ពី​ត្រូវ​គណៈ​កម្មការ​ប្រកាស​ឱ្យ​ឈ្នះ​ពិន្ទុ​ស្រប​តាម​សំឡេង​ភាគ​ច្រើន​នៅ​វគ្គ​ចុង​ក្រោយ​ ។​

ចំពោះ​គូ​សង​សឹក​ទី​២​វិញ​ ជើង​ខ្លាំង​វ័យ​ក្មេង​បង្គោល​ក្រហម​ ផាន់ គ្រាន់​ ដ្បិត​ថា​មិន​សូវ​ស៊ី​ដាច់​ដូច​កីឡាករ ចាន់ ស៊ីណាត​ ដែល​ជា​គូ​សង​សឹក​ទី​១​ ប៉ុន្តែ​សមត្ថ​ភាព​របស់​គេ​ក៏​ធ្វើ​ឱ្យ​ម្នាក់ៗ​កោត​សរសើរ​ផង​ដែរ ។​ ឈាន​ដល់​ទឹកទី​២​ និង​ទី​៣​ កីឡាករ​ សារឿន ចាន់​ ដែលទំនង​ភ័យ​ខ្លួន​ខ្លាច​គូ​ប្រកួតសង​សឹក​បាន​សម្រេច​ បាន​បោះ​ពួយ​កណ្តាប់​ដៃ​ កែង និង​រន្ទះ​ជើង​ផ្ទួនៗ​ ប៉ុន្តែ​នៅ​តែ​ធ្វើ​កីឡាករ​ ផាន់ គ្រាន់​ មិន​បែក​ដូចពេល​ដែល​លោក​ជួប​ប្រកួត​ជាមួយ​កាល​ពី​លើក​មុន​ ។ នៅ ទឹក​ទី​៤​ និង​ទី​៥​ ឱកាស​វាយ​លុក​របស់ ផាន់ គ្រាន់​ កាន់តែ​មាន​សន្ទុះ​ល្អជាង​ដើម​ទី​ បើ​ទោះ​ជា​គេបាន​ទទួល​កណ្តាប់​ដៃ​ កែង និង​ជង្គង់​របស់​កីឡាករ​ សារឿន ចាន់​ ស្ទើរ​ត្រដាប​ត្រដួស​ម្តងៗ​ក៏​ដោយ ។​

រវាងគូ​នេះ​មិន​ត្រឹម​តែ​អ្នក​ទស្សនា​នោះ​ទេ​ដែល​សម្តែង​ការ​អបអរ​ និង​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ សូម្បី​តែ​កីឡាករ​ ផាន់ គ្រាន់​ ខ្លួន​ឯង​ក៏​លោត​ស្ទើរ​ហោះ​ដូចគ្នា​នៅ​ពេល​មាន​ការ​ប្រកាស​ថា​ លោក​គឺ​ជា​អ្នក​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ សារឿន​ ចាន់​ ។​ អ្នកទស្សនា​គ្រប់​គ្នា​លើក​ឡើង​ថា​ វា​មិន​មែន​ជារឿង​ចៃដន្យ​ទេ​ដែល​កីឡាករ​ ផាន់ គ្រាន់ និង​ ចាន់ ស៊ីណាត​ អាច​ស្វែង​រក​លទ្ធ​ផល​សង​សឹក​បាន​សម្រេច​ដូចគ្នា​ ដែល​នេះ​គឺបណ្តាល​មក​ពី​ពួក​គេ​ប្រឹងប្រែង​ហ្វឹក​ហាត់​មុន​ឡើង​រេញ​ ហើយ​វាយ​សម្រុក​បាន​ល្អ​លើ​គូប្រកួត​ ៕​